YouVersion Logo
Search Icon

នាង​អេសធើរ 8

8
ព្រះ​នាង​អេសធើរ​សង្គ្រោះ​ពួក​សាសន៍​យូដា
1នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុសប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ព្រោះ​ព្រះ​នាង​អេសធើរ​បាន​ទូល​ស្ដេច​ថា​លោក​ជា​អ្វី​ដល់​ព្រះ‌នាង។ 2ស្ដេច​ក៏​ដោះ​ត្រា​ព្រះ‌ទម្រង់ ដែល​បាន​ដក​ហូត​ពី​ហាម៉ាន មក​ប្រគល់​ជូន​ម៉ា‌ដេកាយ​វិញ ហើយ​ព្រះ​នាង​អេសធើរ​ក៏​តាំង​ម៉ាដេកាយ ឲ្យ​គ្រប់​គ្រង​លើ​ផ្ទះ​របស់​ហាម៉ាន។
3បន្ទាប់​មក ព្រះ​នាង​អេសធើរ​ក៏​ទូល​ស្តេច​ជាថ្មី ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​របស់​ស្ដេច អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​គម្រោង​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់ ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត​ទាស់​នឹង​ពួកសាសន៍​យូដា។ 4កាល​ស្ដេច​ហុច​ដំបង​មាសទៅ​ឲ្យ​ព្រះ​នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ក៏​ក្រោក​ឡើង ហើយ​ឈរ​នៅ​ចំពោះ​ស្តេច។ 5ព្រះ​នាង​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ប្រសិន​បើ​ព្រះករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​រាប់​សេចក្ដី​នេះ​ថា​ជា​គួរគប្បី ហើយ​ខ្ញុំ​ម្ចាស់​ជា​ទី​រីករាយនៅ​ចំពោះ​ព្រះ​ករុណា​មែន សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា​មួយ​ច្បាប់ លុប​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន​ដែល​ហាម៉ាន ជា​កូន​ហាំ‌ម្តា‌ថា សាសន៍​អ័កាក់​បាន​សរសេរ ដោយ​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា នៅ​គ្រប់​ទាំងអាណា​ខេត្ត​របស់​ព្រះ‌ករុណានោះ​ទៅ។ 6ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​ទុក្ខ​វេទនា ដែល​នឹង​កើត​ដល់​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន?» 7ពេល​នោះ ព្រះ‌បាទ​អ័ហា‌ស៊ូរុស​មាន​រាជ​ឱង្ការ​ទៅ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី និង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា៖ «មើល៍ យើង​បាន​ប្រគល់​ផ្ទះ​របស់​ហាម៉ាន​ដល់​ព្រះ​នាង​អេសធើរ ហើយក៏​បាន​ឲ្យ​គេ​ចង​ក​វា​ព្យួរ​នៅ​លើ​បង្គោល​ដែរ ព្រោះ​តែ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា។ 8ឥឡូវ​នេះ ចូរ​សរសេរ​ក្នុង​‌នាម​ស្ដេច ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ ដ្បិតរាជ​បញ្ជា​ដែល​បានចែងក្នុង​‌នាម​ព្រះ​មហាក្សត្រ ក៏​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ នោះ​មិន​អាចលុប​ចោល​បាន​ឡើយ»។
9នៅ​វេលា​នោះ គឺ​ថ្ងៃទី​ម្ភៃ​បី ខែ​ទីបី ជា​ខែ​ជេស្ឋ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​រាជ​បញ្ជា តាម​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​នាយក​តំណាង​ស្ដេច ពួកទេសាភិបាល ហើយ​ពួក​មន្ត្រី​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​អាណា​ខេត្ត ចាប់​តាំង​ពី​ស្រុកឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី គឺ​ដល់​គ្រប់​ទាំង​អាណា​ខេត្ត តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​សាសន៍​យូដា តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ។ 10ម៉ាដេកាយ បាន​សរសេរ​ក្នុង​‌នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ប្រថាប់​ត្រា​ដោយ​ព្រះ​ទម្រង់​រាជ្យ ហើយ​ផ្ញើ​ទៅ​តាម​រយៈ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សេះ​លឿន ជា​ពូជ​ដែល​យក​ពី​ក្រោលរបស់​ស្តេច 11ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្ដេច​អនុ‌ញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បានប្រ​មូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិតរបស់​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សម្លាប់ និង​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ​ដល់​កម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រជា‌ជន​ណា ឬ​អាណា​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន រួម​ទាំង​កូន​ក្មេង និង​ស្ដ្រី ហើយ​ឲ្យ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ 12នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ក្នុង​ថ្ងៃ​មួយ​នោះ​ឯង គឺ​នៅ​ថ្ងៃ​ទី​ដប់​បី ខែទី​ដប់​ពីរ ដែល​ជា​ខែ​ផល្គុន។ 13សំបុត្រ​មួយ​ច្បាប់​ដែល​បាន​សរ‌សេរ​នោះ ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ជា​រាជ‌ក្រឹត្យ ដោយ​ប្រកាស​ប្រាប់​គ្រប់​ទាំង​សាសន៍ គ្រប់​អាណា​ខេត្ត ឲ្យ​ពួក​សាសន៍​យូដា​ប្រុង‌ប្រៀប​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សង‌សឹក​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ 14ដូច្នេះ ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សត្វ​យ៉ាង​លឿន ជា​សត្វ​ដែល​ប្រើ​ក្នុង​រាជ​កិច្ច​រប​ស់​ស្តេច គេ​រួស‌រាន់​ចេញ​ទៅ ដោយ​ប្រញាប់‌ប្រញាល់ មាន​ទាំង​រាជ​បញ្ជា​របស់​ស្តេច​បង្ខំ​ផង ហើយ​គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះ​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។
15ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។ 16ពួក​សាសន៍​យូដា​មាន​ចិត្ត​ធូរ​ស្រាល រីក‌រាយ​សប្បាយ ហើយ​មាន​កិត្តិយស 17នៅ​តាម​អាណា​ខេត្ត និង​នៅ​តាម​ទី​ក្រុង នៅ​កន្លែង​ណា​ដែល​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​ពួក​សាសន៍​យូដា​ក៏​មាន​អំណរ​សប្បាយ មាន​ការ​ជប់‌លៀង និង​មាន​ថ្ងៃ​ឈប់​សម្រាក ក៏​មាន​សាសន៍​ដទៃ​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ព្រោះគេ​ភ័យ​ខ្លាចដល់​សាសន៍​យូ​ដា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in