២ ពង្សាវតារក្សត្រ 22
22
ព្រះបាទយ៉ូសៀសសោយរាជ្យលើស្រុកយូដា
1កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបមួយឆ្នាំ មាតាព្រះនាមថា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់។ 2ទ្រង់ប្រព្រឹត្តអំពើត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។
សម្ដេចសង្ឃរកឃើញគម្ពីរវិន័យ
3នៅឆ្នាំទីដប់ប្រាំបីក្នុងរាជ្យព្រះបាទយ៉ូសៀស ទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ដោយមានរាជឱង្ការថា៖ 4«ចូរឡើងទៅជួបលោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួលពីពួកបណ្ដាជន 5ហើយប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចុះ 6គឺពួកជាងឈើ ពួកជាងរៀបថ្ម និងពួកជាងផ្សេងៗ សម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ។ 7ប៉ុន្តែ គេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់»។
8លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា៖ «ខ្ញុំបានឃើញគម្ពីរក្រឹត្យវិន័យនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ លោកហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអាន។ 9រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា៖ «ពួកលោកជាអ្នកបម្រើរបស់ទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារ ចេញពីហិបប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាហើយ»។ 10រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា៖ «ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ» ដូច្នេះ សាផានក៏អានថ្វាយស្តេច។
11ពេលស្ដេចបានឮអស់ទាំងព្រះបន្ទូលក្នុងគម្ពីរក្រឹត្យវិន័យនោះ ទ្រង់ក៏ហែកព្រះពស្ត្រ 12រួចបង្គាប់ដល់ហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ាជាអ្នកជំនិតស្តេចថា៖ 13«ចូរអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានឃើញនេះ ឲ្យយើង និងពួកបណ្ដាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ព្រោះបុព្វបុរសយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានបង្គាប់មកយើងរាល់គ្នាទេ»។
14ដូច្នេះ លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅរកហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខពីរក្នុងក្រុងយេរូសាឡិម) ហើយគេសូមយោបល់ពីនាង។ 15នាងប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្សដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា 16ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ហើយលើបណ្ដាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្ដីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ។ 17គេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យយើងមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់យើង នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង។ 18ប៉ុន្តែ អ្នករាល់គ្នាត្រូវទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នា ឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា ពាក្យដែលឯងបានឮ 19ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។ 20ហេតុនោះបានជាយើងនឹងឲ្យអ្នកទៅជួបជុំនឹងបុព្វបុរសអ្នក ហើយគេនឹងបញ្ចុះសពអ្នកនៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកអ្នកនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលយើងនឹងនាំមកលើទីនេះទេ»។ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះ ទៅទូលដល់ស្តេចវិញ។
Currently Selected:
២ ពង្សាវតារក្សត្រ 22: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies