YouVersion Logo
Search Icon

ទំនុកដំកើង 44

44
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ជា​សេចក្ដី​បង្រៀន។
1ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រចៀក
ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំ
ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ
នៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ
2គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ
ដោយ​ព្រះ‌ហស្ត​ទ្រង់
ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រាអែល​វិញ
ទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃ
តែ​បាន​ឲ្យ​អ៊ីស្រាអែល​វាត​ទី​ចេញ​ទៅ
3ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ​ដោយ​ដាវ​ខ្លួន​ទេ
ក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរ
គឺ​ជា​ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ទ្រង់
ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​វិញ
ដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។
4៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ
សូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប
5យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់
ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំ
ដោយ​នូវ​ព្រះ‌នាម​ទ្រង់
6ដ្បិត​ទូលបង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូលបង្គំ​ទេ
ហើយ​ដាវ​ទូលបង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូលបង្គំ​ដែរ
7គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញ
ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង
8យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ ជា​ដរាប​រាល់​ថ្ងៃ
ហើយ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​តទៅ។ –បង្អង់
9៙ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ
ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាប់‌យស​ផង
ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព​យើង​ខ្ញុំ​ទៀត​ដែរ
10ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវ
ហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ
គេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ
11ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់
ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ
12ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃ
ហើយ​មិន​បាន​ចំរើន​ទ្រព្យ​ដោយ‌សារ​ដំឡៃ​របស់​គេ​ទេ។
13៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀល
ចំពោះ​ពួក​អ្នក​ជិត​ខាង
ជា​ទី​ឡក‌ឡឺយ
ហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ
14ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរ
ហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង
15សេចក្ដី​អាប់‌យស​របស់​ទូលបង្គំ​នៅ​មុខ​ទូលបង្គំ​ជានិច្ច
ហើយ​ភាព​ខ្មាស​នៃ​មុខ​ទូលបង្គំ ក៏​គ្រប​ទូលបង្គំ​ដែរ
16ដោយ​ព្រោះ​សំឡេង​នៃ​ពួក​អ្នក​ដែល​ប្រមាថ​មើល‌ងាយ
ហើយ​ពួក​ខ្មាំង​សត្រូវ នឹង​ពួក​អ្នក​ដែល​សង​សឹង​ផង។
17៙ ការ​ទាំង​នោះ​បាន​កើត​ដល់​យើង​ខ្ញុំ​ហើយ
ប៉ុន្តែយើង​ខ្ញុំ​មិន​បាន​ភ្លេច​ទ្រង់​ឡើយ
ក៏​មិន​បាន​ក្បត់​សេចក្ដី​សញ្ញា​ទ្រង់​ដែរ
18ចិត្ត​យើង​ខ្ញុំ​មិន​បាន​ថយ​ត្រឡប់​ទេ
ជំហាន​នៃ​យើង​ខ្ញុំ​ក៏​មិន​បាន​ទាស​ចេញ​ពី​ផ្លូវ​ទ្រង់​ដែរ
19ទោះ​បើ​ទ្រង់​បាន​បំបាក់​បំបែក​យើង​ខ្ញុំ​នៅ​ទី​របស់​ឆ្កែ​ព្រៃ
ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ក៏​ដោយ។
20៙ បើ​យើង​ខ្ញុំ​បាន​ភ្លេច​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ
ឬ​ប្រទូល​ដៃ​ទៅ​ឯ​ព្រះ​ដទៃ​ណា​មួយ
21នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អី
ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង
22យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់ ជា​ដរាប​រាល់​ថ្ងៃ
ដោយ​ព្រោះ​ទ្រង់
ហើយ​ក៏​រាប់​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់។
23៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​តើន​ឡើង
ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ផ្ទំ​លក់
សូម​ទ្រង់​តើន​ឡើង
កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប​ឡើយ
24ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ
ហើយ​ភ្លេច​សេចក្ដី​វេទនា នឹង​សេចក្ដី
ទុក្ខ​លំបាក​របស់​យើង​ខ្ញុំ
25ដ្បិត​ព្រលឹង​នៃ​យើង​ខ្ញុំ​បាន​ត្រូវ​ឱន​ដល់​ធូលី​ដី​ហើយ
ខ្លួន​ប្រាណ​នៃ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​ដី​ដែរ
26សូម​ទ្រង់​តើន​ឡើងជួយ​យើង​ខ្ញុំ
ហើយ​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់
សេចក្ដី​សប្បុរស​របស់​ទ្រង់​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in