ទំនុកដំកើង 104
104
1ឱព្រលឹងអញអើយ
ចូរសរសើរដល់ព្រះយេហូវ៉ា
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែង
ទ្រង់ប្រដាប់អង្គដោយយសសក្តិនឹងតេជានុភាព
2ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា
គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ
3ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក
ក៏យកពពកធ្វើជារថរបស់ទ្រង់
ហើយទ្រង់យាងលើស្លាបខ្យល់
4ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់
ហើយយកអណ្តាតភ្លើងធ្វើជាពួកបំរើទ្រង់
5ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ
មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប
6ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវ
ទឹកនោះក៏គ្របអស់ទាំងភ្នំផង
7កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅ
ក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់
8អស់ទាំងភ្នំបានដុះឡើង
ហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅ
គឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ
9ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយ
ដើម្បីកុំឲ្យឡើងលិចផែនដីទៀត
10ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ
ទឹកនោះហូរនៅកណ្តាលភ្នំ
11ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹក
ឯលាព្រៃក៏ផឹកឆ្អែតដែរ
12អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក
តាមផ្លូវទឹកទាំងនោះ
ហើយកញ្ជ្រៀវលេងនៅលើមែកឈើ
13ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់
ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់
14ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ
ហើយបន្លែសំរាប់មនុស្ស
ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក
15ព្រមទាំងស្រាទំពាំងបាយជូរ
ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ
នឹងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺ
ហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស
16អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត
គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ
17ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅ
ឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ
18អស់ទាំងភ្នំខ្ពស់ជាទីសំរាប់ពពែព្រៃ
ហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម
19ទ្រង់បានដំរូវព្រះចន្ទ ទុកសំរាប់ជាទីកំណត់រដូវ
ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ
20ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ
ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក
21អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា
ក៏សូមអាហារពីព្រះមក
22លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅ
ចូលទៅដេកក្នុងរូងវាវិញ
23ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួន
ហើយក៏ធ្វើការដរាបដល់ល្ងាច
24ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន
ច្រើនប្រការណាស់ហ្ន៎
ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា
ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
25នុ៎ះន៏ សមុទ្រដ៏ធំ ហើយទូលាយ
នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា
ជាសត្វទាំងតូចទាំងធំ
26ក៏មាននាវាបើកទៅមក
ហើយមានសត្វធំសំបើម ដែលទ្រង់
បានបង្កើតឲ្យលេងក្នុងទឹក
27គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់
ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
28ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយក
កាលទ្រង់លាព្រះហស្តទៅ
នោះវាបានឆ្អែតដោយរបស់ល្អ
29កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញ
កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់
ហើយត្រឡប់ទៅជាធូលីដីវិញ
30ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅ នោះវាកើតឡើង
ទ្រង់កែប្រែផែនដីឡើងជាថ្មី
31សូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ច
សូមឲ្យព្រះយេហូវ៉ាបានរីករាយឡើងដោយសារស្នាដៃទ្រង់
32កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ
កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង
33កាលនៅមានជីវិតនៅឡើយ
នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប
កាលទូលបង្គំមាននៅៗឡើយ
នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
34សូមឲ្យសេចក្ដីនឹកជញ្ជឹងរបស់ទូលបង្គំ
បានផ្អែមត្រចៀកដល់ទ្រង់
ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ា
35សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅ
ហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយ
ចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Currently Selected:
ទំនុកដំកើង 104: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.