YouVersion Logo
Search Icon

កិច្ចការ 6

6
ការ​ជ្រើស​រើស​អ្នក​បម្រើ​ប្រាំ​ពីរ​រូប
1នៅ​គ្រា​នោះ កាល​ពួក​សិស្ស​មាន​ចំនួនកើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រអ៊ូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ ព្រោះ​គេ​ធ្វេស​ក្នុង​ការ​ចែក​ចាយ​អាហារ​ប្រចាំ​ថ្ងៃ ដល់​ពួក​ស្ត្រី​មេម៉ាយ​របស់​ខ្លួន។ 2សាវក​ទាំង​ដប់​ពីរ​រូប​ក៏​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ទុក​ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ ទៅ​បម្រើ​តុ​ឡើយ។ 3ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។ 4ឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​ខំ​ព្យាយាម​ក្នុងការ​អធិស្ឋាន និង​ការបម្រើ​ព្រះ‌បន្ទូល​វិញ»។ 5ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។ 6គេ​នាំ​អ្នក​ទាំង​នេះ​មក​ឈរ​នៅ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ហើយ​ដាក់​ដៃ​លើ​គេ។
7ព្រះ‌បន្ទូល​របស់​ព្រះ​ក៏​កាន់​តែ​ចម្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្សកើន​ឡើងយ៉ាង​ច្រើន​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ​យ៉ាង​ច្រើន​លើស​លុប​ក៏​បាន​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។
គេ​ចាប់​ខ្លួន​លោក​ស្ទេផាន
8លោក​ស្ទេផាន ដែល​ពេញ​ដោយ​ជំនឿ និង​ព្រះ‌ចេស្តា បាន​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​ធំ​ៗ នៅ​ក្នុង​ចំណោមប្រ‌ជាជន។ 9ពេល​នោះ មាន​អ្នក​ខ្លះ​មក​ពី​សាលា​ប្រជុំ ដែល​គេ​ហៅថា ក្រុម​សេរីភាព មក​ពី​ស្រុក​គីរេន មក​ពី​ស្រុក​អ័លេ‌ក្សានទ្រា មក​ពី​ស្រុក​គី‌លីគា និង​ស្រុក​អាស៊ី គេ​លើក​គ្នា​ជជែក​ជាមួយ​លោក​ស្ទេផាន។ 10ប៉ុន្ដែ គេ​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​ដោយ​ប្រាជ្ញា និង​ព្រះ‌វិញ្ញាណ​បាន​ឡើយ។ 11ដូច្នេះ គេ​ក៏​អូស​ទាញ​អ្នក​ខ្លះ​ដោយ​សម្ងាត់ ឲ្យ​និយាយ​ថា៖ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និងប្រមាថ​ព្រះ»។ 12អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ប្រជា‌ជន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ហើយ​គេ​នាំ​គ្នា​ចូល​មក​ចាប់​គាត់ បញ្ជូន​ទៅ​ក្រុម‌ប្រឹក្សា។ 13ពួក​គេបាន​រៀប​ចំ​សាក្សី​ក្លែង​ឲ្យ​និយាយ​ថា៖ «ជន​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ 14ដ្បិត​យើង​ខ្ញុំ​បាន​ឮគាត់​និយាយ​ថា ឈ្មោះ​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​នេះ នឹង​បំផ្លាញ​កន្លែង​នេះ​ចោល ហើយ​បំផ្លាស់​បំប្រែ​ទំនៀម​ទម្លាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ទៀត​ផង!» 15អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ទាំង​ប៉ុន្មាន សម្លឹង​មើល​មុខ​លោក​ស្ទេផាន​គ្រប់​គ្នា ហើយ​គេ​ឃើញ​មុខ​របស់​លោក ដូច​ជា​មុខ​ទេវតា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in