ទំនុកដំកើង 77
77
ទំនុករបស់អេសាភ ដែលលោកលើកសំរាប់មេភ្លេង ជូនដល់លោកយេឌូថិន។
1ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះ
ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ
ហើយទ្រង់ក៏ស្តាប់ខ្ញុំ
2នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា
នោះខ្ញុំបានស្វែងរកព្រះអម្ចាស់
នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ
ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
3ខ្ញុំនឹកពីព្រះ នោះក៏មានចិត្តទុរន់ទុរា
ខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់
ទូលបង្គំមានសេចក្ដីទុក្ខប្រដេញ
ទាល់តែរកនិយាយមិនចេញ
5ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ
នឹងអស់ទាំងឆ្នាំពីកាលមុន
6ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់
នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ
ក៏ស្វែងរកសេចក្ដីចំឡើយដែរ
7តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ
តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
8តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬ
តើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
9តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ
តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក
ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់
10៙ នោះទូលបង្គំបាននឹកថា
នេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំ
តែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំ
នៃព្រះដ៏ខ្ពស់បំផុត បានប្រោសវិញ
11ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា
ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ
ដែលទ្រង់បានធ្វើកាលពីដើម
12ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់
ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធ
តើមានព្រះឯណាដែលធំដូចជាទ្រង់
14ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ
ទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់
នៅកណ្តាលអស់ទាំងសាសន៍
15ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច
ដោយព្រះហស្តរបស់ទ្រង់
គឺជាពួកកូនចៅយ៉ាកុប នឹងយ៉ូសែបផង។ –បង្អង់
16៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់
គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់
ហើយមានសេចក្ដីភិតភ័យ
អស់ទាំងទីជំរៅក៏ញ័រដែរ
17អស់ទាំងពពកបានចាក់ទឹកចេញ
ផ្ទៃមេឃក៏បញ្ចេញសូររំពង
ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
18សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួច
ផ្លេកបន្ទោរបានបំភ្លឺលោកីយ
ឯផែនដីក៏ញ័រកក្រើក
19ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ
ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន
ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
20ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម
គឺដោយដៃរបស់ម៉ូសេ នឹងអើរ៉ុន។
Currently Selected:
ទំនុកដំកើង 77: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.