YouVersion Logo
Search Icon

២ សាំ‌យូ‌អែល 22

22
ទំនុក‌តម្កើង​នៃ​ការ​អរព្រះគុណ​របស់​ព្រះបាទ​ដាវីឌ
1នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​ពី​កណ្ដាប់​ដៃ​របស់​ស្តេច​សូល ព្រះ‌បាទ​ដាវីឌ​បាន​ពោល​ទំនុក​ទូល​ព្រះ‌យេហូវ៉ា​ថា៖
2ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច
3ព្រះ‌អង្គ​ជា​ថ្មដា​នៃ​ទូល‌បង្គំ
ទូលបង្គំ​នឹង​យក​ព្រះ‌អង្គ​ជា​ទី​ពឹង
ព្រះ‌អង្គ​ក៏​ជា​ខែល
ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល‌បង្គំ
ជា​ជម្រក​ដ៏​រឹង​មាំ
និង​ជា​ទី​ជ្រក‌កោន​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​អង្គ​សង្គ្រោះ ដែល​សង្គ្រោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​អំពើ​ឃោរឃៅ។
4ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ដែល​ព្រះ‌អង្គ​គាប់​គួរ​សរសើរ
យ៉ាង​នោះ​ទូល‌បង្គំ​នឹង​បាន​សង្គ្រោះ
ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ​ហើយ។
5ដ្បិត​រលក​នៃ​សេចក្ដី​ស្លាប់​បាន​ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ
អំពើ​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល‌បង្គំ។
6ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
បាន​រុំ​ជុំ​វិញ​ទូល‌បង្គំ
ខ្សែ​រូត​នៃ​សេចក្ដី​ស្លាប់
បាន​ស្ទះ​ផ្លូវ​ទូល‌បង្គំ​ហើយ។
7នៅ​គ្រា​មាន​សេចក្ដី​វេទនា
នោះ​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូល‌បង្គំ
ទ្រង់​ក៏​ឮ​សំឡេង​ទូល‌បង្គំ​ពី​ក្នុង​ព្រះ‌វិហារ
របស់​ព្រះ‌អង្គ
សម្រែក​របស់​ទូល‌បង្គំ
បាន​ឮ​នៅ​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។
8ពេល​នោះ ផែនដី​បាន​ញ័រ​កក្រើក
ឫស​ផ្ទៃ​មេឃ​ក៏​រំពើក
ហើយ​ត្រូវ​រញ្ជួយដោយ​ព្រោះ​ព្រះ‌អង្គ
មាន​សេចក្ដី​ក្រោធ។
9មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ផ្លុំ​ភ្លើង​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ
ហើយ​ក៏​មាន​រងើក​ភ្លើង​ព្រួស​ចេញ​ពី​ព្រះ‌ឧស្ឋ
របស់​ព្រះ‌អង្គ​មក​ដែរ។
10ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ​យាង​ចុះ​មក
មាន​ងងឹត​យ៉ាង​ក្រាស់​នៅ​ក្រោម​ព្រះ‌បាទ
របស់​ព្រះ‌អង្គ។
11ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម​ហោះ​មក
ឃើញ​ព្រះ‌អង្គ​ដូច​ជា​គង់​លើ​ស្លាប​របស់​ខ្យល់។
12ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ព្រះ‌ពន្លា
បាំង​ជុំ​វិញ​ព្រះ‌អង្គ
គឺ​មាន​ពពក​យ៉ាង​ក្រាស់​ពេញ​ដោយ​ទឹក​ផ្ដុំ​គ្នា។
13មាន​ផ្លេក‌បន្ទោរ​ភ្លឺ​ព្រាកៗ​នៅ​ពី​មុខ​ព្រះ‌អង្គ
ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។
14ព្រះ‌យេហូវ៉ា​បាន​បញ្ចេញ​ផ្គរ​ពី​លើ​មេឃ
ព្រះ​ដ៏​ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរ‌សៀង។
15ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​កម្ចាត់​កម្ចាយ​គេ
និង​រន្ទះ​ទៅ​បំបាក់​គេ​ដែរ។
16ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឡើង
ហើយ​ឫស​នៃ​លោកីយ៍​ក៏​បាន​លេច​ឲ្យ​ឃើញ​ដែរ
ដោយ​សារ​ព្រះ‌យេហូវ៉ា​បាន​គំរាម
គឺ​មាន​ខ្យល់​បក់​គំហុក​ចេញ​ពី​ព្រះ‌នាសា
របស់​ព្រះ‌អង្គ។
17ព្រះ‌អង្គ​បាន​ចាត់​ពី​លើ​ស្ថាន​ដ៏​ខ្ពស់
ឲ្យ​មក​ចាប់​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​ស្រង់​ទូល​បង្គំ​ចេញ​ពី​ទឹក​ធំ។
18ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យ៉ាង​ខ្លាំង​របស់​ទូល‌បង្គំ
គឺ​ពី​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
ដ្បិត​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ទូល‌បង្គំ។
19នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​អន្ត‌រាយ
នោះ​គេ​បាន​មក​ស្ទាក់​ផ្លូវ​ទូល‌បង្គំ
តែ​ព្រះ‌យេហូវ៉ា​ជា​ជន្ទល់​នៃ​ទូល‌បង្គំ។
20ព្រះ‌អង្គ​បាន​នាំ​ទូល‌បង្គំ​ចេញ​ទៅ​នៅ​ទី​ធំ​ទូ‌លាយ
ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច
ដោយ​ព្រោះ​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ។
21ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់
តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ
តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។
22ដ្បិត​ទូល‌បង្គំ​បាន​ប្រតិបត្តិ​តាម​ផ្លូវ
របស់​ព្រះ‌យេហូវ៉ា
ហើយ​មិន​ដែល​ឃ្លាត​ចេញ​ពី​ព្រះ​នៃ​ទូល‌បង្គំ
ដោយ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។
23ព្រោះ​គ្រប់​បញ្ញត្តិ​របស់​ព្រះ‌អង្គ
នៅ​ចំពោះ​មុខ​ទូល‌បង្គំ
ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ
របស់​ព្រះ‌អង្គ​ណា​មួយ​សោះ។
24ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​ការ​អាក្រក់​របស់​ទូល‌បង្គំ។
25ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក
តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ
គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ
នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។
26ព្រះ‌អង្គ​សម្ដែង​សេចក្ដី​មេត្តា
ចំពោះ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា
ហើយ​សម្ដែង​សេចក្ដី​គ្រប់​លក្ខណ៍
ចំពោះ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍
27ព្រះ‌អង្គ​សម្ដែង​សេចក្ដី​បរិសុទ្ធ
ចំពោះ​អ្នក​ណា​ដែល​បរិសុទ្ធ
តែ​ព្រះ‌អង្គ​ត​យុទ្ធ​នឹង​មនុស្ស​ក្រវិច‌ក្រវៀន​វិញ។
28ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ដែល​បន្ទាប​ខ្លួន
តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​មើល​ពួក​ឆ្មើង‌ឆ្មៃ
ដើម្បី​បន្ទាប​គេ​ចុះ។
29ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​ជា​ចង្កៀង​នៃ​ទូល‌បង្គំ
ព្រះ‌យេហូវ៉ា​បំភ្លឺ​ក្នុង​ទី​ងងឹត​របស់​ទូល‌បង្គំ។
30ដោយ‌សារ​ពឹង​ដល់​ព្រះ‌អង្គ
នោះ​ទូល‌បង្គំ​អាច​រត់​ចូល​ទៅ​តទល់​នឹង​កង‌ទ័ព
ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ
នោះ​ទូល‌បង្គំ​អាច​លោត​រំលង​កំផែង​បាន។
31ផ្លូវ​របស់​ព្រះ​សុទ្ធ​តែ​គ្រប់​លក្ខណ៍
ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា
បាន​សាក​មើល​ដែរ
ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក​ណា
ដែល​ជ្រក​ក្នុង​ព្រះ‌អង្គ។
32តើ​អ្នក​ណា​ជា​ព្រះ ក្រៅ​ពី​ព្រះ‌យេហូវ៉ា?
ហើយ​តើ​អ្នក​ណា​ជា​ថ្មដា
ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ?
