ណាពីអេសេគាល 24
24
ទីសំគាល់អំពីថ្លាង
1នៅឆ្នាំទីប្រាំបួន ខែទីដប់ ថ្ងៃទីដប់ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរកត់ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡឹម។ 3ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ:
ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង
រួចចាក់ទឹកទៅក្នុងថ្លាងនោះ។
4បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាង
គឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មា
រួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។
5ចូរយកសាច់ចៀមដ៏ល្អៗមក
ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។
ចូរស្ងោរសាច់នៅក្នុងថ្លាងឲ្យផុយ
សូម្បីតែឆ្អឹងក៏ត្រូវឲ្យឆ្អិនល្អដែរ។
6 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ:
ក្រុងដែលប្រឡាក់ទៅដោយឈាម
មុខជាត្រូវវេទនាពុំខាន!
ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹម
ហើយស្នឹមនេះដុសមិនជ្រះទេ។
ចូរស្រង់ដុំសាច់ចេញបន្តបន្ទាប់គ្នា
គ្មានដុំណាមួយនៅសល់ឡើយ។
7នៅក្នុងក្រុង គេសម្លាប់គ្នា
គេបង្ហូរឈាមនៅលើផ្ទាំងថ្ម
គឺមិនទុកឲ្យឈាមនោះស្រោចលើដី
ហើយយកដីលុបទេ។
8ដូច្នេះ ដើម្បីសម្រេចតាមកំហឹង
និងតាមការសងសឹករបស់យើង
យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម
ឥតយកដីលុបឡើយ។
9 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ:
ក្រុងដែលប្រឡាក់ទៅដោយឈាម
មុខជាត្រូវវេទនាពុំខាន!
ដ្បិតយើងនឹងបង្កាត់ភ្លើងដ៏សន្ធោសន្ធៅដែរ។
10ចូរយកអុសយ៉ាងច្រើនមកគរលើគ្នា!
ចូរបង្កាត់ភ្លើង! ចូរចំអិនសាច់!
ចូរដាក់គ្រឿង ហើយដុតបន្សុសឆ្អឹងទៅ!
11បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើង
ទុកឲ្យក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហម
អ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយ
រីឯស្នឹមក៏ត្រូវរលាយអស់ដែរ។
12ទោះបីគេខំប្រឹងយ៉ាងណាក៏ដុសស្នឹមមិនជ្រះដែរ គឺមានតែភ្លើងទេដែលអាចជម្រះស្នឹមបាន! 13យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។ 14យើងជាអុលឡោះតាអាឡាយើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទីសំគាល់អំពីមរណភាពនៃភរិយារបស់ណាពី
15 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 16«កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។ 17ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។
18នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកខ្ញុំ។ 19ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសម្រាប់យើងខ្ញុំ?»។ 20ខ្ញុំឆ្លើយទៅគេវិញថា៖ «អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: 21“ចូរប្រាប់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។ 22ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។ 23អ្នករាល់គ្នានឹងជួតក្បាលពាក់ស្បែកជើងធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែ អ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។ 24អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាជាម្ចាស់មែន”។
25កូនមនុស្សអើយ យើងនឹងដកទីសក្ការៈដែលជាកម្លាំង អំណរ ភាពរុងរឿង និងជាទីគាប់ចិត្ត ជាទីស្រឡាញ់របស់ពួកគេ យើងក៏នឹងដកកូនប្រុសកូនស្រីចេញពីពួកគេដែរ 26នៅថ្ងៃនោះ មានមនុស្សរត់នាំដំណឹងមកប្រាប់អ្នក 27នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសម្រាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
Currently Selected:
ណាពីអេសេគាល 24: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.