នេហេមា 11
11
1ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត 2ពួកបណ្តាជនក៏ឲ្យពរដល់មនុស្សទាំងប៉ុន្មានដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡិម ដោយស្ម័គ្រពីចិត្ត។
3នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរ្តិ៍អាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម នឹងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង 4ឯនៅក្នុងក្រុងយេរូសាឡិម នោះមានពួកកូនចៅយូដា នឹងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស 5នឹងម្អាសេយ៉ា ជាកូនបារូក ដែលជាកូនកុល-ហូសេៗ ជាកូនហាសាយ៉ាៗ ជាកូនអ័ដាយ៉ាៗ ជាកូនយ៉ូយ៉ារីបៗ ជាកូនសាការីៗ ជាកូនស៊ីឡូនី 6អស់ទាំងកូនចៅរបស់ពេរេសដែលនៅក្រុងយេរូសាឡិម នោះមានមនុស្សក្លាហានចំនួន៤៦៨នាក់។
7ឯពួកកូនចៅរបស់បេនយ៉ាមីន គឺសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌៗ ជាកូនពេដាយ៉ាៗជាកូនកូឡាយ៉ាៗ ជាកូនម្អាសេយ៉ាៗ ជាកូនអីធាលៗជាកូនយេសាយ៉ា 8ហើយបន្ទាប់នឹងគាត់ នោះមានកាបាយ នឹងសាឡាយ រួមទាំងអស់មាន៩២៨នាក់ 9ហើយយ៉ូអែល ជាកូនស៊ីកគ្រី លោកជាអ្នកត្រួតលើគេ នឹងយូដាជាកូនសេនួរ លោកជាភូឈួយនៃទីក្រុង។
10ក្នុងពួកសង្ឃ នោះមានយេដាយ៉ា ជាកូនយ៉ូយ៉ារីប នឹងយ៉ាគិន 11សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារនៃព្រះ 12ព្រមទាំងពួកបងប្អូនគេ ដែលធ្វើការនៅព្រះវិហារ ទាំងអស់មាន៨២២នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលាៗ ជាកូនអាំស៊ីៗ ជាកូនសាការីៗ ជាកូនផាសហ៊ើរៗជាកូនម៉ាលគា 13ហើយពួកបងប្អូនលោកដែលជាកំពូលលើវង្សរបស់ឪពុកគេ រួមទាំងអស់ មាន២៤២នាក់ ហើយមានអ័ម៉ាសាយ ជាកូនអ័សារាលដែលជាកូនរបស់អ័ហាសាយៗ ជាកូនមស៊ីលេម៉ូតៗ ជាកូនអ៊ីមមើរ 14ហើយពួកបងប្អូនគេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន រួមទាំងអស់មាន១២៨នាក់ ឯអ្នកដែលត្រួតលើគេ គឺសាបឌាល ជាកូនកេដូលីម។
15ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាមៗជាកូនហាសាបយ៉ាៗជាកូនប៊ូននី 16ព្រមទាំងសាបថាយ នឹងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ 17ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន នឹងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន 18ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
19ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន នឹងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់ 20ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ នឹងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដា គ្រប់គ្នាតាមមរដកគេរៀងខ្លួន 21តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា នឹងគីសប៉ា ជាអ្នកត្រួតលើគេ។
22ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡិម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចំរៀង ជាអ្នកត្រួតត្រាលើកិច្ចការ ក្នុងព្រះវិហារនៃព្រះ 23ដ្បិតមានច្បាប់ដែលស្តេចបានតាំងពីដំណើរពួកនោះ ជាច្បាប់យ៉ាងតឹងរ៉ឹង ឲ្យចែកស្បៀងអាហារដល់ពួកចំរៀង តាមដែលគេត្រូវការរាល់ៗថ្ងៃ 24ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
25ត្រង់ឯទីក្រុងទាំងប៉ុន្មាន នឹងស្រែចំការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា នឹងតំបន់នៅជុំវិញ នៅឌីបូន នឹងតំបន់នៅជុំវិញ នៅយេកាបសៀល នឹងតំបន់នៅជុំវិញ 26នៅត្រង់យេសួរ ម៉ូឡាដា បេត-ផាលែត 27ហាសា-ស៊ូអាល បៀរ-សេបា នឹងតំបន់នៅជុំវិញ 28នៅស៊ីកឡាក់ មេកូណា នឹងតំបន់នៅជុំវិញ 29នៅអេន-រីម៉ូន សូរ៉ាស់ យ៉ារមុត 30សាណូអា អាឌូឡាម នឹងតំបន់នៃក្រុងទាំងនោះ ឡាគីស នឹងស្រែចំការនៅជុំវិញ អាសេកា នឹងតំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម 31ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល នឹងដំបន់នៅជុំវិញ 32នឹងនៅអាន៉ាថោត ណូប ហាណានា 33ហាសោរ រ៉ាម៉ា គីថែម 34ហាឌីឌ សេបោម នេបាឡាត 35ឡូឌ អូណូរ ហើយនៅក្នុងច្រកភ្នំពួកជាងរចនា 36ចំណែកខាងពួកលេវី នោះមានខ្លះដែលត្រូវខាងស្រុកយូដា គេបានទៅនៅខាងស្រុកបេនយ៉ាមីនវិញ។
Currently Selected:
នេហេមា 11: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.