YouVersion Logo
Search Icon

កំណើត​ពិភព​លោក 16

16
កំណើត​ណាពី​អ៊ីស្មាអែល
1សារ៉ាយ ជា​ភរិយា​របស់​អ៊ីប្រាំ ពុំ​បាន​បង្កើត​កូន​ជូន​ប្ដី​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ហាជើរ។ 2សារ៉ាយ​ជម្រាប​អ៊ីប្រាំ​ថា៖ «ដោយអុលឡោះ‌តាអាឡា​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ដូច្នេះ សូម​បង​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង»។ អ៊ីប្រាំ​ក៏​ស្តាប់​តាម​ពាក្យ​សំដី​របស់​សារ៉ាយ។ 3ពេល​សារ៉ាយ​ជា​ភរិយា យក​ហាជើរ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​អ៊ីប្រាំ​ជា​ស្វាមី ធ្វើ​ជា​ប្រពន្ធ អ៊ីប្រាំ​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។ 4អ៊ីប្រាំ​បាន​យក​ហាជើរ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់‌ងាយ​ចៅ‌ហ្វាយ​ស្រី​របស់​ខ្លួន។ 5សារ៉ាយ​ពោល​ទៅ​កាន់​អ៊ីប្រាំ​ថា៖ «ព្រោះ​តែ​បង​ហ្នឹង​ហើយ បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បម្រើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​បង។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើល​ងាយ​ខ្ញុំ​ទៅ​វិញ។ សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ​ក្រម​រវាង​បង និង​ខ្ញុំ​ចុះ!»។ 6អ៊ីប្រាំ​តប​ទៅ​សារ៉ាយ​វិញ​ថា៖ «អូន​មាន​អំណាច​លើ​ស្រី​បម្រើ​របស់​អូន​ស្រាប់ ដូច្នេះ បើ​អូន​ចង់​ធ្វើ​អ្វី​នាង ចូរ​ធ្វើ​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។ សារ៉ាយ​ក៏​ធ្វើ​បាប​ហាជើរ រហូត​ដល់​នាង​រត់​ចេញ​ឆ្ងាយ​ពី​គាត់​បាត់​ទៅ។
7ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។ 8ម៉ាឡា‌អ៊ីកាត់​នោះ​ពោល​ថា៖ «ហាជើរ ជា​ស្រី​បម្រើ​របស់​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​សារ៉ាយ ជា​ចៅ‌ហ្វាយ​របស់​នាង​ខ្ញុំ»។ 9ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ចៅ‌ហ្វាយ​របស់​នាង​វិញ ហើយ​ស្តាប់​បង្គាប់​គាត់​ទៅ»។ 10ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។ 11ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។
នាង​នឹង​សំរាល​បាន​កូន​ប្រុស​មួយ
នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល
ដ្បិតអុលឡោះ‌តាអាឡា​បាន​ឮ​សំរែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។
12កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃ
វា​នឹង​វាយ​មនុស្ស​ទាំង​អស់
ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។
វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី
បង‌ប្អូន​របស់​វា»។
13ហាជើរ​បាន​ដាក់​ឈ្មោះអុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​មក​នាង​ថា “អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «អុលឡោះ​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ទ្រង់»។ 14ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្តូង​ទឹក​នោះ​ថា “អណ្តូង​ឡាហាយ‌រយ”។ អណ្តូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដែស និង​ភូមិ​បារ៉ែដ។
15ហាជើរ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​អ៊ីប្រាំ ហើយ​អ៊ីប្រាំ​ដាក់​ឈ្មោះ​កូន​ដែល​ហាជើរ​បាន​បង្កើត​ជូន​គាត់​នោះ​ថា “អ៊ីស្មា‌អែល”។ 16នៅ​ពេល​ដែល​ហាជើរ​បង្កើត​អ៊ីស្មា‌អែល​ជូន​គាត់​នោះ អ៊ីប្រាំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in