YouVersion Logo
Search Icon

ម៉ាថាយ 9

9
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ដើរ​រួច
1បន្ទាប់​មក អ៊ីសា​ចុះ​ទូក​ឆ្លង​សមុទ្រ ទៅ​ក្រុងរបស់​គាត់​វិញ។ 2ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​អ៊ីសា។ អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ!”។ 3ពួក​តួន​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ដ​ថា៖ «អ្នក​នេះ​ប្រមាថ​អុលឡោះ​!»។ 4អ៊ីសា​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​គាត់​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ? 5បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ”តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? 6ប៉ុន្ដែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រា​មនុស្ស​មាន​អំណាច​អត់​ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​រួច​ពី​បាប»។ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។ 7អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ 8កាល​មហា‌ជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។
ណាពី​អ៊ីសា​ត្រាស់​ហៅ​លោក​ម៉ាថាយ
9កាល​អ៊ីសា​ចេញ​ពី​ទី​នោះ​ទៅ​មុខ​បន្ដិច គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ដើរ​តាម​អ៊ីសា​ទៅ។ 10បន្ទាប់​មក អ៊ីសា​ពិសា​អាហារ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន​មក​អង្គុយ​រួម​តុ​ជា​មួយ​គាត់ និង​ពួក​សិស្ស​ដែរ។ 11ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​អ៊ីសា​ថា៖ «ហេតុ​អ្វី​បាន​ជា​តួន​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។ 12អ៊ីសា​ឮ​ដូច្នេះ ក៏​មាន​ប្រសាសន៍​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ 13ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះ‌គិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ “យើង​មិន​ចង់​បាន​គូរបាន​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្ដា‌ករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។
អំពី​ការ​តម​អាហារ
14ពេល​នោះ ពួក​សិស្ស​របស់​យ៉ះយ៉ា​ចូល​មក​ជួប​អ៊ីសា ហើយ​សួរ​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ 15អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ! ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។ 16ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ 17ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ​ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា​ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។
ណាពី​អ៊ីសា​ប្រោស​ស្ដ្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរូស​ឲ្យ​រស់​ឡើង​វិញ
18កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា​ជម្រាប​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។ 19អ៊ីសា​ក្រោក​ឡើង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស​ក៏​ទៅ​ជា​មួយ​ដែរ។ 20មាន​ស្ដ្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​អ៊ីសា ហើយ​ពាល់​ជាយ​អាវ​គាត់ 21ដ្បិត​នាង​រិះ‌គិត​ក្នុង​ចិត្ដ​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​អ៊ីសា ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ 22អ៊ីសា​បែរ​ទៅ​ក្រោយ ឃើញ​នាង ក៏​មាន​ប្រសាសន៍​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ដ្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។ 23កាល​អ៊ីសា​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ គាត់​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល​ច្របល់ អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖ 24«នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​អ៊ីសា។ 25កាល​អ៊ីសា​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ គាត់​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។ 26ដំណឹង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
27កាល​អ៊ីសា​កំពុង​តែ​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​គាត់ ស្រែក​ថា៖ «ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​យើង​ខ្ញុំ​ផង»។ 28ពេល​អ៊ីសា​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​គាត់។ អ៊ីសា​សួរទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​បាន​ឬ?»។ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ​អ៊ីសា‌ជាអម្ចាស់​អើយ»។ 29អ៊ីសា​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ 30ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ អ៊ីសា​ហាម​ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។ 31ប៉ុន្ដែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង ពាស‌ពេញ​ស្រុក។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​គ​ម្នាក់​ឲ្យ​និយាយ​បាន
32លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អ៊ីព្លេស​ចូល មក​ជួប​អ៊ីសា។ 33កាល​អ៊ីសា​ដេញ​អ៊ីព្លេស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រ‌អែល​ឡើយ»។ 34ប៉ុន្ដែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អ៊ីព្លេស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អ៊ីព្លេស​បាន​ប្រគល់​អំណាច​ឲ្យ»។
ណាពី​អ៊ីសា​អាណិត​មហា‌ជន
35បន្ទាប់​មក អ៊ីសា​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។ 36កាល​អ៊ីសា​ឃើញ​មហា‌ជន គាត់​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ដ ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ថែ‌ទាំ។ 37អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ 38ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in