YouVersion Logo
Search Icon

១ យ៉ូហាន 4

4
ការ​ល្បង​មើល​វិញ្ញាណ
1ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។ 2យើង​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដោយ​សារ​សេចក្ដីនេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ប្រកាស​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម វិញ្ញាណ​នោះ​ហើយ​មក​ពី​ព្រះ 3តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ប្រកាស​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អា​ទទឹង​ព្រះ‌គ្រីស្ទ​វិញ ជា​វិញ្ញាណ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ថា កំពុង​តែ​មក ហើយ​ឥឡូវ​នេះ​នៅ​ក្នុង​លោកីយ៍​ស្រាប់។ 4ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។ 5ពួក​នោះ​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​ដែល​គេ​និយាយ​ចេញពី​លោកីយ៍ ហើយ​លោកីយ៍​ក៏​ស្តាប់​គេ​ដែរ។ 6ឯ​យើងវិញ យើង​មក​ពី​ព្រះ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ អ្នក​នោះ​ក៏​ស្តាប់​យើង​ដែរ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ អ្នក​នោះ​មិន​ស្តាប់​យើង​ឡើយ គឺ​ដោយ​សារ​សេចក្ដីនេះ​ឯង ដែល​យើង​ស្គាល់​វិញ្ញាណ​នៃ​សេចក្ដី​ពិត និង​វិញ្ញាណ​នៃ​សេចក្ដី​ខុស​ឆ្គង​ទៅ​បាន។
ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់
7ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ព្រះ​ដែរ។ 8អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។ 9នេះ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​សម្តែង​មកក្នុង​ចំណោម​យើង គឺ​ព្រះ‌បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​តែ​មួយឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​បាន​រស់​ដោយ​សារ​ព្រះ‌រាជ​បុត្រា។ 10នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​មក ទុក​ជា​តង្វាយ​លោះ​បាប​យើង​ផង។ 11ពួក​ស្ងួន‌ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម៉្លេះ នោះ​យើងក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ 12គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។ 13យើង​ដឹងដោយ​សារ​សេចក្ដី​នេះ​ថា យើង​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​យើង ព្រោះ​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ 14យើង​បាន​ឃើញ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ព្រះ‌វរ‌បិតា​បាន​ចាត់​ព្រះ‌រាជ‌បុត្រា មកធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក។
15អ្នក​ណា​ដែល​ប្រកាស​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ព្រះ​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ​ដែរ។ 16យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។ 17ដោយ​សារ​សេចក្ដី​នេះ​ហើយ ដែល​សេចក្ដី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លា‌ហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ដ្បិត​ដែល​ព្រះ‌ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​ក៏​យ៉ាង​នោះ​នៅ​ក្នុង​លោក​នេះ​ដែរ។ 18គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណានៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ តែ​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​ការ​ភ័យ​ខ្លាច​ចេញ ដ្បិត​ការ​ភ័យ​ខ្លាច​តែង​ជាប់​មាន​ទោស ហើយ​អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​បាន​ពេញ​ខ្នាតនៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ។ 19ឯ​យើងវិញ យើង​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។
20ប្រសិន‌បើ​អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្រឡាញ់​ព្រះ» តែ​ស្អប់​បង‌ប្អូន​របស់ខ្លួន អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួនដែល​មើល​ឃើញ អ្នក​នោះ​ក៏​ពុំ​អាច​ស្រឡាញ់​ព្រះ ដែល​ខ្លួន​មើល​មិន​ឃើញ​នោះ​បាន​ដែរ។ 21យើង​បាន​ទទួល​បទ‌បញ្ជា​នេះ​មក​ពី​ព្រះ‌អង្គ​ថា អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ អ្នក​នោះ​ក៏​ត្រូវ​តែ​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in