YouVersion Logo
Search Icon

នេហេ‌មា 6

6
1លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត នឹង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ នឹង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ 2នោះ​សាន‌បា‌ឡាត នឹង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ 3តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន នឹង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី 4គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ 5រួច​មក​សាន‌បា‌ឡាត​ចាត់​អ្នក​បំរើ​ម្នាក់​មក​ឯ​ខ្ញុំ តាម​បែប​ដដែល នោះ​ជា​គំរប់​៥​ដង មាន​ទាំង​សំបុត្រ​បើក​ចំហ​នៅ​ដៃ​ផង 6ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក ហើយ​នឹង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ 7អ្នក​ក៏​បាន​ដំរូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន 8ខ្ញុំ​តប​ទៅ​ថា គ្មាន​អ្វី​ដូច​ជា​អ្នក​ថា​នោះ​ទេ គឺ​អ្នក​បង្កើត​រឿង​នេះ តាម​តែ​ចិត្ត​អ្នក​វិញ​ប៉ុណ្ណោះ 9ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កំឡាំង​ដៃ ឲ្យ​សំរេច​ការ​មិន​បាន ឥឡូវ​នេះ ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង​ដៃ​ទូលបង្គំ​វិញ។
10គ្រា​នោះ ខ្ញុំ​បាន​ទៅ​ឯ​ផ្ទះ​របស់​សេម៉ាយ៉ា កូន​ដេឡាយ៉ា ដែល​ជា​កូន​មហេ‌ថា‌បែល គាត់​កំពុង​បំពួន​ខ្លួន គាត់​និយាយ​ឡើង​ថា សូម​យើង​ទៅ​ជួប​គ្នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារ​ភ្ជិត​ទៅ ដ្បិត​គេ​នឹង​មក​សំឡាប់​លោក គឺ​គេ​នឹង​មក​នៅ​ពេល​យប់​ជា​មិន​ខាន ដើម្បី​នឹង​សំឡាប់​លោក​បង់ 11តែ​ខ្ញុំ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​មនុស្ស​បែប​យ៉ាង​ខ្ញុំ​រត់​ឬ​អី តើ​មាន​អ្នក​ឯ​ណា​មួយ​ដូច​ខ្ញុំ ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​តែ​រួច​ជីវិត​នោះ ខ្ញុំ​មិន​ព្រម​ចូល​ទៅ​ទេ 12ខ្ញុំ​ក៏​ពិចារណា​យល់​ឃើញ​ថា មិន​មែន​ជា​ព្រះ​ដែល​បង្គាប់​ដល់​គាត់​ដូច្នោះ​ទេ គឺ​គាត់​បាន​ទាយ​ទំនាយ​នេះ ទាស់​នឹង​ខ្ញុំ​វិញ ហើយ​គឺ​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត​បាន​ជួល​គាត់​ផង 13គេ​បាន​ជួល​គាត់ប្រាថ្នា​ចង់​គំរាម ឲ្យ​ខ្ញុំ​ភ័យ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​តាម ហើយ​មាន​បាប​ដូច្នោះ ប្រយោជន៍​ឲ្យ​គេ​បាន​រឿង នឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះដៀល​ដល់​ខ្ញុំ 14ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត តាម​ការ​ដែល​គេ​ធ្វើ​ទាំង​នេះ ហើយ​ពី​នាង​ណូអាឌា ជា​ហោរា នឹង​ពួក​ហោរា​ឯ​ទៀត ដែល​ចង់​ឲ្យ​ទូលបង្គំ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ផង។
15ដូច្នេះ នៅ​ថ្ងៃ​២៥ ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ 16កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ 17ក្នុង​រវាង​នោះ ពួក​អ្នក​ធំ​ក្នុង​សាសន៍​យូដា គេ​ក៏​ផ្ញើ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​ថូប៊ីយ៉ា ហើយ​មាន​សំបុត្រ​របស់​ថូប៊ីយ៉ា​មក​ដល់​គេ​វិញ​ដែរ 18ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា បាន​ស្បថ​នឹង​គាត់ ដោយ​ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​អើរ៉ាស មួយ​ទៀត​យ៉ូហា‌ណាន ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូឡាម ជា​កូន​បេរេគា ធ្វើ​ជា​ប្រពន្ធ 19គេ​ក៏​និយាយ​ពី​ការ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យ​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ីយ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​គំរាម ឲ្យ​ខ្ញុំ​ភ័យ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in