YouVersion Logo
Search Icon

រ៉ូម 8

8
1ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ 2ដ្បិត​អំណាច​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប នឹង​សេចក្ដី​ស្លាប់​ហើយ 3ពី​ព្រោះ ឯ​ការ​ដែល​ក្រិត្យ‌វិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្ដី​កំសោយ ព្រោះ​សាច់​ឈាម នោះ​ព្រះ‌ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ បែប​ដូច​ជា​សាច់​ឈាម​ដែល​តែង‌តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម 4ដើម្បី​ឲ្យ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះ‌វិញ្ញាណ​វិញ 5ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ 6ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ 7ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង 8ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ 9តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ 10ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្ដី​សុចរិត 11មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។
12ដូច្នេះ បង​ប្អូន​អើយ យើង​មាន​សេចក្ដី​ជាប់​ជំពាក់ មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ឲ្យ​បាន​រស់​តាម​សាច់​ឈាម​នោះ​ទេ 13ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយ‌សារ​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ 14ហើយ​អស់​អ្នក​ណា​ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ 15អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ 16ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ 17បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។
18ខ្ញុំ​រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្ដី​មិន​គួរ​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ 19ដ្បិត​សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង‌ឡាយ នោះ​រង់‌ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ 20ពី​ព្រោះ​ជីវិត​ទាំង‌ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ ដែល​ទ្រង់​បញ្ចុះ‌បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា 21ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ 22ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំង‌ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ‌ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ 23មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់‌ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្ដី​ប្រោស​លោះ​ដល់​រូប‌កាយ​យើង​ផង 24ដ្បិត​យើង​បាន​សង្គ្រោះ​រួច ដោយ​សេចក្ដី​សង្ឃឹម តែ​សេចក្ដី​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ឈ្មោះ​ថា​ជា​សេចក្ដី​សង្ឃឹម​ទេ ដ្បិត​របស់​អ្វី​ដែល​អ្នក​ណា​មើល​ឃើញ​ហើយ នោះ​នឹង​សង្ឃឹម​ចង់​បាន​ធ្វើ​អ្វី​ទៀត 25តែ​បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់‌ចាំ​នៅ​ដោយ​អំណត់ 26ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្ដី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ 27ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ព្រះ 28តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់ 29ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន 30ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។
31ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន 32ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង 33តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត 34តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​ជាង ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ 35តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ‌គ្រីស្ទ​បាន តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀត‌បៀន សេចក្ដី​អត់‌ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី 36ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់​វាល់​ព្រឹក​វាល់​ល្ងាច ដោយ​យល់​ដល់​ទ្រង់» គេ​រាប់​យើង​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់ 37ទេ គឺ​ក្នុង​សេចក្ដី​ទាំង​នោះ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ‌ជំនះ​ទៅ​ទៀត ដោយ‌សារ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង 38ដ្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ‌ឫទ្ធិ​អ្វី 39ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

Currently Selected:

រ៉ូម 8: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy