YouVersion Logo
Search Icon

សុភាសិត 15

15
1ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។
2អណ្តាត​របស់​មនុស្ស​ប្រាជ្ញ រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពី‌រោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​បង្ហូរ​ចេញ​ជា​សេចក្ដី​ចំកួត​វិញ។
3ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់នឹង​ល្អ​ផង។
4ឯ​អណ្តាត​ដ៏​លំហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្ដី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។
5មនុស្ស​ល្ងី‌ល្ងើ​តែង‌តែ​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង‌វៃ​វិញ។
6នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កំរៃ​នៃ​មនុស្ស​អាក្រក់ តែង‌តែ​មាន​សេចក្ដី​វេទនា​វិញ។
7បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។
8យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​វិញ។
9ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​ស្រឡាញ់​ចំពោះ​អ្នក​ណា​ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។
10មាន​សេចក្ដី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បំរុង​ទុក​សំរាប់​អ្នក​ណា​ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។
11ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​អស់​ទាំង​មនុស្ស​ជាតិ តើ​ច្បាស់​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត។
12មនុស្ស​ដែល​ចំអក​មើល‌ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។
13ចិត្ត​រីក‌រាយ​តែង‌តែ​បណ្តាល​ឲ្យ​មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។
14ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង‌តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចំកួត​វិញ។
15អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជានិច្ច។
16មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។
17ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សំអប់​វិញ។
18មនុស្ស​គំរោះ‌គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្ដី​ជំលោះ​វិញ។
19ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ទៀង​ត្រង់​ត្រឡប់​ជា​ថ្នល់​ធំ​វិញ។
20កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល‌ងាយ​ម្តាយ​ខ្លួន​វិញ។
21ឯ​ការ​ចំកួត​ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។
22ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។
23មនុស្ស​រមែង​មាន​សេចក្ដី​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។
24ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។
25ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ទ្រង់​នឹង​តាំង​គោល​ចារិក​នៃ​ស្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។
26គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។
27អ្នក​ណា​ដែល​លោភ​ចង់​បាន​កំរៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។
28ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ​ជា​សេចក្ដី​អាក្រក់​វិញ។
29ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ទ្រង់​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​វិញ។
30ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។
31ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។
32អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​បាន​យោបល់​វិញ។
33សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាបសា​តែង‌តែ​នាំ​មុខ​កិត្តិសព្ទ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy