YouVersion Logo
Search Icon

កំណើត​ពិភព​លោក 13

13
ឡូត​បែក​ចេញ​ពី​អ៊ីប្រាំ
1អ៊ីប្រាំ​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប​ជា​មួយ​ភរិយា និង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​គាត់។ ឡូត​ក៏​មក​ជា​មួយ​ដែរ។ 2អ៊ីប្រាំ​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។ 3គាត់​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេតអែល ជា​កន្លែង​ដែល​គាត់​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេតអែល និង​ក្រុង​អៃ 4គឺ​នៅ​កន្លែង​ដែល​គាត់​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ គាត់​ក៏​គោរព​បម្រើអុលឡោះ‌តាអាឡា​នៅ​ទី​នោះ។
5ឡូត​ដែល​មក​ជា​មួយ​អ៊ីប្រាំ ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។ 6ស្រុក​នោះ​ពុំ​មាន​លទ្ធភាព​ឲ្យ​គាត់​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​គាត់​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។ 7ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​អ៊ីប្រាំ និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​ឡូត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ 8អ៊ីប្រាំ​មាន​ប្រសាសន៍​ទៅ​កាន់​ឡូត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។ 9មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។
10ឡូត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែលអុលឡោះ‌តាអាឡា​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។ 11ឡូត​ជ្រើស​រើស​យក​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​សម្រាប់​គាត់ ហើយ​ក៏​ចេញ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ គាត់​ទាំង​ពីរ​បាន​បែក​ពី​គ្នា តាម​របៀប​នេះ​ឯង។ 12អ៊ីប្រាំ​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​ឡូត​រស់​នៅ​តាម​ទី​ក្រុង​នា​នា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។ 13អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា
សេចក្តី​សន្យា​របស់​អុលឡោះ
14ក្រោយ​ពេល​ឡូត​បែក​ចេញ​ពី​អ៊ីប្រាំ​ទៅ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ៊ីប្រាំ​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ! 15ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។ 16យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។ 17ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។ 18អ៊ីប្រាំ​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ​គាត់​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in