YouVersion Logo
Search Icon

ចោទិយ‌កថា 8

8
ការ​ទូន្មាន​កុំ​ឲ្យ​ភ្លេច​ព្រះ​នៅ​ពេល​ចម្រុង​ចម្រើន
1«អស់​ទាំង​បទ​បញ្ជា​ដែលខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​អ្នក​រាល់គ្នា​ត្រូវ​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ និង​ចម្រើន​គ្នា​ជា​ច្រើន​ឡើង ឲ្យ​បាន​ចូល​ទៅកាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​បុព្វ​បុរស​របស់​អ្នករាល់​គ្នា។ 2ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។ 3ព្រះ‌អង្គ​បាន​បន្ទាប​ចិត្ត​អ្នក ហើយ​ឲ្យ​អ្នក​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​អ្នក​ដោយ​នំ​ម៉ាណា ដែលអ្នក និង​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​មក​ដែរ ។ 4សម្លៀក‌បំពាក់​របស់​អ្នក​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​របស់​អ្នក​ក៏​មិន​បាន​ពង​ដែរ ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​នេះ។ 5ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​វាយ​ផ្ចាល​កូន​របស់​ខ្លួន។ 6ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។ 7ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ 8ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ជាស្រុកដែល​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ 9ជា​ស្រុក​ដែល​អ្នក​នឹង​បរិ‌ភោគ​នំប៉័ង ដោយ​មិន​រិត‌ត្បិត អ្នក​នឹង​មិន​ខ្វះ‌ខាត​អ្វី​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង។ 10អ្នក​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទានឲ្យ​អ្នក។
11ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ 12ពេល​អ្នក​បរិ‌ភោគ​ឆ្អែតស្កប់​ស្កល់ ហើយ​បាន​សង់​ផ្ទះ​យ៉ាង​ល្អជា​លំនៅ 13ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម​ចម្រើន​ជា​ច្រើន​ឡើង មាន​ប្រាក់ និង​មាស​ក៏​ចម្រើន​ជាច្រើន​ឡើង ហើយ​គ្រប់​ទាំង​របស់​អ្នក​ក៏​ចម្រើន​ជាច្រើន​ឡើង 14នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ 15ព្រះ‌អង្គ​បាន​នាំ​អ្នក​ដើរ​កាត់​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ឲ្យ​ស្ញែង‌ខ្លាច ជា​កន្លែង​ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត​ឲ្យ​អ្នក 16ព្រះ‌អង្គ​បាន​ចិញ្ចឹម​អ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាណា​ដែល​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌ល​អ្នក ប្រយោជន៍​នឹង​ប្រោស​ឲ្យអ្នក​បាន​សេចក្ដី​ល្អ​នៅ​ចុង​បំផុត ។ 17ចូរ​ប្រយ័ត្ន​ក្រែង​អ្នក​នឹក​ក្នុង​ចិត្ត​ថា "ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ទាំង​នេះ គឺ​ដោយ​សារឥទ្ធិ‌ឫទ្ធិ និង​កម្លាំង​ដៃ​របស់​ខ្ញុំ"។ 18ផ្ទុយ​ទៅ​វិញ ត្រូវ​នឹកចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​អ្នក​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​បញ្ជាក់​សេចក្ដី‌សញ្ញា ដែលព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស ដូច​មាន​នៅ​ថ្ងៃ​នេះ។ 19តែ​ប្រសិន‌បើ​អ្នក​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ និ​ង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ នោះ​ខ្ញុំសូម​ព្រមាន​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។ 20អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​កំពុង​ធ្វើ​ឲ្យ​វិនាស​នៅ​មុខអ្នក​ដូច្នោះ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy