YouVersion Logo
Search Icon

២ កូរិនថូស 9

9
ការ​រៃ​ប្រាក់​សម្រាប់​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​យេរ៉ូសាឡិម
1ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ 2ដ្បិត​ខ្ញុំ​ស្គាល់​ចិត្ត​សង្វាត​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ពី​អ្នក​រាល់​គ្នា​ប្រាប់​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ថា អ្នក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ ហើយចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​រាល់​គ្នា​បាន​ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន។ 3ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​នោះ​មក ដើម្បី​កុំ​ឲ្យ​អំនួត​ដែល​យើង​អួត​ពី​អ្នក​រាល់​គ្នា ត្រង់​ចំណុច​នេះ ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប​ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មែន 4តែ​ប្រសិន‌បើ​មាន​អ្នក​ស្រុក​ម៉ា‌សេ‌ដូន​ខ្លះ​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​អ្នក​រាល់​គ្នា​មិន​ទាន់​បាន​រៀប​ចំ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​យើង​ក៏​នឹង​ត្រូវ​អា​ម៉ាស់​ដែរ ដ្បិត​យើង​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ជា​ខ្លាំង។ 5ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​ជំរុញ​ឲ្យ​ពួក​បង‌ប្អូន​ធ្វើ​ដំណើរ​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​រៀប​ចំ​អំណោយ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នេះ​ឲ្យ​បាន​រួច​រាល់ ហើយ​បង្ហាញ​ថា នោះ​ជា​អំណោយ​ស្ម័គ្រ​ពី​ចិត្ត​មែន មិន​មែន​ដោយ​បង្ខំ។
6ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយកំណាញ់ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​ដែរ។ 7ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។ 8ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក 9ដូច​សេចក្តី​ដែល​ចែង​ទុក​មក​ថា៖ «ព្រះ‌អង្គ​ចែក​សុស‌សាយ ព្រះ‌អង្គ​ប្រទាន​ដល់​អ្នក‌ក្រ សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​នៅ​ស្ថិត​ស្ថេរ រហូត​តរៀង​ទៅ» ។ 10ព្រះ‌អង្គ​ដែល​ផ្គត់‌ផ្គង់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​សម្រាប់​បរិ‌ភោគ​ផង​នោះ ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​រាល់​គ្នា​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង ព្រម​ទាំង​ចម្រើន​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ 11អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា 12ដ្បិត​ការ​ប្រមូល​ជំនួយ​នេះ មិន​ត្រឹម​តែ​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​អរ​ព្រះគុណ​ដល់​ព្រះ កាន់​តែ​ចម្រើន​ហូរ​ហៀរ​ឡើង​ទៀត​ផង។ 13តាម​រយៈ​ភស្តុតាង​នៃ​ការ​ជួយ​ឧបត្ថម្ភ​នេះ អ្នក​រាល់​គ្នា​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សម្ដែង​ឲ្យ​គេ​ឃើញ​ច្បាស់​ថា អ្នក​រាល់​គ្នា​ពិត​ជា​ចុះ​ចូល​តាម​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​មែន ហើយ​ដោយ​ព្រោះ​ចិត្ត​សទ្ធា​ដែល​អ្នក​រាល់​គ្នា​បាន​ចែកចាយ​ដល់​គេ និង​ដល់​មនុស្ស​ដទៃ​ទៀត​ទាំង​អស់ 14នោះ​គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្រឡាញ់​ជា​ខ្លាំង ព្រោះ​តែ​ព្រះ‌គុណ​ដ៏​លើស​លុប​របស់​ព្រះ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ 15អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​ព្រោះ​អំណោយ‌ទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះ‌អង្គ!។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ២ កូរិនថូស 9