កូឡុស 1
1
សេចក្ដីផ្ដើម
1ប៉ុល ជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ តាមព្រះហឫទ័យរបស់ព្រះ និងធីម៉ូថេ ជាបងប្អូនយើង 2សូមជម្រាបមកពួកបរិសុទ្ធ និងពួកបងប្អូនដ៏ស្មោះត្រង់ក្នុងព្រះគ្រីស្ទ ដែលនៅក្រុងកូឡុស។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង។
លោកប៉ុលអរព្រះគុណសម្រាប់អ្នកក្រុងកូឡុស
3ពេលអធិស្ឋានឲ្យអ្នករាល់គ្នា យើងខ្ញុំតែងអរព្រះគុណដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជានិច្ច 4ដ្បិតយើងខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាដល់ព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់ 5ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ 6ដែលបានមកដល់អ្នករាល់គ្នា។ ដំណឹងល្អនេះកំពុងតែបង្កើតផល ហើយចម្រើនឡើងដល់ពិភពលោកទាំងមូល ដូចបានបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណរបស់ព្រះយ៉ាងពិតប្រាកដ 7តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាស ជាអ្នកបម្រើស្ងួនភ្ងាជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ សម្រាប់អ្នករាល់គ្នា 8ហើយគាត់បានប្រាប់ឲ្យយើងដឹង អំពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាដោយព្រះវិញ្ញាណ។
9ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ 10ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ 11សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ 12ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមត៌កក្នុងពួកបរិសុទ្ធ នៅក្នុងពន្លឺ។ 13ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ 14យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
ភាពខ្ពង់ខ្ពស់បំផុតរបស់ព្រះគ្រីស្ទ
15ព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញ ជាកូនច្បងនៃអ្វីៗទាំងអស់ ដែលព្រះបានបង្កើតមក 16ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ 17ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។ 18ព្រះអង្គជាសិរសារបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គបានធ្វើជាប្រមុខក្នុងគ្រប់ទាំងអស់ 19ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងព្រះអង្គ 20ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
21រីឯអ្នករាល់គ្នា ដែលពីដើមត្រូវឃ្លាតឆ្ងាយ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយសារអំពើអាក្រក់ 22ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ 23ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។
លោកប៉ុលយកចិត្តទុកដាក់នឹងអ្នកក្រុងកូឡុស
24ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការដែលខ្ញុំរងទុក្ខលំបាក ដោយព្រោះអ្នករាល់គ្នា ហើយទុក្ខវេទនារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយព្រះអង្គ ដែលជាក្រុមជំនុំ។ 25ខ្ញុំបានត្រឡប់ជាអ្នកបម្រើរបស់ក្រុមជំនុំ តាមមុខងារជាអ្នកមើលខុសត្រូវរបស់ព្រះ ដែលបានប្រគល់មកខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះបានពេញលេញ 26ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។ 27ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។ 28យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ 29សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។
Currently Selected:
កូឡុស 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies