YouVersion Logo
Search Icon

២ ពង្សាវ‌តារ‌ក្សត្រ 15

15
អ័សារា​សោយ‌រាជ្យ​លើ​ស្រុក​យូដា
1នៅ​ឆ្នាំ​ទី​ម្ភៃប្រាំពីរ ក្នុង​រាជ្យ​យេរ៉ូ‌បោម ស្តេច​អ៊ីស្រា‌អែល នោះ​អ័សារា ជា​បុត្រ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។ 2ទ្រង់​ឡើង​សោយ‌រាជ្យនៅ​ព្រះ‌ជន្ម​ដប់​ប្រាំមួយ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ហាសិប​ពីរ​ឆ្នាំ មាតា​របស់​ព្រះ‌អង្គ​ព្រះ‌នាម​ថា​យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡិម។ 3ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បិតា​របស់​ទ្រង់​បាន​ធ្វើ​ដែរ។ 4ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ទេ ប្រជា​ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។ 5ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្តេច​កើត​រោគ​ឃ្លង់ ដរាប​ដល់​អស់​ព្រះ‌ជន្ម ហើយ​ទ្រង់​ត្រូវ​គង់​នៅ​ដំណាក់​មួយ​ដោយ​ខ្លួន ឯ​យ៉ូថាម​ជា​‌បុត្រា ក៏​ត្រួត‌ត្រា​ការ​ទាំង​អស់​ក្នុង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​គ្រប់‌គ្រង​លើ​បណ្ដា‌ជន​នៅ​ស្រុក​នោះ។ 6កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អ័សារា​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​យូដា​ហើយ។ 7អ័សារា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ហើយ​គេ​បញ្ចុះ​សព​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ រួច​យ៉ូថាម​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
សាការី​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
8នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបី ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​សាការី​ជា​បុត្រ​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ប្រាំមួយ​ខែ។ 9ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​បុព្វ‌បុរស​របស់​ទ្រង់​បាន​ធ្វើ​ដែរ ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។ 10គ្រា​នោះ សាលូម​ជា​កូន​យ៉ាបេស​បាន​ក្បត់ ហើយ​ធ្វើ​គត់​ទ្រង់​នៅ​ចំពោះ​ប្រជាជន​ទាំង‌ឡាយ រួច​ឡើង​សោយ‌រាជ្យ​ជំនួស។ 11ឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​សាការី នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 12(នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ព្រះបាទ​យេហ៊ូវ​ថា គឺ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​ដល់​បួន​តំណ ការ​នោះ​ក៏​កើត​មក​ដូច្នោះ​មែន)។
សាលូម​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
13ឯ​សាលូម​ជា​កូន​យ៉ាបេស ឡើង​សោយ‌រាជ្យ​នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បួន ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​មួយ​ខែ។ 14រួច​មណា‌ហិម​ជា​កូន​កាឌី ក៏​ចេញ​ពី​ក្រុង​ធើសា ឡើង​ទៅ​ក្រុង​សាម៉ារី សម្លាប់​សាលូម​ជា​កូន​យ៉ាបេស​នៅ​ក្រុង​សាម៉ារី​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។ 15ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​សាលូម និង​ការ​ក្បត់​ដែល​ទ្រង់​បង្កើត នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 16នៅ​គ្រា​នោះ ព្រះបាទ​មណា‌ហិម​វាយ​ក្រុង​ធីពសា និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​នោះ ព្រម​ទាំង​ស្រុក​នៅ​ជុំ‌វិញ ចាប់​តាំង​ពី​ធើសា​ទៅ ព្រោះ​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​ទ្រង់​ទេ បាន​ជា​ទ្រង់​ប្រហារ​ជីវិត​គេ ហើយ​វះ​ពោះ​ពួក​ស្រីៗ​ដែល​មាន​ទម្ងន់​ទាំង​ប៉ុន្មាន​ផង។
មណា‌ហិម​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
17នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បួន ក្នុង​រាជ្យ​អ័សារា ជា​ស្តេច​យូដា នោះ​មហាហិម​ជា​កូន​កាឌី ឡើង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី​បាន​ដប់​ឆ្នាំ។ 18ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ដរាប​ដល់​អស់​ព្រះ‌ជន្ម ទ្រង់​មិន​បាន​លះបង់​អំពើ​បាប​ដែល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ធ្វើ ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាមដែរ។ 19នៅ​គ្រា​នោះ ពូល ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ទន្ទ្រាន​ចូល​ក្នុង​ស្រុក ហើយ​មណា‌ហិម ទ្រង់​ថ្វាយ​ប្រាក់​មួយ​ពាន់​ហាប​ដល់​ពូល ឲ្យ​បាន​ពួត​ដៃ​ជួយ​ឲ្យ​រាជ្យ​បាន​ខ្ជាប់‌ខ្ជួន​នៅ​ក្នុង​អំណាច​ខ្លួន។ 20មណា‌ហិម​ទារ​ប្រាក់​នោះ​ពី​ពួក​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​ហាសិប​សេកែល សម្រាប់​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ។ 21ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​មណា‌ហិម​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 22មណា‌ហិម​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ រួច​ពេកា‌ហ៊ា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
ពេកា‌ហ៊ា​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
23នៅ​ឆ្នាំ​ទី​ហាសិប ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា‌ហ៊ា​ជា​បុត្រ​មណា‌ហិម​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​ពីរ​ឆ្នាំ។ 24ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​លះ​បង់​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។ 25ឯ​ពេកា កូន​រេម៉ាលា ជា​មេ‌ទ័ព​របស់​ទ្រង់ អើកុប និង​អើរី‌យេ​ក៏​ក្បត់​ធ្វើ​គុត​ទ្រង់​នៅ​ឯ​ដំណាក់​ក្នុង​ព្រះ‌រាជ‌វាំង នៅ​ក្រុង​សាម៉ារី ក៏​មាន​ពួក​កាឡាត​ហាសិប​នាក់​នៅ​ជា‌មួយ​លោក​ដែរ លោក​បាន​ប្រហារ​ជីវិត​ស្តេច ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស។ 26ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ពេកា‌ហ៊ា​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។
ពេកា​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល
27នៅ​ឆ្នាំ​ទី​ហាសិប​ពីរ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា​ជា​កូន​រេម៉ាលា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​ម្ភៃ​ឆ្នាំ។ 28ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​លះ​បង់​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។
29នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថា‌លី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ។ 30ពេល​នោះ ហូស៊ា​ជា​កូន​អេឡា មាន​គម្រោង​ក្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា។ 31ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ពេកា​ធ្វើ នោះ​បាន​កត់​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។
យ៉ូថាម​សោយ‌រាជ្យ​លើ​ស្រុក​យូដា
32នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូថាម​ជា​បុត្រ​អ័សារា ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។ 33ទ្រង់​ឡើង​សោយ‌រាជ្យ​នៅ​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់​ប្រាំមួយ​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា យេរូសា បុត្រី​សាដុក។ 34ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ័សារា ជា​បិតា​របស់​ទ្រង់​បាន​ធ្វើ។ 35ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ទេ ប្រជា​ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ គឺ​ស្តេច​នេះ​ហើយ ដែល​ធ្វើ​ទ្វារ​កំផែង​ខាង​លើ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 36ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​យ៉ូថាម​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ 37នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ចាត់​រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ឲ្យ​ទៅ​ទាស់​នឹង​ពួក​យូដា។ 38យ៉ូថាម​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​ជា‌មួយ​ពួក​បុព្វបុរស នៅ​ក្នុង​ក្រុង​ដាវីឌ ជា​បុព្វបុរស រួច​អ័ហាស​ជា​‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in