33ព្រះ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​នាំ​ទូល‌បង្គំ​តាម​ផ្លូវ​គ្រប់​លក្ខណ៍។
34ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ទូល‌បង្គំ បាន​ដូច​ជា​ជើង​ក្តាន់
ហើយ​ដាក់​ឲ្យ​ទូល‌បង្គំ​ឈរ​លើ​ទី​ខ្ពស់
របស់​ទូល‌បង្គំ។
35ព្រះ‌អង្គ​បង្ហាត់​ទូល‌បង្គំ
ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង
រហូត​ដល់​ដើម​ដៃ​របស់​ទូល‌បង្គំ​មាន​កម្លាំង
ដើម្បី​ដំឡើង​ធ្នូ​លង្ហិន​បាន។
36ព្រះ‌អង្គ​បាន​ប្រទាន​ខែល​នៃ​ការ​សង្គ្រោះ
របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ
ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ
បាន​លើក​ទូល‌បង្គំ​ឡើង​ជា​ធំ។
37ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជំហាន​របស់​ទូល‌បង្គំ
ទូលាយ​ចេញ​ទៅ
ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ
38ទូល‌បង្គំ​បាន​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ
ហើយ​បំផ្លាញ​ពួក​គេ
ទូល‌បង្គំ​ក៏​មិន​បាន​វិល​មក​វិញ
ទាល់​តែ​គេ​ត្រូវ​វិនាស​អស់​រលីង។
39ទូល‌បង្គំ​បាន​បំផ្លាញ​ពួក​គេ ទាំង​ចាក់​ទម្លុះ​គេ
មិន​ឲ្យ​ក្រោក​ឡើង​វិញ​ឡើយ
ពួក​គេ​បាន​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។
40ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ
ដោយ​កម្លាំង​សម្រាប់​ធ្វើ​ចម្បាំង
ឯ​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូល‌បង្គំ
នោះ​ព្រះ‌អង្គ​បាន​បន្ទន់​គេ
នៅ​ក្រោម​ទូល‌បង្គំ​វិញ។
41ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បែរ​ខ្នង
នៅ​មុខ​ទូល‌បង្គំ
ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាត់​ពួក​អ្នក
ដែល​ស្អប់​ទូល‌បង្គំ​ចេញ។
42គេ​បាន​មើល​ជុំ​វិញ តែ​គ្មាន​អ្នក​ណា​មួយ
សម្រាប់​ជួយ​សង្គ្រោះ​គេ​ឡើយ
ក៏​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា
តែ​ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​មក​សោះ។
43ទូល‌បង្គំ​បាន​វាយ​គេ​ឲ្យ​ខ្ទេច‌ខ្ទី
ដូច​ធូលី​ដី​បាន​ជាន់​ឈ្លី​គេ
ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ ហើយ​កម្ចាត់​កម្ចាយ​អស់​ទៅ។
44ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ
ឲ្យ​រួច​ពី​ការ​ទាស់​ទែង​គ្នា
ក្នុង​ប្រជា‌រាស្ត្រ​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​រក្សា​ទូល‌បង្គំ​ទុក
ឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជា‌ជាតិ​នានា
ប្រជាជន​ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់
គេ​នឹង​មក​ចំណុះ​ទូល‌បង្គំ។
45ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល
ស្តាប់​បង្គាប់​ទូល‌បង្គំ
កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង
នោះ​គេ​នឹង​ស្តាប់​តាម​ទូល‌បង្គំ​ភ្លាម។
46ពួក​សាសន៍​ដទៃ​នឹង​ត្រូវ​ស្រពោន​បាត់​ទៅ
ហើយ​ចេញ​ពី​ទី​ពួន​របស់​គេមក
ដោយ​ញាប់‌ញ័រ។
47ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ
សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ថ្ម​ដា​នៃ​ទូល‌បង្គំ
ហើយ​សូម​ឲ្យ​ព្រះ​ដ៏​ជា​ថ្មដា
នៃ​សេចក្ដី​សង្គ្រោះ​ទូល‌បង្គំ
បាន​លើក​ជា​ខ្ពស់​ឡើង
48គឺ​ជា​ព្រះ​ដែល​សម្រេច​សេចក្ដី​សង‌សឹក
ជំនួស​ទូល‌បង្គំ
ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ
នៅ​ក្រោម​អំណាច​ទូល‌បង្គំ
49ព្រម​ទាំង​នាំ​ទូល‌បង្គំ​ចេញ​ឲ្យ​រួច
ពី​ពួក​ខ្មាំង​សត្រូវ
ហើយ​លើក​ទូល‌បង្គំ​ឡើង​យ៉ាង​ខ្ពស់
ជាង​អស់​អ្នក​ដែល​លើក​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ
ក៏​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត​ផង។
50ហេតុ​ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​កណ្ដាល​អស់​ទាំង​សាសន៍
និង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌នាម
របស់​ព្រះ‌អង្គ។
51ព្រះ‌អង្គ​បាន​ប្រោស​សេចក្ដី​សង្គ្រោះ​យ៉ាង​ធំ
ដល់​ស្តេច​របស់​ព្រះ‌អង្គ
ហើយ​ក៏​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​អ្នក
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង
គឺ​ដល់​ដាវីឌ និង​ព្រះ‌រាជ‌វង្ស
ជា​រៀង​ដរាប​ត​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in