ទំនុកដំកើង 94
94
1ឱព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីសងសឹកអើយ
ឱព្រះនៃសេចក្ដីសងសឹកអើយ សូមភ្លឺមក
2ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង
សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ
3មនុស្សអាក្រក់នឹងនៅមានជ័យជំនះដល់កាលណាទៀត
ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ
4គេបង្ហូរចេញជាពាក្យព្រហើន ហើយពោលតែពាក្យ
ឆ្មើងឆ្មៃប៉ុណ្ណោះ
គឺអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន
5ឱព្រះយេហូវ៉ាអើយ គេញាំញីរាស្ត្ររបស់ទ្រង់
ហើយធ្វើទុក្ខដល់មរដកទ្រង់
6គេសំឡាប់ស្រីមេម៉ាយ នឹងពួកអ្នកស្នាក់នៅ
ព្រមទាំងប្រហារជីវិតនៃពួកកំព្រាផង
7ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេ
ព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ
8ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះ
ឱមនុស្សឥតបើគិតអើយ
តើកាលណានឹងមានប្រាជ្ញាឡើង
9ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ
ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
10ព្រះដែលវាយប្រដៅដល់អស់ទាំងសាសន៍
តើទ្រង់មិនផ្ចាលឯងទេឬអី
គឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ
11ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថា
សុទ្ធតែឥតប្រយោជន៍ទទេ
12ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែល
ទ្រង់វាយផ្ចាល
ហើយបង្ហាត់បង្រៀនតាមក្រិត្យវិន័យទ្រង់ផង
13គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដី
សំរាកនៅថ្ងៃអាក្រក់
ទំរាំតែគេជីករណ្តៅសំរាប់មនុស្សប្រព្រឹត្តទំនាស់
14ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ
ក៏មិនលះបង់មរដកទ្រង់ដែរ
15ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញ
ហើយអស់អ្នកដែលមានចិត្តទៀងត្រង់
គេនឹងប្រព្រឹត្តតាមដែរ
16តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួក
អ្នកដែលប្រព្រឹត្តការអាក្រក់
តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួក
ដែលប្រព្រឹត្តការទុច្ចរិត
17បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេ
នោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹង
ដោយឆាប់ហើយ
18កាលទូលបង្គំបានពោលថា
ជើងទូលបង្គំរអិលភ្លាត់ហើយ
នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់
បានទប់ទល់ទូលបង្គំ
19គ្រាដែលទូលបង្គំមានគំនិតសាន់វ័ណ្តក្នុងចិត្តជាច្រើន
នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់
ព្រលឹងទូលបង្គំវិញ
20តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកប
នឹងទ្រង់បានដែរឬ
គឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយ
ដោយអាងមាត្រាច្បាប់
21គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិត
ហើយក៏កាត់ទោសដល់ឈាមដែលឥតមានទោសផង
22ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ
គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន
23ទ្រង់បានទំលាក់ការទុច្ចរិតរបស់គេទៅលើគេវិញ
ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ
គឺព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ
ទ្រង់នឹងកាត់កាល់គេចេញ។
Currently Selected:
ទំនុកដំកើង 94: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.