YouVersion Logo
Search Icon

កិច្ចការ 8

8
1ឯ​លោក​សុល​ក៏​មាន​ចំណែក​ក្នុង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។
សុល​បៀត​បៀន​ក្រុម​ជំនុំ
នៅ​ថ្ងៃ​នោះ មាន​ការ​បៀត​បៀន​ជា​ខ្លាំង​មក​លើក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក្រុម​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពាស​ពេញ​ស្រុក​យូដា និង​ស្រុក​សា‌ម៉ារី លើក​លែង​តែ​ពួក​សាវក។ 2បុរសៗ​ដែល​គោរព​កោត​ខ្លាច​ព្រះ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ ហើយ​យំ‌សោក​នឹង​លោក​ជា​ខ្លាំង។ 3រីឯ​លោក​សុល​វិញ បាន​ធ្វើ​ទុក្ខ​ក្រុម​ជំនុំ ដោយ​ចូល​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ ហើយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី យក​ទៅ​ដាក់​គុក។
លោក​ភីលីព​ប្រកាស​ដំណឹង​ល្អ​នៅ​សាម៉ារី
4ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ បាន​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រកាស​ព្រះ‌បន្ទូល។ 5លោក​ភីលីព​ចុះ​ទៅ​ទី​ក្រុង​មួយ​នៅ​ស្រុក​សា‌ម៉ារី ប្រកាស​ប្រាប់​គេ​អំពី​ព្រះ‌គ្រីស្ទ 6មហាជន​រួម​ចិត្ត​គ្នា​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សេចក្ដីដែល​លោក​ភីលីព​មាន​ប្រសាសន៍ ដោយ​គេ​ឮ និង​ឃើញ​ទី​សម្គាល់​ដែល​លោក​បាន​ធ្វើ 7ដ្បិត​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើនបាន​ជា។ 8ដូច្នេះ នៅ​ទី​ក្រុង​នោះ​មាន​អំណរជា​ខ្លាំង។
9នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ពី​មុន​ជា​អ្នក​ដែល​នាំ​ឲ្យ​សាសន៍​សា‌ម៉ារី​កោត​សរសើរ ដោយ​ធ្លាប់​ប្រើ​មន្ត​អាគម ទាំង​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ធំ។ 10គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គាត់ ដោយ​ពោល​ថា៖ «អ្នក​នេះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដ៏​ធំ​ហើយ!»។ 11គេ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​គាត់ ព្រោះ​គាត់​សម្តែង​មន្ត​អាគម​ឲ្យ​គេ​ស្ញើច​សរសើរ​យូរ​មក​ហើយ។ 12ប៉ុន្ដែ ពេល​គេ​បាន​ជឿ​តាម​លោក​ភីលីព ដែលបាន​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះរាជ្យ​របស់​ព្រះ និង​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស​ទាំង​ស្រី។ 13ស៊ីម៉ូន​ផ្ទាល់​ក៏​ជឿ​ដែរ ហើយក្រោយ​ពី​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ក៏​នៅ​ជាប់​ជាមួយ​លោក​ភីលីព​រហូត ហើយ​គាត់​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​បាន​កើត​ឡើង។
14កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។ 15លុះ​អ្នក​ទាំង​ពីរ​បាន​ចុះ​ទៅ​ដល់ ក៏​អធិស្ឋាន​ឲ្យ​ពួក​គេដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 16ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​បាន​យាង​ចុះ​មកសណ្ឋិត​លើ​ពួក​គេ​ណា​ម្នាក់​នៅ​ឡើយ​ទេ គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ​ប៉ុណ្ណោះ។ 17ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ 18កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​តាម​រយៈ​ពួក​សាវក​ដាក់​ដៃ​លើ គាត់​ក៏​យក​ប្រាក់​មក​ជូនអ្នក​ទាំង​ពីរ ដោយ​ពោល​ថា៖ 19«សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ»។ 20ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក វិនាស​ជា‌មួយ​អ្នក​ទៅ​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​ប្រាក់​មក​ទិញ​អំណោយ‌ទាន​របស់​ព្រះ​បាន! 21អ្នក​គ្មាន​ភាគ គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ​ទេ។ 22ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​នេះ​ទៅ ហើយ​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់ ក្រែង​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ដែល​មានបំណងបែប​នេះ។ 23ដ្បិត​ខ្ញុំ​ឃើញ​ថា អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ក្នុង​ចំណង​នៃ​អំពើ​ទុច្ចរិត​ដែរ»។ 24លោក​ស៊ីម៉ូន​តប​ថា៖ «សូម​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណាកើត​ឡើង​ដល់​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។
