YouVersion Logo
Search Icon

ដានី‌យ៉ែល 4

4
សុបិន​លើក​ទី​ពីរ​របស់​ព្រះ‌បាទ​នេប៊ូក្នេសា
1 ព្រះ​បាទ​នេប៊ូ‌ក្នេសា​ទ្រង់​ប្រកាស​ដល់​ប្រជា‌ជន​ទាំង​អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែន‌ដី​ទាំង​មូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូរ! 2យើង​យល់​ឃើញ​ថា គួរ​តែ​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។
3ទី​សម្គាល់​របស់​ព្រះ‌អង្គ​ធំ​ណាស់
ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ក៏​មាន​អានុ‌ភាព​ដែរ!
រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា‌និច្ច
ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ក៏​នៅ​គង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។
4 យើង នេប៊ូ‌ក្នេសា កំពុង​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចម្រើន​នៅ​ក្នុង​រាជ‌វាំង​របស់​យើង។ 5យើង​បាន​សុបិន​ឃើញ ដែល​ធ្វើ​ឲ្យ​យើង​តក់​ស្លុត ហើយ​គំនិត​ដែល​យើង​នឹក​គិត​នៅ​ក្នុង​ដំណេក និង​និមិត្ត​ក្នុង​គំនិត​របស់​យើង ក៏ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ 6ដូច្នេះ យើង​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​សុបិន​និមិត្ត​នោះ​ប្រាប់​យើង។ 7ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។ 8នៅ​ទី​បំផុត ដានី‌យ៉ែល (ដែ​ល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​របស់​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន) បាន​ចូល​មក​ចំពោះ​យើង ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​លោក​ថា 9"ឱ​បេល‌ថិស្សា‌សារ ជា​មេ​នៃ​ពួក​គ្រូ​មន្ត‌អាគម​អើយ ដោយ​ព្រោះ​យើង​ដឹង​ថា វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន ហើយ​ថា គ្មាន​អាថ៌‌កំបាំង​ណា​ដែល​ពិបាក​ពេក​សម្រាប់​លោក​ឡើយ សូម​លោក​ប្រាប់​ពី​និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន ហើយ​កាត់​ស្រាយ​ប្រាប់​យើង​ផង។
10និមិត្ត​ដែល​យើង​ឃើញ​ក្នុង​គំនិត​នៅ​លើ​ដំណេក
គឺ​យើង​ឃើញ​ដូច្នេះ
មាន​ដើម​ឈើ​មួយ​មាន​កម្ពស់​យ៉ាង​ក្រៃ‌លែង
នៅ​កណ្ដាល​ផែន‌ដី
11ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ
ចុង​របស់​វាលូត​ទៅ​ដល់​ផ្ទៃ​មេឃ
ហើយ​ក៏​មើល​វា​ឃើញ
រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល។
12ស្លឹក​ឈើ​នោះ​ល្អ​ស្រស់
ហើយ​មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូរ
សម្រាប់​ជា​អាហារ​ដល់​មនុស្ស​ទាំង​អស់។
សត្វ​ទាំង​ឡាយ​នៅ​ទី​វាល
បាន​មក​ជ្រកកោន​ក្រោម​ម្លប់​របស់​វា
សត្វ​ហើរ​លើ​អាកាស​ទំ​នៅ​តាម​មែក​របស់​វា
ហើយ​សត្វ​លោក​ទាំង​អស់
បាន​អាហារ​ចិញ្ចឹម​ជីវិត​ពី​ដើម​ឈើ​នេះ។
13និមិត្ត​ដែល​យើង​បាន​ឃើញ​ក្នុង​គំនិត កាល​នៅ​លើ​ដំណក​នោះ យើង​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក។ 14លោក​បាន​ប្រកាស​ដោយ​សំឡេង​ខ្លាំង​ៗ​ថា៖
ចូរ​កាប់​រំលំ​ដើម​ឈើនេះ
ហើយ​លួស​មែក​វា​ចោល​ទៅ
ចូរ​លះ​ស្លឹក​របស់​វាចេញ
ហើយ​កម្ចាត់​កម្ចាយ​ផ្លែ​របស់​វា​ផង។
ចូរ​ឲ្យ​សត្វ​ទាំង​ឡាយ​ចេញ​ពី​ក្រោម​ម្លប់​របស់​វា
ហើយ​ឲ្យ​សត្វ​ស្លាប​ហើរ​ចេញ​ពី​មែក​វា​ដែរ។
15ប៉ុន្តែ ត្រូវ​ឲ្យ​ទុក​គល់ និង​ឫសរបស់​វា​នៅ​ក្នុង​ដី
ហើយ​យក​វ័ណ្ឌ​ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ
ទុក​ចោល​នៅ​វាល​ស្មៅ​ទៅ។
ត្រូវ​ទុក​ឲ្យវា​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ
ហើយ​ឲ្យវា​មាន​ចំណែក​ជា‌មួយ
សត្វ​ស៊ី​ស្មៅ​នៃ​ផែន​ដី​ផង។
16ត្រូវ​ឲ្យ​គំនិត​វា​ផ្លាស់​ប្រែ​លែង​មាន​គំនិត​ជា​មនុស្ស
ហើយ​ឲ្យ​វា​មាន​គំនិត​ជា​សត្វ​វិញ
ត្រូវ​ឲ្យ​វា​នៅ​យ៉ាង​នោះ
ដរាប​ដល់​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប។
17ទោស​នេះ​ជា​ការ​សម្រេច​របស់​ពួក​អ្នក​ត្រួត​ពិនិត្យ
ហើយ​សេចក្ដី​សម្រេច​នេះ
ក៏​តាម​បង្គាប់​របស់​ពួក​បរិសុទ្ធ
ប្រ‌យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​រស់​បាន​ដឹង​ថា
ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស
ព្រះ‌អង្គ​ប្រគល់​រាជ្យ​នោះ
ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ
ក៏​តាំង​មនុស្ស​ដែល​ទន់​ទាប​បំផុត​ឡើង
ឲ្យ​គ្រប់‌គ្រង។
18នេះ​ជា​សុបិន​ដែល​យើង​ជា​ស្តេច​នេប៊ូ‌ក្នេសា​បាន​ឃើញ។ ឥឡូវ​នេះ ឱ​បេល‌ថិស្សា‌សារ​អើយ សូម​កាត់​ស្រាយ​ប្រាប់​យើង​ផង ព្រោះ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​ក្នុង​នគរ​យើង មិន​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ទេ គឺ​មាន​តែ​លោកម្នាក់​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​បាន ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​ក្នុង​ខ្លួន"»។
ដានីយ៉ែល​បក​ស្រាយ​សុបិន​លើក​ទីពីរ
19ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ! 20ដើម​ឈើ​ដែល​ព្រះ​ករុណា​បាន​ឃើញ​ដុះ​ឡើង​យ៉ាង​ធំ ហើយ​មាំ ដែល​មាន​ចុង​លូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​មើល​វា​ឃើញ​រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល 21ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក 22បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។ 23ឯ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​អ្នក​ត្រួត​ពិនិត្យ​មួយ​រូប គឺ​អ្នក​បរិសុទ្ធ​មួយ​រូប ចុះ​ពី​ស្ថាន‌សួគ៌​មក ហើយ​ពោល​ថា "ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​របស់​វា​នៅ​ក្នុង​ដី ហើយ​យក​វ័ណ្ឌ‌ដែក និង​លង្ហិន​ចង​ព័ទ្ធ​ជុំ​វិញ នៅ​កណ្ដាល​វាល​ស្មៅ ឲ្យ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​សត្វ​នៅ​ទីវាល រហូត​ទាល់​តែ​កន្លង​ផុត​ប្រាំពីរ​ខួប" 24បពិត្រ​ព្រះ‌ករុណា សេចក្ដី​កាត់​ស្រាយ​មាន​ន័យ​បែប​នេះ គឺ​ជា​រាជ​បញ្ជា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​កើត​មាន​ដល់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ 25គឺ​ព្រះ​ករុណា​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ទ្រង់​នឹង​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​ផុត​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះ​ករុណា​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ 26ឯ​ដំណើរ​ដែល​បញ្ជា​ឲ្យ​ទុក​គល់ និង​ឫស​នៃ​ដើម​នោះ គឺ​ថា រាជ្យ​របស់​ព្រះ​ករុណា​នឹង​ត្រូវ​ប្រគល់​មក​ព្រះ​ករុណា​វិញ នៅ​ពេល​ទ្រង់​ជ្រាប​ថា ស្ថាន‌សួគ៌​មាន​អំណាច​គ្រប់‌គ្រង។ 27ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ប្រោស​មេត្តា​ទទូល​យោបល់​ទូល‌បង្គំ​ចុះ សូម​ទ្រង់​លះ​បង់​អំពើ​បាប ដោយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត​វិញ ហើយ​លះ​បង់​អំពើ​ទុច្ចរិត​ផង ដោយ​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​ពួក​ក្រីក្រ ដើម្បី​ឲ្យ​ព្រះ​ករុណា​បាន​ចម្រុង​ចម្រើន​យូរ​អង្វែង»។
