សាស្តា 6
6
ភាពជ្រួលច្រាលនៃចិត្តប្រាថ្នាចង់បាន
1មានការអាក្រក់មួយទៀត ដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ 2គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ មានធនធាន និងកិត្តិយស។ ហេតុនោះ គេមិនខ្វះខាតអ្វីឡើយ មានគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បាន តែព្រះមិនប្រទានឲ្យមានអំណាចអាចបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ណាស់។ 3ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។ 4ដ្បិតវាកើតមកជាឥតប្រយោជន៍ ហើយក៏បាត់ទៅក្នុងសេចក្ដីងងឹត ឯឈ្មោះក៏គ្របបាំងដោយងងឹតដែរ 5មួយទៀត វាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងម្នាក់នោះ។ 6អើ ទោះបើអ្នកនោះរស់នៅមួយពាន់ឆ្នាំ ឬថាទ្វេជាពីរផង តែឥតដែលមានសេចក្ដីល្អសោះ តើទាំងអស់មិនចុះទៅកន្លែងតែមួយទេឬ?
7អស់ទាំងកិច្ចការរបស់មនុស្សសុទ្ធតែសម្រាប់មាត់ខ្លួនទេ បើទុកជាដូច្នោះ គង់តែមិនចេះឆ្អែតផង។ 8ដ្បិតមនុស្សមានប្រាជ្ញា តើមានអ្វីលើសជាងមនុស្សល្ងីល្ងើយ៉ាងណា? ឬមនុស្សទាល់ក្រ តើមានអ្វីលើសជាងគេបានជាអាចដើរនៅចំពោះមនុស្សមានជីវិតរស់ដូច្នេះ? 9ការដែលមើលឃើញដោយភ្នែក វិសេសជាងមានចិត្តប៉ងដែលសាវា។ នេះក៏ជាការឥតប្រយោជន៍ដែរ ហើយដូចជាដេញចាប់ខ្យល់ ។
10របស់អ្វីៗដែលមានស្រាប់ មានឈ្មោះតាំងពីយូរមកហើយ ក៏មិនដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ។ 11មានសេចក្ដីជាច្រើនមុខ ដែលនាំឲ្យការឥតប្រយោជន៍ចម្រើនកើនឡើង ដូច្នេះ តើមនុស្សបានផលប្រយោជន៍អ្វីខ្លះ? 12ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសម្រាប់មនុស្សក្នុងជីវិតនេះ គឺក្នុងអស់ទាំងថ្ងៃនៃអាយុដ៏ឥតប្រយោជន៍ ដែលរស់នៅដូចជាស្រមោលនេះ តើអ្នកណាអាចនឹងប្រាប់ដល់មនុស្សបាន អំពីអ្វីៗដែលនឹងកើតមកក្រោយខ្លួននៅក្រោមថ្ងៃនេះ?
Currently Selected:
សាស្តា 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies