YouVersion Logo
Search Icon

ទំនុកដំកើង 46

46
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ត្រូវ​ច្រៀង​ដោយ​សំឡេង​ស្រួច។
1ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ
ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន
2ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ
ទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅ
ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ
នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ
3ទោះ​បើ​ទឹក​សមុទ្រ​បញ្ចេញ​សូរ​គឹក‌កង ហើយ​រំជួល​ឡើង
ឬ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ
ដោយ​រលក​លោត​ចុះ​ឡើង​ក្តី។ –បង្អង់
4៙ មាន​ទន្លេ​១​ដែល​ព្រែក​ទាំង​ប៉ុន្មាន
នាំ​ឲ្យ​ក្រុង​នៃ​ព្រះ​មាន​សេចក្ដី​អំណរ
គឺ​ជា​ទី​បរិសុទ្ធ​នៃ​ពន្លា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត
5ព្រះ‌ទ្រង់​គង់​នៅ​កណ្តាល
ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ
ព្រះ‌ទ្រង់​នឹង​ជួយ​ចាប់​តាំង​ពី​ព្រលឹម​ផង
6អស់​ទាំង​សាសន៍​ដទៃ​បាន​ជ្រួល‌ជ្រើម
ហើយ​នគរ​ទាំង​ប៉ុន្មាន​ពពាក់‌ពពូន​ឡើង
តែ​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ផែនដី​ក៏​រលាយ​ទៅ
7ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ
គឺ​ព្រះ​នៃ​យ៉ាកុប ទ្រង់​ជា​ទី​ពឹង​ជ្រក​របស់​យើង​ខ្ញុំ។
–បង្អង់
8៙ ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា
ជា​ការ​ហិន‌វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី
9ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់
រហូត​ដល់​ចុង​ផែនដី
ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង
ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង
10ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ
អញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃ
អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី
11ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ
ព្រះ​នៃ​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​នៃ​យើង​ខ្ញុំ។
–បង្អង់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in