ទំនុកដំកើង 9
9
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងតាមបទ «កូនប្រុសស្លាប់ហើយ»។
1ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត
ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
2ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់
ឱព្រះដ៏ខ្ពស់បំផុតអើយ
ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់
3កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅ
នោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់
4ដ្បិតទ្រង់បានរាំងពារសេចក្ដីទៀងត្រង់
នឹងរឿងក្តីរបស់ទូលបង្គំ
ទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជំរះដោយយុត្តិធម៌
5ទ្រង់បានបន្ទោសដល់សាសន៍ដទៃទាំងប៉ុន្មាន
ក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញ
ទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ
6ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច
ឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញ
នោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
7ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច
ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ
8ទ្រង់នឹងជំនុំជំរះមនុស្សលោកដោយយុត្តិធម៌
ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្ដីសុចរិត
9ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក
ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
គឺជាទីពឹងនៅគ្រាលំបាក
10ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់
គេនឹងទុកចិត្តដល់ទ្រង់
ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក
ដែលស្វែងរកទ្រង់ឡើយ
11ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា
ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ
ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
12ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាម
នោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះ
ទ្រង់មិនដែលភ្លេចសំរែករបស់ពួកមនុស្សក្រីក្រឡើយ
13ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ
សូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផង
ជាការដែលទូលបង្គំទ្រាំរងនេះ
ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ
ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
14ដើម្បីឲ្យទូលបង្គំបានសំដែងចេញអស់ទាំងសេចក្ដី
សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន
ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់
15អស់ទាំងសាសន៍ដទៃបានផុងទៅ
ក្នុងរណ្តៅដែលខ្លួនបានជីក
ជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក
16ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់
ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌
ពួកមនុស្សអាក្រក់បានជាប់អន្ទាក់
ដោយការដែលដៃគេធ្វើ។
– វាយភ្លេងស្រងូតទទួល –បង្អង់
17៙ ពួកមនុស្សអាក្រក់
នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់
18ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ
ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ
ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ
19ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង
សូមកុំឲ្យមនុស្សឈ្នះឡើយ
សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជំរះនៅចំពោះទ្រង់
20ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត
សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់
Currently Selected:
ទំនុកដំកើង 9: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.