YouVersion Logo
Search Icon

ណាពី​ហូសេ 12

12
ទោស​របស់​កូន​ចៅ​ណាពី​យ៉ាកកូប
1«អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក
បញ្ឆោត​យើង
កូន​ចៅ​អ៊ីស្រ‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង»
ហើយ​យូដា​មិន​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ​ទេ
គេ​មិន​ស្មោះ​ត្រង់​នឹង​ម្ចាស់​ដ៏‌វិសុទ្ធ។
2អ្វីៗ​ដែល​អេប្រា‌អ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ
គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។
រៀង​រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក​ប្រាស់
និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។
អេប្រា‌អ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី
ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ
ស្រុក​អេស៊ីប។
3 អុលឡោះ‌តាអាឡា​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ
ទ្រង់​នឹង​ដាក់​ទោស​កូន​ចៅ​យ៉ាកកូប
ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ
ទ្រង់​តប​ស្នង​ទៅ​ពួក​គេ​វិញ
តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
4ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
យ៉ាកកូប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន
លុះ​ដល់​ពេល​ធំ​ពេញ​វ័យ
គាត់​បាន​តស៊ូ​ជា​មួយ​អុលឡោះ។
5គាត់​បាន​តស៊ូ​ជា​មួយ​ម៉ាឡា‌អ៊ីកាត់
គាត់​បាន​ឈ្នះ​ម៉ាឡា‌អ៊ីកាត់​នោះ
រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។
គាត់​បាន​ជួប​អុលឡោះ​នៅ​បេត‌អែល
គឺ​នៅ​ទី​នោះ​ហើយ​ដែល​ទ្រង់​មាន​បន្ទូល
មក​កាន់​គាត់។
6ទ្រង់​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល
នាម​របស់​ទ្រង់ គឺអុលឡោះ‌តាអាឡា
7ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ម្ចាស់​របស់​អ្នក
ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ទ្រង់​រហូត​ត​ទៅ។
8ប្រជា‌ជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃ
ដូច​អ្នក​ជំនួញ​ដែរ
គេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។
9អេប្រា‌អ៊ីម​ពោល​ថា:
“ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន
ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង
គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។
10«ប៉ុន្តែ យើង​ជាអុលឡោះ‌តាអាឡា
យើង​ជា​ម្ចាស់​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។
យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម
សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។
11យើង​បាន​និយាយ​ទៅ​កាន់​ពួក​ណាពី
យើង​បាន​សំដែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន
ហើយ​យើង​ក៏​បាន​ចោទ​ជា​ប្រស្នា
តាម​រយៈ​ពួក​ណាពី​ដែរ»។
12អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត
ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។
ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​គូរបាន
នៅ​គីលកាល
ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា
គំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។
13យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម
អ៊ីស្រ‌អែល​បម្រើ​គេ
ព្រោះ​ចង់​បាន​ប្រពន្ធ
គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។
14 អុលឡោះ‌តាអាឡា​បាន​ប្រើ​ណាពី​មួយ​នាក់​ឲ្យ​នាំ
ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
ហើយ​ទ្រង់​ប្រើ​ណាពី​ឲ្យ​មើល​ថែ​ទាំ
ប្រជា‌រាស្ត្រ​របស់​ទ្រង់។
15អេប្រា‌អ៊ីម​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា
ខក​ចិត្ត​យ៉ាង​ខ្លាំង
ម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ
ព្រោះ​គេ​បាន​បង្ហូរ​ឈាម។
ទ្រង់​ដាក់​ទោស​គេ
ព្រោះ​គេ​ព្រហើន​ដាក់​ទ្រង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in