១ សាំយូអែល 15
15
ស្តេចសូលធ្វើសង្គ្រាមជាមួយសាសន៍អាម៉ាឡេក
1គ្រានោះ លោកសាំយូអែលទូលទៅស្ដេចសូលថា៖ «ព្រះយេហូវ៉ាបានចាត់ទូលបង្គំឲ្យមកចាក់ប្រេងតាំងទ្រង់ឡើងធ្វើជាស្តេចលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលព្រះយេហូវ៉ាឥឡូវនេះ។ 2ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។ 3ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
4ដូច្នេះ ស្ដេចសូលក៏កេណ្ឌប្រមូលប្រជាជន ហើយរាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួនពីរសែននាក់ និងពួកយូដាមួយម៉ឺននាក់ទៀត។ 5រួចសូលក៏នាំទៅទីក្រុងរបស់ពួកអាម៉ាឡេក ហើយបង្កប់ពលនៅវាលច្រកភ្នំ។ 6ស្ដេចសូលមានរាជឱង្ការទៅសាសន៍កែនថា៖ «ចូរអ្នករាល់គ្នាថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ ក្រែងត្រូវស្លាប់ជាមួយគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក»។ ដូច្នេះ ពួកសាសន៍កែនក៏ថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ។ 7រួចសូលបានវាយពួកអាម៉ាឡេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ 8ក៏ចាប់បានអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេក មកទាំងរស់ តែប្រហារប្រជាជនដោយមុខដាវ។ 9ស្ដេចសូលបានទុកឲ្យអ័កាក់ និងពួកទ័ពនៅរស់ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ ឯសត្វណាដែលស្គមស្គាំងមានតម្លៃតិច នោះគេបានបំផ្លាញចោលទាំងអស់។
ព្រះបានបោះបង់ស្តេចសូល មិនឲ្យធ្វើស្ដេចតទៅទៀត
10ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ 11«យើងស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមយើងហើយ ក៏មិនបានធ្វើតាមបង្គាប់របស់យើងសោះ» នោះលោកសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញមួយយប់។ 12លោកសាំយូអែលក្រោកឡើងពីព្រលឹម ដើម្បីទៅជួបនឹងស្ដេចសូលនៅព្រឹកនោះ មានគេជម្រាបលោកសាំយូអែលថា៖ «ស្ដេចសូលបានយាងមកដល់កើមែលហើយ ទ្រង់បានបោះគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅគីលកាលវិញ»។ 13ដូច្នេះ លោកសាំយូអែលក៏ទៅរកស្ដេចសូល ហើយស្ដេចសូលមានរាជឱង្ការថា៖ «សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ»។ 14តែលោកសាំយូអែលទូលឆ្លើយថា៖ «ចុះដូចម្តេចបានជាឮសូរសព្ទចៀម និងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ?» 15ស្ដេចសូលមានរាជឱង្ការថា៖ «គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាឡេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ»។ 16នោះលោកសាំយូអែលទូលថា៖ «ឈប់សិន ទូលបង្គំនឹងទូលព្រះករុណាពីសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «សូមមានប្រសាសន៍មកចុះ»។
17លោកសាំយូអែលក៏ទូលថា៖ «ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្ររបស់អង្គ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មានទេឬ? គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល 18ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា "ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាឡេកមានបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេរហូតដល់វិនាសបាត់ទាំងអស់"។ 19ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាដូច្នេះ?» 20តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។ 21ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។ 22លោកសាំយូអែលទូលឆ្លើយថា៖
«តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត
និងយញ្ញបូជា
ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ?
ការពិត ដែលស្តាប់បង្គាប់
នោះវិសេសលើសជាងយញ្ញបូជា
ហើយដែលផ្ទៀងត្រចៀក
នោះក៏វិសេសជាងខ្លាញ់
នៃចៀមឈ្មោលទៅទៀត។
23ដ្បិតការរឹងទទឹង
នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ
ហើយការរឹងចចេស
ក៏ដូចជាអំពើអាក្រក់ណាមួយ
និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ
ដ្បិតព្រះករុណាបានបដិសេធ
លែងស្តាប់តាមព្រះបន្ទូល
របស់ព្រះយេហូវ៉ាហើយ
ព្រះអង្គក៏បោះបង់ព្រះករុណាចោល
មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
24ស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំមានបាបហើយ ព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ 25ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង»។ 26តែលោកសាំយូអែលប្រកែកថា៖ «ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ»។ 27កាលលោកសាំយូអែលបែរខ្នងចេញទៅ នោះស្ដេចសូលចាប់ជាយអាវលោក ហើយអាវក៏រហែក។ 28ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។ 29ម្យ៉ាងទៀត ព្រះជាសិរីល្អរបស់សាសន៍អ៊ីស្រាអែលមិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតព្រះអង្គមិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»។ 30នោះស្ដេចសូលមានរាជឱង្ការថា៖ «ខ្ញុំបានធ្វើបាបហើយ តែសូមលើកមុខខ្ញុំនៅចំពោះមុខពួកចាស់ទុំរបស់សាសន៍ខ្ញុំនេះ និងនៅមុខសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង សូមមកខាងខ្ញុំវិញ ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះរបស់លោកដែរ»។ 31ដូច្នេះ លោកសាំយូអែលបានវិលមកខាងស្ដេចសូលវិញ ហើយស្ដេចសូលក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។
32ពេលនោះ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេកមកនេះ» ស្តេចអ័កាក់ក៏ដើរមករកលោកដោយរីករាយ ព្រោះនឹកស្មានក្នុងចិត្តថា «ប្រាកដជាភាពល្វីងជូរចត់នៃសេចក្ដីស្លាប់កន្លងផុតហើយ»។ 33ប៉ុន្តែ លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យស្រ្តីព្រាត់ប្រាស់កូន ដូច្នេះ ម្តាយរបស់ឯងក៏នឹងត្រូវព្រាត់ប្រាស់កូនដូច្នោះដែរ»។ រួចលោកសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។
34លោកសាំយូអែលក៏វិលទៅរ៉ាម៉ាវិញ ហើយស្ដេចសូលឡើងទៅលំនៅរបស់ព្រះអង្គនៅគីបៀរ ជាស្រុករបស់ព្រះអង្គវិញដែរ។ 35លោកសាំយូអែលលែងមកជួបស្ដេចសូលទៀតរហូតដល់លោកស្លាប់ តែលោកសាំយូអែលសោកស្តាយស្ដេចសូលណាស់ ឯព្រះយេហូវ៉ាស្តាយដែលព្រះអង្គបានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ។
Currently Selected:
១ សាំយូអែល 15: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies