YouVersion Logo
Search Icon

១ សាំ‌យូ‌អែល 6

6
សាសន៍​ភីលី‌ស្ទីន​បញ្ជូន​ហិប​សញ្ញា​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ
1ហិប​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ស្រុក​ភីលី‌ស្ទីន​អស់​រយៈ​ពេល​ប្រាំពីរ​ខែ។ 2ឯ​ពួក​ភីលី‌ស្ទីន​បាន​ហៅ​ពួក​សង្ឃ និង​ពួក​គ្រូ​ថ្លែងទំនាយ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​នេះ? ចូរ​ប្រាប់​ឲ្យ​យើង​ដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​បញ្ជូន​ទៅ​កន្លែង​ដើម​វិញ»។ 3គេ​ឆ្លើយ​ថា៖ «បើ​អ្នក​រាល់​គ្នា​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ កុំ​បញ្ជូន​ទៅ​ដោយ​ទទេ​ឡើយ គឺ​ត្រូវ​ផ្ញើ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង ទៅ​ដល់​ព្រះ​របស់​គេ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​សះស្បើយ ក៏​នឹង​ដឹង​ថា​មាន​ហេតុ​អ្វី ដែល​នាំ​ឲ្យ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា»។ 4គេ​ក៏​សួរ​ថា៖ «តើ​យើង​ត្រូវ​ផ្ញើ​តង្វាយ​យ៉ាង​ណា​ទៅ​ថ្វាយ​ព្រះ‌អង្គ?»។ ពួក​គេ​ឆ្លើយ​ថា៖ «គឺ​រូប​ឫស​ដូង​បាត​ប្រាំ ធ្វើ​ពី​មាស និង​កណ្តុរ​មាស​ប្រាំ តាម​ចំនួន​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ពួក​មេ​របស់​អ្នក​រាល់​គ្នា ក៏​កើត​មាន​សេចក្ដី​វេទនា​តែ​មួយ 5ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរ‌សើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ព្រះ‌អង្គ​នឹង​សម្រាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង។ 6ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ? កាល​ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ? 7ដូច្នេះ ចូរ​ធ្វើ​រទេះ​មួយ​ថ្មី និង​យក​គោ​ញី​ពីរ ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ។ 8នោះ​ត្រូវ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​ដាក់​លើ​រទេះ​ទៅ ហើយ​ដាក់​គ្រឿង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នោះ ទៅ​ក្នុង​ប្រអប់​ដាក់​ខាង​ហិប រួច​លែង​វា​ឲ្យ​នាំ​ទៅ​វិញ​ចុះ។ 9ចាំ​មើល ប្រសិន‌បើ​វា​ឡើង​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ព្រះ‌អង្គ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ»។
10គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​ពីរ​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ។ 11ហើយ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង។ 12រួច​គោ​នោះ​ក៏​ចេញ​តម្រង់​តាម​ផ្លូវ​ទៅ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​មួយ​នោះ ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ប្រទល់​បេត-សេមែស។
13គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ។ លុះ​គេ​ងើប​មុខ​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហិប​នៃ​ព្រះ​មក​វិញ។ 14រទេះ​ក៏​មក​ដល់​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​មួយ​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ 15ពួក​លេវី​គេ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ប្រអប់​ដែល​មាន​គ្រឿង​មាស​ទាំង​ប៉ុន្មាន ចុះ​មក​ដាក់​លើ​ថ្ម​ធំ​នោះ រួច​ពួក​បេត-សេមែស​ក៏​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នោះ។ 16កាល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប្រាំ​នាក់​បាន​ឃើញ​ហើយ នោះ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​អេក្រុន​វិញ នៅ​ថ្ងៃ​នោះ​ដែរ។
17ឯ​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស ដែល​ពួក​ភីលី‌ស្ទីន​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​ដោយ​ព្រោះ​ការ​រំលង នោះ​គឺ​មួយ​ពី​ក្រុង​អាស‌ដូឌ មួយ​ពី​ក្រុង​កាសា មួយ​ពី​ក្រុង​អាស‌កាឡូន មួយ​ពី​ក្រុង​កាថ ហើយ​មួយ​ពី​ក្រុង​អេក្រុន 18ក៏​មាន​រូប​កណ្តុរ​មាស​តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលី‌ស្ទីន ដែល​ជា​របស់​មេ​ទាំង​ប្រាំ​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង និង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលី‌ស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហិប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
ហិបនៃព្រះនៅ​ក្រុង​គារយ៉ាត់-យារីម
19ព្រះ‌យេហូវ៉ា​ប្រហារ​ពួក​បេត-សេមែស​ដែរ ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហិប​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ប្រហារ​ជីវិត​គេ​អស់​ប្រាំ​ម៉ឺន​ចិតសិប​នាក់ ហើយ​គេ​ក៏​នាំ​គ្នា​យំ​សោក ព្រោះ​ព្រះ‌យេហូវ៉ា​បានប្រហារ​គេ​អស់​ជា​ច្រើន​ដូច្នេះ។ 20ពួក​បេត-សេមែស​និយាយ​ឡើង​ថា៖ «តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន? តើ​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​យើង​ខ្ញុំ​ឡើង​ទៅ​ឯ​អ្នក​ណា​វិញ?» 21រួច​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម ប្រាប់​ថា៖ «ពួក​ភីលី‌ស្ទីន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះ សូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in