ណាពីយ៉ូអែល 2
2
ថ្ងៃរបស់អុលឡោះ
1ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!
ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏វិសុទ្ធ
របស់អុលឡោះ!
ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់!
ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាកំពុងតែមក
ថ្ងៃនោះនៅជិតបង្កើយ។
2ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ
ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។
ហ្វូងកណ្ដូបដ៏ច្រើនលើសលប់
ប្រៀបបាននឹងកងទ័ពខ្លាំងពូកែ
កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ
ចាំងមកលើភ្នំ។
តាំងពីដើមមកមិនដែលមានដូច្នេះទេ
ហើយនៅពេលខាងមុខ រហូតតរៀងទៅ
ក៏មិនមានទៀតដែរ។
3នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ
នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល
ឆេះបំផ្លាញទាំងអស់
នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន
លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា
វាលរហោស្ថានដ៏ហួតហែង
គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
4ពួកវាប្រៀបបីដូចជាទ័ពសេះ
ពួកវាបោលទៅមុខដូចកងពលសេះ
5សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំង
ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។
សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។
ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ
តំរៀបគ្នាចូលប្រយុទ្ធ។
6ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវា
មនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។
7ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច
ពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែ
ម្នាក់ៗសំរុកទៅមុខ
ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
8គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ
គឺម្នាក់ៗសំរុកទៅមុខយ៉ាងត្រង់
ពួកវាលោតឆ្លងឧបសគ្គទាំងឡាយ
ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។
9ពួកវាសំរុកចូលទៅក្នុងទីក្រុង
រត់នៅលើកំពែងក្រុង
ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា
ដូចចោរចូលលួច។
10ផែនដីញ័រនៅមុខពួកវា
ផ្ទៃមេឃក៏កក្រើករំពើក
ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី
ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
11 អុលឡោះតាអាឡាចេញបញ្ជាទៅកងទ័ពរបស់ទ្រង់
ដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។
ពួកវាធ្វើតាមបញ្ជារបស់ទ្រង់
ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជាថ្ងៃដ៏មហិមា
និងគួរឲ្យស្ញែងខ្លាច
គ្មាននរណាអាចទ្រាំទ្របានឡើយ។
ការកែប្រែចិត្តគំនិត ដោយតមអាហារ
12«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង
ដោយស្មោះអស់ពីចិត្ត
ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា
13ចូរកែប្រែចិត្តគំនិត
កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ!
ចូរវិលមករកអុលឡោះតាអាឡា
ជាម្ចាស់របស់អ្នករាល់គ្នាវិញ
ដ្បិតទ្រង់តែងតែប្រណីសន្ដោស
ទ្រង់មានចិត្តអាណិតអាសូរ
ទ្រង់មានចិត្តអត់ធ្មត់
ពោរពេញដោយចិត្តមេត្តាករុណា
ទ្រង់មិនពេញចិត្តដាក់ទោសទេ។
14ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស
អ្នករាល់គ្នា
ហើយប្រទានពរដល់អ្នករាល់គ្នាវិញ
គឺអ្នករាល់គ្នានឹងមានម្សៅ
ស្រាទំពាំងបាយជូរ និងប្រេង
ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
15ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!
ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ
ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!
16ចូរហៅប្រជាជនមកជួបជុំគ្នា
ជាអង្គប្រជុំដ៏វិសុទ្ធ
ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា
ចូរប្រមូលផ្ដុំកូនក្មេង
សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ!
ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់!
17ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា
នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ
និងអាសនៈ ទាំងពោលថា:
អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ
ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង!
សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ
ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ
របស់ទ្រង់ផ្ទាល់នោះឡើយ។
សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ
ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
បន្ទូលសន្យារបស់អុលឡោះ
18 អុលឡោះតាអាឡាមានចិត្តស្រឡាញ់ស្រុក
របស់ទ្រង់ខ្លាំងណាស់
ទ្រង់អាណិតអាសូរប្រជាជនរបស់ទ្រង់។
19 អុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូរអាអង្វរ
របស់ពួកគេ
ទ្រង់មានបន្ទូលមកពួកគេថា: «មើល៍!
យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី
និងប្រេងឲ្យអ្នករាល់គ្នា
អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ
យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ
ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
20យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុក
ខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នា
យើងនឹងកំចាត់ពួកគេឲ្យទៅនៅ
វាលរហោស្ថានដ៏ស្ងួតហួតហែង។
យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខ
ទៅក្នុងសមុទ្រខាងកើត
ហើយជួរទ័ពដែលនៅខាងក្រោយ
ទៅក្នុងសមុទ្រខាងលិច។
សាកសពរបស់ពួកគេនឹងចោលក្លិនអសោច
ក្លិនសំអុយរបស់ពួកគេក៏សាយឡើងដែរ
ដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
21ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី
ចូរត្រេកអរសប្បាយរីករាយឡើង
ដ្បិតអុលឡោះតាអាឡាបានធ្វើការដ៏អស្ចារ្យបំផុត!
22សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី
ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ
ដើមឈើនឹងមានផ្លែ
ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ
ក៏បង្កើតភោគផលឡើងវិញដែរ។
23អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ
ចូរអរសប្បាយរីករាយឡើង
ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា
ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!
ទ្រង់បង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា
តាំងពីដើមរដូវរហូតដល់ចុងរដូវ
ដូចកាលពីមុនដែរ។
24លានបោកស្រូវនឹងមានពោរពេញដោយ
ស្រូវឡើងវិញ
ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី
និងប្រេង ពេញហូរហៀរឡើងវិញដែរ។
25រីឯភោគផលរបស់អ្នករាល់គ្នា
ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល
យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា
ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន
យើងនឹងសងអ្នករាល់គ្នាវិញ។
26អ្នករាល់គ្នានឹងមានអាហារបរិភោគ
យ៉ាងឆ្អែតបរិបូណ៌
រួចអ្នករាល់គ្នាលើកតម្កើងនាមអុលឡោះតាអាឡា
ជាម្ចាស់របស់អ្នករាល់គ្នា
ព្រោះទ្រង់បានធ្វើការអស្ចារ្យ
សម្រាប់អ្នករាល់គ្នា។
ពេលនោះ ប្រជារាស្ត្ររបស់យើង
នឹងលែងអាម៉ាស់មុខទៀតហើយ។
27អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងនៅក្នុងចំណោមជនជាតិអ៊ីស្រអែល
យើងជាអុលឡោះ ជាម្ចាស់របស់អ្នករាល់គ្នា
ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតទេ
ពេលនោះ ប្រជាជនរបស់យើង
នឹងលែងអាម៉ាស់ទៀតហើយ។
អុលឡោះចាក់បង្ហូររសរបស់ទ្រង់លើមនុស្សទាំងអស់
28អុលឡោះមានបន្ទូលថា:
ក្រោយមកទៀត
យើងនឹងចាក់បង្ហូររសរបស់យើង
មកលើមនុស្សលោកទាំងអស់។
កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
នឹងថ្លែងបន្ទូលយើង
ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត
ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
29ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី
ក៏យើងនឹងចាក់បង្ហូររសរបស់យើង
ទៅលើពួកគេដែរ។
30យើងនឹងសំដែងអំណាច
នៅលើមេឃ និងនៅលើផែនដី
គឺមានឈាម មានភ្លើង និងកំសួលផ្សែង។
31ពេលថ្ងៃរបស់អុលឡោះតាអាឡាមកដល់
គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច
ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី
ព្រះច័ន្ទនឹងប្រែទៅជាឈាម។
32ពេលនោះ អ្នកណាអង្វររកនាម
អុលឡោះតាអាឡា អ្នកនោះនឹងទទួលការសង្គ្រោះ។
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
អ្នកខ្លះនឹងគេចផុតពីមហន្តរាយ
ដូចអុលឡោះតាអាឡាបានសន្យាទុក។
អស់អ្នកដែលអុលឡោះតាអាឡាត្រាស់ហៅ
នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។
Currently Selected:
ណាពីយ៉ូអែល 2: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.