YouVersion Logo
Search Icon

និក្ខមនំ 11

11
ការ​ព្រមាន​អំពី​គ្រោះ​កាច​ចុង​ក្រោយ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត​មក​លើ​ផារ៉ោន និង​ស្រុក​អេស៊ីព្ទ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ។ កាល​ណា​ស្ដេច​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ ស្ដេច​នឹង​ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ទៅ​ទាំង​អស់។ 2ឥឡូវ​នេះ ចូរ​ប្រាប់​បណ្ដា​‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ថា ម្នាក់ៗ​ត្រូវ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ៗ​ខ្លួន»។ 3ព្រះ‌យេ‌ហូវ៉ា​ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​ប្រកប​ដោយ​គុណនៅ​ចំពោះ​សាសន៍​អេស៊ីព្ទ ម្យ៉ាង​ទៀត លោក​ម៉ូសេ​ជា​មនុស្សដ៏​សំខាន់​នៅ​ចំពោះ​ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន និង​នៅ​ចំ​ពោះ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។
4លោក​ម៉ូសេ​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​កណ្ដាល​អធ្រាត្រ យើង​នឹង​ចេញ​ទៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ។ 5កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្លាប់ ចាប់​តាំង​ពី​កូន​ច្បង​របស់​ផារ៉ោន ដែល​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​ស្រី​បម្រើ​ដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន និង​អស់​ទាំង​កូន​ច្បង​ក្នុង​ហ្វូង​សត្វ​ទៀត​ផង។ 6គេ​នឹង​ស្រែក​ទ្រហោ‌យំ​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដែល​តាំង​ពី​ដើម​មក ហេតុ‌ការណ៍​បែប​នេះ​មិន​ដែល​ធ្លាប់​មាន​ឡើយ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។ 7ប៉ុន្តែ នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ នោះ​សូម្បី​តែ​ឆ្កែ​មួយ​ក្បាល ក៏​មិន​កម្រើក​អណ្ដាត​ទាស់​នឹង​គេ​ឡើយ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​រាប់​សាសន៍​អេស៊ីព្ទ និង​សាសន៍​អ៊ីស្រា‌អែល​ផ្សេង​ពី​គ្នា។ 8ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ​ករុណា នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា "សូម​លោក និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​តាម​លោក អញ្ជើញ​ទៅ​ចុះ!" ក្រោយ​នោះ​មក ទើប​ទូល‌បង្គំ​ចេញ​ទៅ»។ លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។
9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​នឹង​មិន​ស្តាប់​អ្នក​ទេ នោះ​គឺ​ដើម្បី​ឲ្យ​ការ​អស្ចារ្យ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​ក្នុង​ស្រុក​អេស៊ីព្ទ»។ 10លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​នៅ​ចំពោះ​ផារ៉ោន តែ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ​ទេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in