YouVersion Logo
Search Icon

២ សាំ‌យូ‌អែល 20

20
សេបា​បះ‌បោរ​ប្រឆាំង​នឹង​ព្រះបាទ​ដាវីឌ
1នៅ​គ្រា​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី កុល‌សម្ព័ន​បេនយ៉ាមីន បាន​ផ្លុំ​ត្រែ​ឡើង​ពោល​ថា៖
«យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ​ទេ
ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​អ៊ីសាយ​ដែរ
ឱ​អ៊ីស្រា‌អែល​អើយ
ចូរ​យើង​ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​យើង
គ្រប់​គ្នា​វិញ​ទៅ»។
2ពេល​នោះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បោះ‌បង់​ចោល​ព្រះបាទ​ដាវីឌ ទៅ​តាម​សេបា​ជា​កូន​ប៊ីគ្រី​វិញ តែ​ពួក​យូដា​បាន​តាម​ស្តេច​របស់​គេ​ជាប់ ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ‌សាឡិម។
3ព្រះបាទ​ដាវីឌ​បាន​យាង​មក​ដល់​ដំណាក់​របស់​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម​វិញ ស្តេច​យក​ពួក​អ្នក​ម្នាង​ទាំង​ដប់​នាក់ ដែល​បាន​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​ទៅ​បង្ខាំង​ទុក ហើយ​ចិញ្ចឹម​រក្សា​ដោយ​ស្បៀង​អាហារ តែ​មិន​បាន​យាង​ចូល​ទៅ​រក​នាង​ណា​មួយ​ទេ ដូច្នេះ នាង​ទាំង​នោះ​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ជា​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។
4បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័ម៉ាសា​ថា៖ «ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ជួប​យើង​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ហើយ​អ្នក​ត្រូវ​នៅ​ទី​នេះ​ដែរ»។ 5អ័ម៉ាសា​ក៏​ចេញ​ទៅ​កេណ្ឌ​ពួក​យូដា តែ​លោក​បង្អង់​នៅ​ហួស​វេលា​កំណត់​ដែល​ស្តេច​បាន​បង្គាប់។ 6ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ​ថា៖ «ឥឡូវ​នេះ សេបា​ជា​កូន​ប៊ីគ្រី ធ្វើ​ដាក់​យើង​លើស​ជាង​អាប់សា‌ឡុម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​របស់​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​គេច​ពី​យើង​បាត់​ទៅ»។ 7ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម និង​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា‌មួយ​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។ 8ពេល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ 9រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា៖ «បង​អើយ សុខ​សប្បាយ​ទេ?» យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប 10ឯ​អ័ម៉ាសា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​នៅ​ដៃ​យ៉ូអាប់​ទេ ដូច្នេះ យ៉ូអាប់​ក៏​ចាក់​វះ​ពោះ​លោក​ឲ្យ​ធ្លាយ​ពោះ‌វៀន ចេញ​ទ្រេល​ដល់​ដី ឥត​មាន​ចាក់​ម្តង​ទៀត​ទេ ហើយ​លោក​ក៏​ស្លាប់​ទៅ។
បន្ទាប់​មក យ៉ូអាប់ និង​អ័ប៊ី‌សាយ​ជា​ប្អូន ក៏​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី​ទៀត។ 11មាន​ម្នាក់​ក្នុង​ចំណោម​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា៖ «អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​នៅ​ខាង​យ៉ូអាប់ និង​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ»។ 12ឯ​អ័ម៉ាសា​ដេក​ក្នុង​ថ្លុក​ឈាម​នៅ​កណ្ដាល​ផ្លូវ ពេល​អ្នក​នោះ​ឃើញ​ថា មនុស្ស​ទាំង​ប៉ុន្មាន​ឈប់​មើល នោះ​គាត់​ក៏​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​ធំ​មួយ​គ្រប​ពី​លើ។ 13ពេល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្ដា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។
14សេបា បាន​ដើរ​កាត់​ទឹក​ដី​កុល‌សម្ព័ន​អ៊ីស្រា‌អែល​ទាំង​មូល ទៅ​ដល់​ត្រឹម​ក្រុង​អេបិល តំបន់​បេត-ម្អាកា ហើយ​ពួក​ប៊ីគ្រី បាន​នាំ​គ្នា​ទាំង​អស់​ចូល​ទៅ​តាម​គាត់។ 15ពល​ទ័ព​ខាង​យ៉ូអាប់ បាន​មក​ឡោម‌ព័ទ្ធ​សេបា នៅ​ក្រុង​អេបិល តំបន់​បេត-ម្អាកា គេ​លើក​ដី​ឲ្យ​ខ្ពស់​ស្មើនឹង​កំផែង​ក្រុង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង​ក្រុង ដើម្បី​រំលំ​ចោល។ 16នៅ​គ្រា​នោះ មាន​ស្រី​ប្រាជ្ញា​ម្នាក់ ស្រែក​មក​ពី​ក្នុង​ទី​ក្រុង​ថា៖ «សូម​ស្តាប់! សូម​ស្តាប់! សូម​ជម្រាប​ឲ្យ​យ៉ូអាប់​អញ្ជើញ​មក​ជិត​នេះ​សិន ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។ 17លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា៖ «តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ?» លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ» រួច​នាង​ពោល​ថា៖ «សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​សិន» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​កំពុង​ស្តាប់​ហើយ»។ 18នោះ​នាង​និយាយ​ថា៖ «កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា "ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពួក​ក្រុង​អេបិល​សិន" ធ្វើ​ដូច្នោះ​ទើប​ពួក​គេ​សម្រេច​កិច្ច‌ការ​បាន។ 19ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ​ត្រង់​នៅ​ស្រុក​អ៊ីស្រា‌អែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​មួយ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រា‌អែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មត៌ក​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?» 20យ៉ូអាប់​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​បំណង​ចង់​លេប​បំបាត់ និង​បំផ្លាញ បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ គឺ​ឲ្យ​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។ 21មិន​មែន​ដូច្នោះ​ទេ គឺ​មាន​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្រុក​ភ្នំ​អេប្រាអិម ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី វា​បាន​លើក​ដៃ​ក្បត់​ចំពោះ​ព្រះបាទ​ដាវីឌ ចូរ​ប្រគល់​តែ​ខ្លួន​វា​មួយ​មក​ប៉ុណ្ណោះ នោះ​យើង​នឹង​ថយ​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ​ហើយ» ស្រី​នោះ​ឆ្លើយ​មក​យ៉ូអាប់​ថា៖ «ចាំ​មើល គេ​នឹង​បោះ​ក្បាល​វា​រំលង​កំផែង​មក​ជូន​លោក»។ 22ពេល​នោះ នាង​បាន​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​ក៏​បាន​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​គេ​គ្រប់ៗ​គ្នា​វិញ​ទៅ។ ចំណែក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដើម្បី​ចូល​គាល់​ស្តេច។
23យ៉ូអាប់​ជា​មេបញ្ជា​ការ​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម 24អ័‌ដូរ៉ាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឯ​យេ‌ហូសា‌ផាត​ជា​កូន​អ័ហ៊ី‌លូឌ ជា​អ្នក​កត់‌ត្រា​ពង្សា‌វតារ 25សេរ៉ា‌យ៉ា​ជា​ស្មៀន‌ហ្លួង សាដុក និង​អ័បៀ‌ថើរ ជា​សង្គ្រាជ 26ហើយ​អ៊ីរ៉ា ពូជ​យ៉ាអ៊ារ ក៏​ជា​សង្ឃ​ផ្ទាល់​របស់​ព្រះបាទ​ដាវីឌ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in