YouVersion Logo
Search Icon

២ ថែស្សាឡូនីច 2

2
មនុស្ស​ទទឹង​ច្បាប់
1បង‌ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ត្រូវ​យាង​មក ហើយ​យើង​ត្រូវ​ជួប​ជុំ​នៅ​ចំពោះ​ព្រះ‌អង្គ នោះ​យើង​សូម​អង្វរ​អ្នក​រាល់​គ្នា​ថា 2កុំ​ប្រញាប់នឹង​ជ្រួល​ច្របល់ ឬ​ស្លន់​ស្លោ​ដោយ‌សារ​វិញ្ញាណ​ណា ពាក្យ​សម្ដី​ណា ឬ​សំបុត្រ​ណា ដែល​ទំនង​ជា​មក​ពី​យើង​ក្តី ដែល​ថា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ហើយនោះ​ឡើយ។ 3កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​តាម​វិធី​ណា​ឡើយ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ទេ រហូត​ទាល់​តែ​មាន​ការ​បះ​បោរ​មក​ជា​មុន ហើយ​មនុស្ស​ទទឹង​ច្បាប់​លេច​មក គឺ​ជាកូន​នៃ​សេចក្ដី​វិនាស 4ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។ 5កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​ទាំង​នេះ តើ​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ឬទេ? 6ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដឹង​ថា​អ្វី​ដែល​ឃាត់ឃាំង​វា​ហើយ ដើម្បី​ឲ្យ​វា​បាន​លេច​មក​តាម​ពេល​កំណត់​របស់​វា។ 7ដ្បិត​អាថ៌‌កំបាំង​នៃ​អំពើ​ទទឹង​ច្បាប់ កំពុង​តែ​មាន​សកម្មភាព​ហើយ ប៉ុន្តែ អ្នក​ដែល​ឃាត់​ឃាំង​វានៅ​ពេល​នេះ នឹង​បន្ត​ឃាត់​ឃាំង​រហូត​ត្រឹម​តែ​ពេល​ដែល​ត្រូវ​ថយ​ចេញ​ទៅ​ប៉ុណ្ណោះ។ 8ពេលនោះ អា​ទទឹង​ច្បាប់​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​នឹង​បំផ្លាញ​វា ដោយ​ខ្យល់​ដែល​ចេញពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​វា​វិនាស​ដោយ​រស្មី​ដ៏រុងរឿងនៅ​ពេល​ព្រះ‌អង្គ​យាង​មក។ 9អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ដោយអំណាច​រប​ស់​អារក្ស​សាតាំង ដោយ​ប្រើ​គ្រប់​ទាំង​អំណាច ទី​សម្គាល់ ការ​អស្ចារ្យ​ក្លែង​ក្លាយ 10និង​ដោយ​គ្រប់​ទាំង​ការ​បោក​បញ្ឆោត​ដ៏​អាក្រក់​គ្រប់​បែប​យ៉ាង ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដើម្បី​ឲ្យ​ខ្លួន​បាន​សង្គ្រោះ​ទេ។ 11ហេតុ​នេះ​ហើ​យ​បាន​ជា​ព្រះចាត់​សេចក្ដី​ភាន់​ភាំងដ៏​មាន​អំណាច​មកលើ​គេ បណ្ដាល​ឲ្យ​គេ​ជឿ​តាម​សេចក្ដី​ភូត‌ភរ 12ដើម្បី​ឲ្យ​អស់អ្នក​ណា​ដែល​មិន​ជឿ​តាម​សេចក្ដី​ពិត គឺ​ពេញ​ចិត្ត​តែ​នឹង​អំពី​ទុច្ចរិត ត្រូវ​ទទួល​ទោស។
មនុស្ស​ដែល​ព្រះ​ជ្រើស​រើសដើម្បី​ឲ្យ​បាន​សង្គ្រោះ
13រីឯ​យើង​វិញ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌ជា‌និច្ច អំពី​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ជា​ផល​ដំបូងដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ញែក​ជា​បរិសុទ្ធ និង​ដោយ​សារ​ជំនឿ​តាម​សេចក្ដី​ពិត។ 14ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ដោយ​សារ​ដំណឹង​ល្អ​របស់​យើង គឺ​សម្រាប់គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ 15ដូច្នេះ បង‌ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាមសេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ ទោះ​ដោយ​ពាក្យ​សម្ដី​ផ្ទាល់ ឬ​សំបុត្រ​ក្តី។
16សូម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ​ជា​ព្រះ‌វរ‌បិតាដែល​បាន​ស្រឡាញ់​យើង ហើយ​ប្រទាន​ការ​កម្សាន្ត​ចិត្ត​អស់​កល្ប​ជា‌និច្ច និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ ដោយ​សារ​ព្រះ‌គុណ 17កម្សាន្ត​ចិត្ត​អ្នក​រាល់​គ្នា ព្រម​ទាំងប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​មាំ‌មួន ក្នុង​គ្រប់​ទាំង​ការ​ល្អ​ដែល​អ្នករាល់​គ្នា​ធ្វើ និង​ពាក្យ​សម្ដី​ដែល​អ្នក​រាល់គ្នា​និយាយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy