ជនគណនា 9
9
1នៅខែចេត្រក្នុងឆ្នាំទី២ រាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ នៅត្រង់ទីរហោស្ថានស៊ីណាយថា 2ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលធ្វើបុណ្យរំលងនៅវេលាកំណត់ដែរ 3គឺនៅថ្ងៃ១៤ខែនេះឯង ដល់ល្ងាចត្រូវឲ្យធ្វើបុណ្យនោះនៅវេលាកំណត់ ត្រូវតែធ្វើតាមរបៀប នឹងច្បាប់ ហើយបញ្ញត្តនៃបុណ្យនោះគ្រប់ជំពូក 4ម៉ូសេក៏បង្គាប់ពួកកូនចៅអ៊ីស្រាអែលឲ្យធ្វើបុណ្យរំលង 5ដូច្នេះ គេក៏ធ្វើបុណ្យនោះត្រង់ទីរហោស្ថានស៊ីណាយ នៅថ្ងៃ១៤ខែចេត្រ នៅវេលាពេលល្ងាច តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គឺពួកកូនចៅអ៊ីស្រាអែលបានធ្វើសំរេចយ៉ាងដូច្នោះ។
6រីឯមនុស្សខ្លះ គេមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ បានជាគេធ្វើបុណ្យរំលងនៅថ្ងៃនោះមិនបាន គេក៏មកឯម៉ូសេ នឹងអើរ៉ុន នៅថ្ងៃនោះ 7រួចជំរាបលោកថា យើងរាល់គ្នាមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ ហេតុអ្វីបានជាឃាត់មិនឲ្យយើងខ្ញុំយកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅពេលកំណត់ ជាមួយនឹងពួកកូនចៅអ៊ីស្រាអែលផង 8នោះម៉ូសេប្រាប់គេថា ចាំសិន ទំរាំខ្ញុំឮសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ពីដំណើរអ្នករាល់គ្នាជាយ៉ាងណា។
9ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ 10ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជដំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ 11គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែរ ហើយនឹងបន្លែល្វីង 12មិនត្រូវឲ្យទុកអ្វីដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឲ្យសោះ គឺត្រូវធ្វើតាមរបៀបបុណ្យរំលងគ្រប់ចំពូក 13តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់ មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន 14បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប នឹងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសំរាប់ទាំងអ្នកប្រទេសក្រៅ នឹងអ្នកកើតក្នុងស្រុកផង។
15នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក 16ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ 17បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែលក៏ដំឡើងត្រសាលនៅទីនោះ 18ដូច្នេះ គឺតាមបង្គាប់ព្រះយេហូវ៉ាដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយក៏តាមបង្គាប់ព្រះយេហូវ៉ាដែលគេឈប់ដំឡើងត្រសាលនៅ បើពពកនៅលើរោងឧបោសថជាយូរប៉ុណ្ណា នោះគេក៏ចេះតែនៅជាដរាបទៅប៉ុណ្ណោះឯង 19កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ 20ចួនកាលពពកនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏តាំងនៅតាមបង្គាប់ព្រះយេហូវ៉ា រួចដែលចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ 21ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ 22ឬបើជា២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ ដែលពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ តែវេលាណាដែលពពកឡើងផុតវិញ នោះទើបគេចេញដំណើរទៅ 23គឺតាមតែបង្គាប់ព្រះយេហូវ៉ាដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានបន្ទូលមកដោយសារម៉ូសេ។
Currently Selected:
ជនគណនា 9: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.