១ ពង្សាវតារក្សត្រ 21
21
ចម្ការទំពាំងបាយជូររបស់លោកណាបោត
1រីឯណាបោត ជាអ្នកស្រុកយេសរាល មានចម្ការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី។ 2ក្រោយការទាំងនោះមក អ័ហាប់មានរាជឱង្ការទៅណាបោតថា៖ «ចូរឲ្យចម្ការទំពាំងបាយជូររបស់ឯងមកយើង ដើម្បីឲ្យយើងបានធ្វើច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចម្ការមួយល្អជាងដល់ឯង ឬបើឯងចូលចិត្តប្រាក់ យើងនឹងឲ្យតាមតម្លៃចម្ការនោះ» 3តែណាបោតទូលតបថា៖ «សូមព្រះយេហូវ៉ាឃាត់កុំឲ្យទូលបង្គំថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំដល់ព្រះករុណាឡើយ»។ 4អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
5ឯយេសិបិលជាមហេសីក៏មកទូលសួរថា៖ «ហេតុអ្វីបានជាព្រួយព្រះហឫទ័យ មិនសោយព្រះស្ងោយដូច្នេះ?» 6ទ្រង់មានរាជឱង្ការតបថា៖ «គឺព្រោះយើងបាននិយាយនឹងណាបោត ជាអ្នកស្រុកយេសរាលថា "ចូរលក់ចម្ការទំពាំងបាយជូរឯងមកឲ្យយើង ឬបើឯងចូលចិត្ត នោះយើងនឹងឲ្យចម្ការមួយផ្សេងទៀតប្តូរនឹងចម្ការនេះ"។ តែគាត់ឆ្លើយថា "ទូលបង្គំមិនថ្វាយចម្ការទូលបង្គំដល់ទ្រង់ទេ"»។ 7យេសិបិលជាមហេសី ទូលថា៖ «តើឥឡូវនេះ ទ្រង់សោយរាជ្យនៅនគរអ៊ីស្រាអែលមិនមែនឬ? សូមតើនឡើង សោយព្រះស្ងោយទៅ ឲ្យព្រះហឫទ័យបានរីករាយសប្បាយចុះ ខ្ញុំម្ចាស់នឹងថ្វាយចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាលដល់ទ្រង់»។
8ពេលនោះ ព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុងជាមួយណាបោត។ 9ក្នុងសំបុត្រនោះ ព្រះនាងបង្គាប់ថា៖ «ចូរប្រកាសប្រាប់ឲ្យមានបុណ្យតម ហើយតាំងណាបោតឲ្យអង្គុយនៅកន្លែងប្រសើរមុខប្រជាជន។ 10រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។ 11ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយគាត់ គេក៏ធ្វើតាមសេចក្ដីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្ដីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ 12គេក៏ប្រកាសប្រាប់ឲ្យមានបុណ្យតម ហើយដាក់ណាបោតឲ្យអង្គុយនៅកន្លែងប្រសើរមុខប្រជាជន។ 13មានមនុស្សខូចអាក្រក់ពីរនាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខប្រជាជនថា៖ «ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង»។ ដូច្នេះ គេនាំគាត់ចេញទៅក្រៅទីក្រុង ហើយគប់នឹងថ្មសម្លាប់ទៅ 14បន្ទាប់មក គេចាត់មនុស្សឲ្យទៅទូលយេសិបិល ជម្រាបថា៖ «បានគប់ដុំថ្មសម្លាប់ណាបោតហើយ»។
15កាលយេសិបិលបានឮថា គេបានសម្លាប់ណាបោតដោយគប់នឹងថ្ម នោះព្រះនាងក៏ទូលព្រះបាទអ័ហាប់ថា៖ «សូមតើនឡើង ទៅទទួលយកចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ទ្រង់វិញចុះ ព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ»។ 16ដូច្នេះ កាលព្រះបាទអ័ហាប់បានជ្រាបថាណាបោតបានស្លាប់ ទ្រង់តើនឡើង ដើម្បីចុះទៅចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ទ្រង់។
លោកអេលីយ៉ាប្រកាសព្រះបន្ទូលរបស់ព្រះ
17ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ 18«ចូរក្រោកឡើង ហើយចុះទៅជួបអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលសោយរាជ្យ នៅស្រុកសាម៉ារីទៅ ទ្រង់នៅក្នុងចម្ការរបស់ណាបោត ទ្រង់ចុះទៅទទួលយកចម្ការនោះធ្វើជារបស់ទ្រង់។ 19ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។
20អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។ 21យើងនឹងនាំសេចក្ដីវេទនាមកលើឯង យើងនឹងបោសឯងចេញឲ្យអស់ ហើយកាត់កូនប្រុសៗចេញពីពូជពង្សអ័ហាប់ ទាំងអ្នកជាប់ចំណង ឬអ្នកមិនជាប់ចំណង ក្នុងពួកអ៊ីស្រាអែល។ 22យើងនឹងធ្វើឲ្យជំនួរវង្សរបស់ឯងដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យយើងក្រោធក្នុងព្រះហឫទ័យ ហើយបានបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។ 23ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេសិបិលដែរថា៖ «ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល 24អ្នកណាក្នុងពូជពង្សអ័ហាប់ ដែលស្លាប់នៅក្នុងទីក្រុង ឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល សត្វហើរលើអាកាសនឹងចឹកស៊ីវិញ »។
25(គ្មានអ្នកណាម្នាក់ដូចព្រះបាទអ័ហាប់ឡើយ ដែលលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិលជាមហេសីបានញុះញង់នោះ។ 26ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ)។
27ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។ 28ពេលនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ 29«តើឯងបានឃើញទេ អ័ហាប់បន្ទាបខ្លួននៅមុខយើងហើយ? ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខយើង នោះយើងមិននាំសេចក្ដីវេទនាមកក្នុងពេលអ័ហាប់នៅមានជីវិតទេ គឺយើងនឹងនាំសេចក្ដីវេទនានោះមកលើជំនួរវង្សរបស់គេវិញ»។
Currently Selected:
១ ពង្សាវតារក្សត្រ 21: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies