YouVersion Logo
Search Icon

ទំនុកដំកើង 118

118
1ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ទ្រង់​ល្អ
សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
2ឥឡូវ​នេះ គួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ពោល​ថា
សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
3ឥឡូវ​នេះ គួរ​ឲ្យ​ពូជ‌ពង្ស​នៃ​អើរ៉ុន​ពោល​ថា
សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប 4ឥឡូវ​នេះ គួរ​ឲ្យ​អស់​អ្នក
ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​បាន​ពោល​ថា
សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
5ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ
ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់
ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ
6ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ
តើ​មនុស្ស​អាច​នឹង​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន
7ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ
ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ
ដូច្នេះ ខ្ញុំ​នឹង​ឃើញ​ការ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ខ្ញុំ
តាម​បំណង​ចិត្ត​ខ្ញុំ
8ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​មនុស្ស
9ស៊ូ​ពឹង​ជ្រក​នៅ​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​នឹង​ពួក​អ្នក​ធំ។
10៙ សាសន៍​ទាំង​ប៉ុន្មាន​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ
តែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ
11គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ អើ បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ពិត
តែ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ
12គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ជុំវិញ ដូច​ជា​ហ្វូង​ឃ្មុំ
តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្លា
ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ
13គេ​បាន​ច្រាន​យ៉ាង​ខ្លាំង ចង់​ឲ្យ​ខ្ញុំ​ដួល
ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ខ្ញុំ
14ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​ទំនុក​ច្រៀង​របស់​ខ្ញុំ
ក៏​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ដែរ។
15៙ នៅ​ក្នុង​លំនៅ​របស់​មនុស្ស​សុចរិត
នោះ​មាន​ឮ​សំឡេង​ច្រៀង ដោយ​អំណរ​ពី​សេចក្ដី​សង្គ្រោះ
ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ
16ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង
ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សំដែង​ឥទ្ធិ‌ឫទ្ធិ។
17៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​នឹង​រស់​នៅ​វិញ
ហើយ​ខ្ញុំ​នឹង​ប្រកាស​ពី​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា
18ព្រះ‌យេហូវ៉ា​បាន​វាយ‌ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង
តែ​មិន​បាន​បណ្តោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ
19សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅ
ហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
20នេះ​ហើយ​ជា​ទ្វារ​នៃ​ព្រះ‌យេហូវ៉ា
ពួក​មនុស្ស​សុចរិត​នឹង​ចូល​តាម​ទ្វារ​នេះ
21ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ដ្បិត​ទ្រង់​បាន​ឆ្លើយ​មក​ទូលបង្គំ
ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ទូលបង្គំ។
22៙ ឯ​ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ
នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ហើយ
23នេះ​គឺ​ជា​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ
ហើយ​ក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ
24ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​កំណត់​ទុក
នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីក‌រាយ​សប្បាយ​ឡើង។
25៙ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់
សូម​ជួយ​សង្គ្រោះ​ឥឡូវ
ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​ទូល‌អង្វរ​ដល់​ទ្រង់
សូម​ចាត់​សេចក្ដី​ចំរើន​មក​ឥឡូវ
26សូម​ឲ្យ​ព្រះ‌អង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម
ព្រះ‌យេហូវ៉ា បាន​ប្រកប​ដោយ​ព្រះ‌ពរ
យើង​ខ្ញុំ​បាន​សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ
អំពី​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា
27ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ពន្លឺ​មក​យើង​ខ្ញុំ
ចូរ​ចង​យញ្ញ‌បូជា​ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​ចុះ
28ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ
ហើយ​ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំៗ​នឹង​ដំកើង​ទ្រង់​ឡើង។
29៙ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​ល្អ
សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy