១ សាំយូអែល 17
17
ដាវីឌ និងកូលីយ៉ាត
1ពួកភីលីស្ទីនបានប្រមូលទ័ពមកដើម្បីច្បាំង គេប្រមូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅត្រង់អេភេស-ដាំមីម ចន្លោះរវាងសូគរ និងអាសេកា។ 2ឯស្ដេចសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏តម្រៀបពលដើម្បីច្បាំងនឹងពួកភីលីស្ទីន។ 3ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅកណ្ដាល។ 4លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម 5ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទម្ងន់ប្រាំពាន់សេកែល។ 6គាត់មានស្រោមលង្ហិនស្រោបជើង ហើយមានដែកពួយលង្ហិនស្ពាយជាប់នឹងខ្នង។ 7ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ 8វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកតម្រៀបទ័ពច្បាំងដូច្នេះ? តើយើងនេះមិនមែនជាសាសន៍ភីលីស្ទីន ហើយអ្នករាល់គ្នាជាកញ្ជះរបស់សូលទេឬ? ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងយើងមើល 9បើវាអាចតដៃសម្លាប់យើងបាន យើងនឹងធ្វើជាអ្នកបម្រើឯង តែបើយើងឈ្នះ ហើយសម្លាប់វាបាន នោះអ្នករាល់គ្នាត្រូវធ្វើជាអ្នកបម្រើយើងវិញ»។ 10ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។ 11ពេលស្ដេចសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។
12រីឯដាវីឌ ជាកូនរបស់អ៊ីសាយនៃអំបូរអេប្រាតា នៅបេថ្លេហិម-យូដា។ ឯអ៊ីសាយមានកូនប្រុសប្រាំបីនាក់ ហើយនៅជំនាន់ស្តេចសូល គាត់មានវ័យចាស់ណាស់ហើយ។ 13មានកូនប្រុសច្បងរបស់អ៊ីសាយបីនាក់បានតាមសូលទៅច្បាំង កូនទាំងបីនាក់ដែលទៅច្បាំងនោះ គឺកូនបងបង្អស់ឈ្មោះអេលាប កូនបន្ទាប់ឈ្មោះអ័ប៊ីណាដាប់ និងទីបីឈ្មោះសាំម៉ា។ 14អ្នកទាំងបីនោះបានទៅតាមសូល ឯដាវីឌជាកូនពៅ 15ក៏តែងធ្វើដំណើរទៅមក ពីស្ដេចសូលទៅបេថ្លេហិម ដើម្បីឃ្វាលចៀមរបស់ឪពុក។ 16រីឯសាសន៍ភីលីស្ទីនម្នាក់នោះ ចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច អស់រយៈសែសិបថ្ងៃ។
17នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌកូនរបស់គាត់ថា៖ «ចូរយកលាជមួយថាំង និងនំបុ័ងដប់ដុំនេះទៅឲ្យបងៗរបស់កូន នៅឯទីបោះទ័ពជាប្រញាប់ 18ហើយយកទឹកដោះខះដប់ផែននេះ ទៅជូនដល់មេទ័ពរបស់គេទៅ រួចមើលថាបងៗរបស់ឯងសុខសប្បាយឬយ៉ាងណា ហើយយករបស់អ្វីមួយពីគេមកទុកជាសម្គាល់»។
19ចំណែកស្ដេចសូល និងអ្នកទាំងបីនោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន 20ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកឲ្យគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់។ ពេលដាវីឌបានទៅដល់ទីបោះទ័ព នោះជាពេលដែលពួកពលកំពុងតែចេញទៅទីចម្បាំង ទាំងស្រែកសម្រែកសង្គ្រាម 21ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេតម្រៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ 22ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។ 23គ្រាដែលកំពុងតែនិយាយជាមួយបងៗ ក៏ឃើញទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ មកពីក្រុងកាថ ឈ្មោះកូលីយ៉ាត ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ។
24កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញអ្នកនោះ គេក៏រត់ចេញពីវាដោយភ័យខ្លាចជាខ្លាំង។ 25ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។ 26ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?» 27គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា៖ «អ្នកណាដែលសម្លាប់វាបាន នឹងទទួលបានដូច្នេះឯង»។
28នោះអេលាបជាបងបង្អស់ក៏ឮដាវីឌកំពុងនិយាយជាមួយគេ ហើយមានសេចក្ដីកំហឹងទាស់នឹងប្អូនថា៖ «ឯងចុះមកធ្វើអី? តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកឲ្យអ្នកណាមើល? បងស្គាល់សេចក្ដីអំនួត និងគំនិតអាក្រក់របស់ឯងហើយ ដ្បិតឯងចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ»។ 29តែដាវីឌឆ្លើយថា៖ «តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ទេតើ?» 30រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។