25កាល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់ ហើយ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ ពួក​លោក​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ដំណឹង​ល្អ​ដល់​ភូមិ​ជា​ច្រើន​របស់​សាសន៍​សា‌ម៉ារី។
លោក​ភីលីព និង​អ្នក​កម្រៀវ​សាសន៍​អេធី‌យ៉ូពី
26ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ក្រុង​កាសា​ទៅ»។ នេះ​ជាផ្លូវ​មួយ​ស្ងាត់!។ 27លោក​ក៏​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ។ មាន​សាសន៍​អេធី‌យ៉ូពី​ម្នាក់ ជា​មនុស្ស​កម្រៀវ ជា​មន្ត្រី​របស់​ព្រះនាង​កាន‌ដេស មហា‌ក្សត្រិ‌យានី​របស់​សាសន៍​អេធី‌យ៉ូពី ហើយ​លោក​ជា​អ្នក​គ្រប់​គ្រង​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ព្រះនាង។ លោក​បាន​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​បង្គំ 28ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ហោរា​អេសាយ។ 29ពេល​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «ចូល​ទៅ​កៀក​នឹង​រទេះ​សេះ​នោះ​ទៅ»។ 30លោក​ភីលីព​ក៏​រត់​ចូល​ទៅ ហើយ​ឮ​មន្រ្តី​នោះ​កំពុង​អាន​គម្ពីរ​ហោរា​អេសាយ។ លោក​ភីលីព​សួរ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ឬ​ទេ?» 31មន្ត្រី​នោះ​ឆ្លើយ​ថា៖ «ធ្វើម្ដេចឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​អ្នក​ណា​ពន្យល់​ណែនាំ​ខ្ញុំ​ផង​នោះ?» លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​ជា‌មួយ។ 32បទ‌គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ «ព្រះ‌អង្គ​ត្រូវ​គេ​នាំ​យក​ទៅ​សម្លាប់​ដូច​ជា​ចៀម ដែល​មិន​បាន​ហើប​មាត់​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម។ 33ពេលព្រះ‌អង្គ​ត្រូវ​គេ​បន្ទាប​បន្ថោក គេ​បាន​ដក​សេចក្តី​យុត្តិធម៌​ចេញ​ពី​ព្រះ‌អង្គ​ទៅ។ តើ​អ្នក​ណា​អាច​តំណាល​ពី​ពូជ​ពង្សរបស់​ព្រះ‌អង្គ​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ព្រះ‌អង្គចេញ​ពី​ផែនដី​ហើយ» ។ 34អ្នក​កម្រៀវ​នោះ​សួរ​លោក​ភីលីព​ថា៖ «ខ្ញុំ​សូម​សួរ​លោក តើ​ហោរា​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? អំពី​លោក​ផ្ទាល់ ឬ​អំពី​អ្នកណា​ម្នាក់​ផ្សេង​ទៀត?» 35ពេល​នោះ លោក​ភីលីព​បើក​មាត់ ហើយ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ‌យេស៊ូវដល់​លោក ដោយ​ចាប់ផ្ដើមជាមួយ​បទ‌គម្ពីរ​នោះ។ 36កាល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​ក៏​មក​ដល់​កន្លែង​មាន​ទឹក ហើយ​អ្នក​កម្រៀវ​នោះ​មាន​ប្រសាសន៍​ថា៖ «មើល៍! ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​រាំង​រា​ខ្ញុំ​មិនឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក​ឬ​ទេ?» 37[លោក​ភីលីព​ឆ្លើយ​ថា៖ «បើ​លោក​ជឿ​អស់​ពី​ចិត្ត​មែន លោក​អាច​ទទួល​ពិធី​នេះ​បាន»។ មន្រ្តី​នោះ​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ្យ‌បុត្រា​របស់​ព្រះ»]។ 38លោក​បង្គាប់​ឲ្យ​បញ្ឈប់​រទេះ ហើយ​អ្នក​ទាំង​ពីរ ទាំង​លោក​ភីលីព និង​អ្នក​កម្រៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក រួច​លោក​ក៏​ជ្រមុជ​ទឹក​ឲ្យអ្នក​កម្រៀវ​នោះ។ 39ពេល​គេ​ឡើង​ចេញ​ពី​ទឹក​មកវិញ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ក៏​ឆក់​លោក​ភីលីព​ចេញ​ទៅ​បាត់ អ្នក​កម្រៀវ​មិន​ឃើញ​លោក​ទៀត​ទេ ហើយ​គាត់​ក៏​បន្ត​ដំណើរ​ទៅ​ទាំង​អរ​សប្បាយ។ 40ប៉ុន្តែ លោក​ភីលីព​បាន​ឃើញ​ថា លោក​នៅ​ឯ​ក្រុង​អាសូត លោក​ក៏​ដើរ​ទៅ​ទាំង​ប្រកាស​ដំណឹង​ល្អ​នៅ​អស់​ទាំង​ក្រុង រហូត​ទៅ​ដល់​ក្រុង​សេ‌សារា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in