YouVersion Logo
Search Icon

សេរី‌ភាព 9

9
គ្រោះ​កាច​ទី​ប្រាំ: ជំងឺ​អាសន្ន​រោគ
1បន្ទាប់​មក អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ប្រាប់​ដូច​តទៅ: អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ​មាន​បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង”។ 2ប្រសិន​បើ​ស្តេច​បដិសេធ​មិន​បើក​ឲ្យ​ពួក​គេ​ទៅ ប្រសិន​បើ​ស្តេច​នៅ​តែ​ឃាត់​ពួក​គេ 3នោះអុលឡោះ‌តាអាឡា​នឹង​ប្រើ​អំណាច​របស់​ទ្រង់​ប្រហារ​ហ្វូង​សត្វ​របស់​ស្តេច នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម ឲ្យ​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​ធ្ងន់​ធ្ងរ។ 4ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​វិនាស​ដូច​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អេស៊ីប​ទេ»។ 5អុលឡោះ‌តាអាឡា​កំណត់​ពេល​វេលា ដោយ​មាន​បន្ទូល​ថា ស្អែក​ទ្រង់​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។
6នៅ​ថ្ងៃ​បន្ទាប់ អុលឡោះ‌តាអាឡា​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​ឲ្យ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​វិនាស​ឡើយ។ 7ស្តេច​ហ្វៀរ៉អ៊ូន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ ហើយ​ស្តេច​ជ្រាប​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ទៅ​ទេ។
គ្រោះ​កាច​ទី​ប្រាំ​មួយ: ជំងឺ​បូស
8 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ «ចូរ​យក​ដៃ​ក្តាប់​ផេះ​ពី​ចង្ក្រាន ហើយ​ឲ្យ​ម៉ូសា​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន 9ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាស​ពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ទៅ​ជា​ដំបៅ​ងា​ទៀត​ផង»។ 10ម៉ូសា និង​ហារូន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន។ ម៉ូសា​បាច​ផេះ​ទៅ​លើ បណ្តាល​ឲ្យ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។ 11ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​ម៉ូសា​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។ 12ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា មាន​បន្ទូល​ទុក​ស្រាប់។
គ្រោះ​កាច​ទី​ប្រាំ​ពីរ: ព្រឹល
13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ប្រាប់​ថា: អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ មាន​បន្ទូល​ដូច​តទៅ “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។ 14លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង ប្រហារ​អ្នក ព្រម​ទាំង​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី អាច​ប្រៀប​ផ្ទឹម​នឹង​យើង​បាន​ឡើយ។ 15ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្ន​រោគ​ប្រហារ​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក ឲ្យ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។ 16យើង​បាន​តាំង​អ្នក​ជា​ស្តេច ដើម្បី​ឲ្យ​អ្នក​ឃើញ​អំណាច​របស់​យើង ហើយ​ឲ្យ​កិត្តិនាម​របស់​យើង បាន​ឮ​ខ្ចូរ‌ខ្ចាយ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។ 17អ្នក​បាន​ជំទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​មិន​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។ 18ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។ 19ឥឡូវ​នេះ ចូរ​ប្រាប់​គេ​ឲ្យ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល​យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជំរក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។
20នា​ម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​បន្ទូល​របស់ អុលឡោះ‌តាអាឡា ក៏​នាំ​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជំរក។ 21រីឯ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​បន្ទូល​របស់អុលឡោះ‌តាអាឡា ទេ ក៏​ទុក​អ្នក​បម្រើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។
22 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។
23ម៉ូសា​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ អុលឡោះ‌តាអាឡា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់ មក​លើ​ស្រុក​អេស៊ីប។ 24ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយ​ឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជា‌ជាតិ​អេស៊ីប​កកើត​មក មិន​ដែល​មាន​ដូច្នេះ​ទេ។ 25នៅ​ពាស​ពេញ​ស្រុក​អេស៊ីប​ទាំង​មូល មាន​ព្រឹល​ធ្លាក់​មក​លើ​មនុស្ស និង​សត្វ​នៅ​តាម​វាល​បំផ្លាញ​តិណ​ជាតិ និង​បំបាក់​ដើម​ឈើ​ទៀត​ផង។ 26មាន​តែ​ស្រុក​កូសែន ជា​កន្លែង​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។ 27ស្តេច​ហ្វៀរ៉អ៊ូន​ក៏​កោះ​ហៅ​ម៉ូសា និង​ហារូន ហើយ​មាន​ប្រសាសន៍​ថា៖ «លើក​នេះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​សុចរិត រីឯ​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។ 28ចូរ​អង្វរអុលឡោះ‌តាអាឡា​សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​តទៅ​ទៀត។ យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។
29ម៉ូសា​តប​វិញ​ថា៖ «ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​ក្រុង ខ្ញុំ​នឹង​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា នោះ​ផ្គរ​លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ស្តេច​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់អុលឡោះ‌តាអាឡា30ប៉ុន្តែ ខ្ញុំ​ដឹង​ថា ស្តេច ព្រម​ទាំង​នា​ម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាចអុលឡោះ‌តាអាឡា​នៅ​ឡើយ»។ 31ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់ 32រីឯ​ស្រូវ​សាឡី និង​ស្រូវ​ធ្ងន់​មិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។ 33បន្ទាប់​មក ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន រួច​ចេញ​ទៅ​ក្រៅ​ទី​ក្រុង។ គាត់​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។
34ពេល​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ ដូច្នេះ ស្តេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្តេច ទាំង​នា​ម៉ឺន​មន្ត្រី នៅ​តែ​មានះ​ដដែល។ 35ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​អនុ‌ញ្ញាត​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ទៅ ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​តាម​រយៈ​ម៉ូសា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in