ព្រះ‌បាទ​នេប៊ូក្នេសា​បាក់​អំនួត
28ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន។ 29កន្លង​មក​បាន​ដប់ពីរ​ខែ កាល​ស្ដេច​កំពុង​យាង​ក្រសាល​ក្នុង​រាជ‌វាំង​នៅ​ក្រុង​បាប៊ី‌ឡូន 30ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​យើង​បានសង់​ទុក​ជា​‌រាជ‌ស្ថាន ដោយ​អំណាច​អានុ‌ភាព​របស់​យើង ហើយ​សម្រាប់​ជា​សិរី‌ល្អ​នៃ​តេជា​‌នុភាព​របស់​យើង​ទេ​ឬ?» 31កាល​ស្តេច​កំពុង​តែ​មាន​រាជ​ឱង្ការ​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រកាស​ប្រាប់​អ្នក​ថា រាជ្យ​បាន​ចេញ​ផុត​ពី​អ្នក​ហើយ 32គេ​នឹង​បណ្តេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក អ្នក​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​នៅ​ទីវាល គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ ដរាប​ដល់​បាន​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប ទាល់​តែ​អ្នក​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។ 33រំពេច​នោះ ពាក្យ​នោះ​ក៏​បាន​សម្រេច​ដល់​ព្រះ​បាទ​នេប៊ូ‌ក្នេសា​មែន គឺ​ទ្រង់​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​សោយ​ស្មៅ​ដូច​គោ ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ទាល់​តែ​ព្រះ‌កេសា​របស់​ស្ដេច​ដុះ​វែង ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​ប្រៀប​ដូច​ជា​ក្រចក​សត្វ​ស្លាប។
ព្រះ‌បាទ​នេប៊ូក្នេសា​សរសើរ​តម្កើង​ព្រះ
34លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។
យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត
ហើយ​សរសើរ និង​លើក​តម្កើង
ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។
ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
ហើយ​រាជ្យ​របស់​ព្រះ‌អង្គ
ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។
35មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី
រាប់​ដូច​ជា​គ្មាន​អ្វី​សោះ
ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ
ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌
ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី
គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?"
បាន​ឡើយ។
36នៅ​ពេល​នោះ ស្មារតី​របស់​យើង​ក៏វិល​មក​រក​យើង​វិញ ឯ​សិរី‌ល្អ​នៃ​រាជ្យ​របស់​យើង ហើយ​តេជា​នុភាព ព្រម​ទាំង​ភាព​ថ្កុំ​ថ្កើង​របស់​យើង ក៏​វិល​មក​រក​យើង​វិញ​ដែរ។ ពួក​ទី​ប្រឹក្សា និង​ពួក​សេនាបតី បាន​ស្វែង​រក​យើង គេ​តាំង​យើង​ក្នុង​រាជ្យ​របស់​យើង​ឡើង​វិញ ហើយ​អំណាច​យើង​ក៏​កាន់​តែ​ធំឡើង​ថែម​ទៀត។ 37ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌
ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ
សុទ្ធ​តែ​ពិត​ត្រង់
ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
ក៏​យុត្តិ‌ធម៌​ដែរ
ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត
ដោយ​ចិត្ត​អំនួត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in