31កាលគេបានឮពាក្យដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់ស្ដេចសូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក 32ដាវីឌទូលដល់ស្ដេចសូលថា៖ «សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ»។ 33ស្ដេចសូលមានរាជឱង្ការថា៖ «ឯងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ព្រោះឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចម្បាំងតាំងតែពីក្មេងមកហើយ»។ 34នោះដាវីឌដំណាលរឿងទូលស្ដេចសូលថា៖ «ពីដើមដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ធ្លាប់ឃ្វាលចៀមរបស់ឪពុក បើពេលណាមានសិង្ហ ឬខ្លាឃ្មុំមកចាប់យកកូនចៀមពីហ្វូងទៅ 35ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ 36ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។ 37ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។
38ស្តេចបំពាក់គ្រឿងរបស់ព្រះអង្គឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ។ 39ដាវីឌបានក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរសាកមើល ដ្បិតមិនដែលបានសាកម្តងសោះ រួចទូលទៅសូលថា៖ «ទូលបង្គំពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលប្រើម្តងឡើយ» ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ 40រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួនប្រាំដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងថង់យាមរបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅរកសាសន៍ភីលីស្ទីននោះ។
41ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង 42ពេលសាសន៍ភីលីស្ទីននោះក្រឡេកឃើញដាវីឌ ក៏តាំងមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ 43រួចនិយាយទៅដាវីឌថា៖ «តើយើងជាឆ្កែឬ បានជាឯងមកជួបយើងទាំងកាន់ដំបងដូច្នេះ?»។ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា 44រួចប្រាប់ថា៖ «ចូរមកចុះ យើងនឹងឲ្យសាច់ឯងដល់សត្វហើរលើអាកាស និងសត្វព្រៃផង»។ 45ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ 46នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត 47ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។ 48កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីតទល់គ្នា។ 49ដាវីឌលូកដៃទៅក្នុងថង់យាម ចាប់យកក្រួសមួយគ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាក៏ដួលផ្កាប់មុខនៅដីទៅ។
50ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួសមួយគ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីនឲ្យស្លាប់ ដោយឥតមានកាន់ដាវនៅដៃឡើយ 51រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ និងកាត់ក្បាលផង កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានតំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីង។ 52ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន 53នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលចាប់យកទីបោះទ័ពរបស់គេ 54ចំណែកដាវីឌក៏យកក្បាលសាសន៍ភីលីស្ទីននោះទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់របស់វាទាំងប៉ុន្មានយកទៅទុកនៅក្នុងជំរំរបស់ខ្លួន។
55ពេលស្ដេចសូលឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា៖ «អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា?» អ័ប៊ីនើរទូលឆ្លើយថា៖ «ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ»។ 56ស្តេចក៏បង្គាប់ថា៖ «ចូរស៊ើបសួរមើល តើក្មេងជំទង់នេះជាកូនរបស់អ្នកណា?» 57ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសម្លាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលទៅចំពោះសូល មានទាំងក្បាលសាសន៍ភីលីស្ទីននោះកាន់នៅដៃផង។ 58ស្ដេចសូលមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ តើឯងជាកូនអ្នកណា?» ដាវីឌទូលឆ្លើយថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយជាអ្នកបម្រើរបស់ទ្រង់ ដែលនៅភូមិបេថ្លេហិម»។
Currently Selected:
១ សាំយូអែល 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies