YouVersion Logo
Search Icon

នាង​អេសធើរ 6

6
ស្ដេច​លើក​មុខ​លោក​ម៉ាដេកាយ
1នៅ​វេលា​យប់​ថ្ងៃ​នោះ ស្ដេច​ផ្ទំ​មិន​លក់​សោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវ‌ភៅ ដែល​មាន​កត់​ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់​ៗមក គឺ​សៀវ‌ភៅ​កំណត់​ត្រា​ប្រវត្តិ‌សាស្ត្រ រួច​គេ​ក៏​អាន​ថ្វាយ​ស្តេច។ 2ក្នុង​សៀវ​ភៅ​នោះ​មាន​កត់‌ត្រា​ទុក​ពី​ដំណើរ​ដែល​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន និង​ថេរែស ជា​មហា‌តលិក​ពីរ​រូប ក្នុង​ចំណោម​ពួក​ឆ្មាំ​ទ្វារ​របស់​ស្តេច ដែល​រក​ឱកាស​ធ្វើ​គុត ព្រះ‌បាទ​អ័ហា‌ស៊ូរុស។ 3ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​បាន​ដំឡើង​បុណ្យ​ស័ក្ដិ ឬ​លើក​កិត្តិ‌យស​អ្វី​ខ្លះ​ដល់​លោក​ម៉ា‌ដេកាយ សម្រាប់​ការ​នេះ?» ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្តេច ទូល​ថា៖ «មិន​បាន​ធ្វើ​អ្វី​ដល់​គាត់​ទាល់​តែ​សោះ»។ 4ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​ណា​នៅ​ដើរ​ក្នុង​ទី‌ធ្លា​នោះ?» ពេល​នោះ ហាម៉ាន​ទើប​នឹង​មក​ដល់​ទី‌ធ្លា​ខាង​ក្រៅ​រាជ​ដំណាក់ ដើម្បី​ទូល​សូម​ស្តេច​យក​ម៉ា‌ដេកាយ​ទៅ​ព្យួរក​នៅ​លើ​បង្គោល​ដែល​លោក​បាន​រៀប​ចំ។ 5ដូច្នេះ ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទី‌ធ្លា​នោះ»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​លោក​ចូល​មក​ចុះ!» 6ហាម៉ាន​ក៏​ចូល​មក ហើយ​ស្ដេច​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្តេច​ចង់​លើក​មុខ?» ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា៖ «ក្រៅ​ពី​អញ តើ​មាន​អ្នក​ណា​ដែល​ស្ដេច​ចង់​លើក​មុខ​ឲ្យ​នោះ?» 7ដូច្នេះ ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ​នោះ 8ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​គ្រង និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ជា​សេះ​ដែល​មាន​មកុដ​រាជ្យ​នៅ​ក្បាល​នោះ​មក។ 9សូម​ប្រគល់​ព្រះ​ពស្ត្រា​រាជ្យ និង​សេះ​នោះ​ជូន​មន្ត្រី​ម្នាក់ ជា​អ្នក​វិសេស​បំផុត​របស់​ព្រះ​ករុណា ហើយ​ឲ្យ​គេ​បំពាក់​ដល់​អ្នក​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ​នោះ រួច​ឲ្យ​គេ​បញ្ជិះ​អ្នក​នោះ​នៅ​លើ​ខ្នង​សេះ ដង្ហែ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង ទាំង​ស្រែក​ប្រកាស​នៅ​មុខ​អ្នក​នោះ​ថា "អ្នក​ដែល​ព្រះ​រាជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ គឺ​នឹង​បាន​ដូច្នេះ​ឯង!"»។ 10ដូច្នេះ ស្ដេច​មាន​រាជ​ឱង្ការ​បង្គាប់​ហាម៉ាន​ថា៖ «ចូរ​ប្រញាប់​ទៅ​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ ដូច​ជា​ពាក្យ​លោក​មាន​ប្រសាសន៍​នេះ​ចុះ ហើយ​ធ្វើ​ដូច្នោះ​ចំពោះ​លោក​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង​នោះទៅ។ សូម​ធ្វើ​តាម​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​កុំ​ឲ្យ​ចន្លោះ​អ្វី​ឡើយ»។ 11ដូច្នេះ ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ​នោះមក ហើយ​បំពាក់​ឲ្យ​ម៉ា‌ដេកាយ បញ្ជិះ​គាត់​បណ្តើរ​កាត់​តាម​ទីធ្លា​ក្រុង ទាំង​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា «អ្នក​ដែល​ព្រះ​រាជា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ គឺ​នឹង​បាន​ដូច្នេះ​ឯង!»។
12បន្ទាប់​មក ម៉ា‌ដេកាយ​វិល​ត្រឡប់​ទៅ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ហាម៉ាន​ប្រញាប់‌ប្រញាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ទាំង​សោក‌សៅ ហើយ​ឃ្លុំ​ក្បាល។ 13ហាម៉ាន​រៀប​រាប់​ប្រាប់​សេរែស ជា​ប្រពន្ធ និង​មិត្ត​សម្លាញ់​របស់​លោក​ទាំង​ប៉ុន្មាន ពី​អស់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើតឡើង​ចំពោះ​លោក។ ពេល​នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក និង​សេរែស​ជា​ប្រពន្ធ ពោល​ទៅកាន់​លោក​ថា៖ «ប្រសិន‌បើ​ម៉ា‌ដេកាយ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​ផ្ដើម​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​ពុំ​អាចឈ្នះ​គាត់​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ប្រាកដ»។
ហាម៉ាន​ធ្លាក់​ចុះ ម៉ា‌ដេកាយ​ឡើង​យស​ស័ក្ដិ
14កាល​គេ​កំពុង​និយាយ​ជា‌មួយ​លោក​នៅ​ឡើយ នោះ​ពួក​មហា‌តលិក​របស់​ស្តេច​ក៏​មក​ដល់ ហើយ​ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេធើរ​បាន​រៀបចំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in