YouVersion Logo
Search Icon

១ ពេត្រុស 4

4
អ្នក​មើល​ខុស​ត្រូវ​ល្អ​អំពី​ព្រះគុណ​របស់​ព្រះ
1ដូច្នេះ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​បាន​រង​ទុក្ខ​ខាង​សាច់​ឈាម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រដាប់​ខ្លួន​ដោយ​គំនិត​ដូច្នោះ​ដែរ ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ខាង​សាច់​ឈាម អ្នក​នោះ​បាន​ឈប់​ពី​អំពើ​បាប​ហើយ 2ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​នៅ​សល់ ហើយ​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​វិញ។ 3ដ្បិត​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​រស់​នៅ​ដូច​ជា​ពួក​សាសន៍​ដទៃ ទាំង​រស់​នៅ​ក្នុង​សេចក្តី​អាស‌អាភាស ចិត្ត​ពុះ​កញ្រ្ជោល ប្រមឹក ចិត្ត​ស្រើប​ស្រាល ស៊ី​ផឹក​ជ្រុល និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ល្មើស​នឹង​វិន័យ។ 4ពួក​គេ​ងឿង​ឆ្ងល់ ដែល​អ្នក​រាល់​គ្នា​មិន​ចូល​រួម​នៅ​ក្នុង​អំពើ​ខូច​អាក្រក់​ដ៏​ហូរ​ហៀរ​ជា​មួយ​ពួក​គេ ហើយ​គេ​ក៏​ប្រមាថ​អ្នក​រាល់​គ្នា។ 5ប៉ុន្តែ គេ​នឹង​ត្រូវឆ្លើយ​រៀប​រាប់​ចំពោះ​ព្រះ​វិញ ដែល​ព្រះ‌អង្គ​ប្រុង​ប្រៀប​នឹង​ជំនុំ‌ជម្រះ ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ 6ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ បាន​ផ្សាយ​ដល់​អស់​អ្នក​ដែល​ស្លាប់​ដែរ ដែល​ទោះ​ជា​បាន​ជាប់​ជំនុំ‌ជម្រះ​ខាង​សាច់​ឈាម តាម​បែប​មនុស្សក៏​ដោយ ក៏​គេ​បាន​រស់​ខាង​វិញ្ញាណ​ដូច​ព្រះ​វិញ។
7ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។ 8លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។ 9ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។ 10ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។ 11អ្នក​ណា​និយាយ ត្រូវ​និយាយ​ដូច​ជា​អ្នក​ដែល​បញ្ចេញ​ព្រះ‌បន្ទូល​របស់​ព្រះ អ្នក​ណា​បម្រើ ត្រូវ​បម្រើ​ដោយ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី​ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។
ទុក្ខ​លំបាក​របស់​គ្រីស្ទ‌បរិស័ទ
12ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មាន​សេចក្តី​ចម្លែក​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ។ 13ប៉ុន្តែ ចូរ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ និង​រីក‌រាយ​ជា​ខ្លាំង នៅ​ពេល​សិរី​ល្អ​របស់​ព្រះ‌អង្គ​លេច​មក។ 14ប្រសិន‌បើ​អ្នក​រាល់​គ្នា​ត្រូវ​គេ​តិះ‌ដៀល​ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ 15ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវឲ្យ​អ្នក​ណា​ម្នាក់​រង​ទុក្ខ ដោយ​ព្រោះ​សម្លាប់​គេ លួច​គេ ធ្វើ​ការ​អាក្រក់ ឬ​ចូល​ដៃ​ក្នុងរឿង​របស់​អ្នក​ដទៃ​ឡើយ។ 16ប៉ុន្ដែ បើ​អ្នក​ណា​ម្នាក់​រង​ទុក្ខ​ក្នុង​នាម​ជា​គ្រីស្ទ‌បរិស័ទ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ ចូរ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ។ 17ដ្បិត​នេះ​ជា​ពេល​វេលា​ជំនុំ‌ជម្រះ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិន‌បើ​ការ​នេះ​ចាប់​ផ្តើម​ពី​យើង​ទៅ​ហើយ នោះ​តើ​ចុង​បំផុត​របស់​អស់​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ នោះ​នឹង​ទៅ​ជា​យ៉ាង​ណា? 18ហើយ «បើ​មនុស្ស​សុចរិត​បាន​សង្រ្គោះ​ទាំង​ពិបាក​ទៅ​ហើយ តើ​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?» 19ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​រង​ទុក្ខ​លំបាក​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ផ្ញើ​ព្រលឹងរបស់​ខ្លួន​ទុក​នឹង​ព្រះ​អាទិករ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ទាំង​ប្រព្រឹត្តអំពើ​ល្អ​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in