YouVersion Logo
Search Icon

ម៉ាកុស 14

14
1ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង នឹង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល 2តែ​គេ​ថា កុំ​ឲ្យ​ធ្វើ​ក្នុង​រវាង​បុណ្យ​ឡើយ ក្រែង​បណ្តាជន​កើត​កោលា‌ហល។
3កំពុង​ដែល​ទ្រង់​គង់​នៅ​តុ ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ​ចាក់​ប្រេង​លើ​ព្រះ‌សិរ​ព្រះ‌យេស៊ូវ 4មាន​អ្នក​ខ្លះ​នឹក​តូច​ចិត្ត ហើយ​ថា តើ​មាន​ប្រយោជន៍​អ្វី​នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ 5ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង 6ប៉ុន្តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ធ្វើ​នាង ហេតុ​អ្វី​បាន​ជា​នាំ​បង្អាក់​ចិត្ត​នាង​ដូច្នេះ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ 7ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​គុណ​នឹង​គេ នោះ​ចេះ​តែ​ធ្វើ​បាន តែ​ចំណែក​ខ្ញុំ មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ 8នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ 9ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ផ្សាយ​ដំណឹង​ល្អ​នេះ​ទួទៅ គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​តែង​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​ហើយ​នេះ ទុក​សំរាប់​ជា​កេរ្តិ៍​នាង​ត​ទៅ។
10ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ 11កាល​គេ​បាន​ឮ នោះ​ក៏​មាន​សេចក្ដី​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា រួច​វា​ខំ​ស្វែង​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ​ដោយ​ស្រួល។
12នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សំឡាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀបចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា 13ទ្រង់​ក៏​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​មាន​មនុស្ស​ម្នាក់​លី​ក្អម​ទឹក​មក​ចួប​នឹង​អ្នក ចូរ​ឲ្យ​ដើរ​តាម​អ្នក​នោះ​ទៅ 14នៅ​កន្លែង​ណា​ដែល​គាត់​ចូល ចូរ​អ្នក​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា តើ​បន្ទប់​ណា​ដែល​លោក​នឹង​បរិភោគ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​របស់​លោក 15នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​ខាង​លើ​ដែល​រៀប​ជា​ស្រេច ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ 16សិស្ស​ទ្រង់​២​នាក់​នោះ​ក៏​ចេញ​ទៅ ដល់​ទី​ក្រុង​ហើយ នោះ​ក៏​ឃើញ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល រួច​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។
17ដល់​ពេល​ល្ងាច​ហើយ ទ្រង់​យាង​មក ព្រម​ទាំង​ពួក​១២​នាក់ 18កាល​កំពុង​តែ​អង្គុយ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នេះ នោះ​មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ 19គេ​ក៏​តាំង​ព្រួយ​ចិត្ត ហើយ​ទូល​ទ្រង់​ម្តង​ម្នាក់ៗ​ថា តើ​ទូលបង្គំ​ឬ​អី រួច​ម្នាក់​ទៀត​ថា តើ​ទូលបង្គំ​ឬ​អី 20ព្រះ‌យេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ 21កូន​មនុស្ស​ត្រូវ​ទៅ​ពិត ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ពី​លោក​ស្រាប់ តែ​វេទនា​ដល់​មនុស្ស​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង។
22កាល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​ប្រទាន​ពរ​ឲ្យ រួច​កាច់​ប្រទាន​ដល់​គេ ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ 23នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា 24ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន 25ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី នៅ​ក្នុង​នគរ​ព្រះ។
26រួច​កាល​បាន​ច្រៀង​ទំនុក​១​ហើយ នោះ​ក៏​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ 27ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ» 28ប៉ុន្តែ​កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា 29តែ​ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ 30ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ 31តែ​គាត់​ប្រកែក​យ៉ាង​ខ្លាំង​លើស​ទៅ​ទៀត​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក្តី គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ដូច្នេះ​នោះ​ឡើយ ហើយ​ទាំង​អស់​ក៏​ថា​ដូច​គ្នា។
32នោះ​ក៏​មក​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន 33ទ្រង់​ក៏​យក​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន​ទៅ​ជា​មួយ​ដែរ ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ភាំង​ជា​ខ្លាំង ហើយ​តប់‌ប្រមល់​ណាស់ 34ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ 35រួច​កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច នោះ​ទ្រង់​ទំលាក់​ព្រះ‌អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន សូម​ឲ្យ​ពេល​វេលា​នេះ​បាន​កន្លង​ហួស​ពី​ទ្រង់​ទៅ បើ​សិន​ជា​បាន 36ទ្រង់​មាន​បន្ទូល​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សំរេច​តាម​ព្រះ‌ហឫទ័យ​ទ្រង់​វិញ 37ទ្រង់​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ក៏​មាន​បន្ទូល​ទៅ​ពេត្រុស​ថា អ្នក​ដេក​លក់​ឬ​អី តើ​នឹង​នៅ​ចាំ​យាម​តែ​១​ម៉ោង​មិន​បាន​ឬ 38ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ វិញ្ញាណ​ប្រុង​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ 39រួច​ទ្រង់​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល 40កាល​ទ្រង់​បាន​យាង​ត្រឡប់​មក​វិញ នោះ​ក៏​ឃើញ​គេ​កំពុង​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ គេ​មិន​ដឹង​ខ្លួន​ជា​ទូល​ឆ្លើយ​នឹង​ទ្រង់​ថា​ដូច​ម្តេច​ទេ 41ទ្រង់​បាន​យាង​មក​ជា​គំរប់​៣​ដង មាន​បន្ទូល​ថា ឥឡូវ​នេះ នៅ​តែ​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ ប៉ុណ្ណឹង​ចុះ កំណត់​ដល់​ហើយ មើល កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប 42ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ វា​ជិត​មក​ដល់​ហើយ។
43កំពុង​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​មក​ដល់​ភ្លាម នាំ​ទាំង​ហ្វូង​មនុស្ស​ដ៏​ធំ ពី​ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ មក​ជា​មួយ​ផង ព្រម​ទាំង​កាន់​ដាវ កាន់​ដំបង 44អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​នាំ​ទៅ​ដោយ​ប្រយ័ត‌ប្រយែង​ចុះ 45កាល​គេ​បាន​មក​ដល់ នោះ​វា​ចូល​ទៅ​ឯ​ទ្រង់​ភ្លាម ដោយ​ទូល​ថា លោក​គ្រូៗ​អើយ ហើយ​ក៏​ថើប​ទ្រង់ 46នោះ​គេ​លូក​ដៃ​ទៅ​ចាប់​ទ្រង់ 47តែ​មាន​ម្នាក់​ឈរ​ជិត​ខាង គាត់​ហូត​ដាវ​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ 48ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច​ជា​មក​ចាប់​ចោរ​ឬ​អី 49ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យ​សំរេច​តាម​បទ​គម្ពីរ​ទេ 50នោះ​ពួក​សិស្ស​ក៏​រត់​ចោល​ទ្រង់​ទាំង​អស់​គ្នា​ទៅ 51មាន​មនុស្ស​កំឡោះ​ម្នាក់​ដែល​ដើរ​តាម​ទ្រង់ មាន​តែ​សំពត់​ទេស‌ឯក​ព័ទ្ធ​នឹង​ខ្លួន 52គេ​ក៏​ចាប់​គាត់ តែ​គាត់​រត់​រួច​ចោល​សំពត់​នោះ នៅ​តែ​ខ្លួន​ទទេ។
53គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ដល់​សំដេច​សង្ឃ ឯ​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ ហើយ​ពួក​អាចារ្យ​ទាំង​អស់​គ្នា ក៏​ប្រជុំ​គ្នា​ឯ​លោក 54ចំណែក​ពេត្រុស គាត់​តាម​ទ្រង់​ទៅ​ពី​ចំងាយ រហូត​ដល់​ខាង​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ក៏​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អាជ្ញា។
55ពួក​សង្គ្រាជ នឹង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ប្រឹង​រក​ទី​បន្ទាល់​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់​បង់ តែ​រក​មិន​បាន​សោះ 56ក៏​មាន​មនុស្ស​ជា​ច្រើន មក​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ដែរ តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​សោះ 57នោះ​មាន​ខ្លះ​ឈរ​ឡើង ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​ទ្រង់​ថា 58យើង​ខ្ញុំ​បាន​ឮ​វា​ថា ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​នេះ ដែល​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស ហើយ​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​១​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ 59យ៉ាង​នោះ គង់​តែ​សេចក្ដី​បន្ទាល់​របស់​គេ​មិន​ត្រូវ​គ្នា​ទៀត 60ឯ​សំដេច​សង្ឃ ក៏​ឈរ​ឡើង​នៅ​កណ្តាល​ជំនុំ ដណ្តឹង​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច 61តែ​ទ្រង់​នៅ​តែ​ស្ងៀម មិន​បាន​ឆ្លើយ​អ្វី​សោះ រួច​សំដេច​សង្ឃ​ពិចារណា​សួរ​ទ្រង់​ទៀត​ថា តើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ពរ​ឬ​អី 62ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា គឺ​ខ្ញុំ​នេះ​ហើយ មួយ​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ចេស្តា ហើយ​ទាំង​មក​ក្នុង​ពពក​នៅ​លើ​មេឃ​ផង 63នោះ​សំដេច​សង្ឃ​ក៏​ហែក​ព្រះ‌ពស្ត្រ​លោក ដោយ​ពាក្យ​ថា តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ទៀត 64អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​នេះ​ហើយ ចុះ​តើ​គិត​ដូច​ម្តេច អ្នក​ទាំង​អស់​គ្នា​ក៏​កាត់​ទោស​ទ្រង់​ថា គួរ​ស្លាប់​ហើយ 65អ្នក​ខ្លះ​ចាប់​តាំង​ស្តោះ​ដាក់​ទ្រង់ ក៏​ខ្ទប់​ព្រះ‌ភក្ត្រ ហើយ​វាយ​ទ្រង់ រួច​ទូល​ប្រាប់​ថា ចូរ​ទាយ​ចុះ ឯ​ពួក​អាជ្ញា ក៏​ទះ​ទ្រង់​ដែរ។
66រីឯ​ពេត្រុស គាត់​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រោម ហើយ​មាន​បាវ​ស្រី​របស់​សំដេច​សង្ឃ​ម្នាក់​មក 67ឃើញ​ពេត្រុស​កំពុង​តែ​អាំង​ភ្លើង ក៏​សំឡឹង​មើល​គាត់ ហើយ​និយាយ​ថា អ្នក​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ពី​ណាសា‌រ៉ែត​នេះ​ដែរ 68តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ដឹង មិន​យល់​ជា​អ្នក​និយាយ​អ្វី​ទេ រួច​គាត់​ចេញ​ទៅ​ឯ​ទីធ្លា​ខាង​ក្រៅ នោះ​មាន់​តាំង​រងាវ​ឡើង 69បាវ​ស្រី​នោះ​ក៏​ឃើញ​គាត់​ម្តង​ទៀត ហើយ​ចាប់​តាំង​ប្រាប់​ដល់​ពួក​អ្នក ដែល​ឈរ​នៅ​ទី​នោះ​ថា អ្នក​នេះ​ជា​ពួក​គេ​ដែរ 70គាត់​ប្រកែក​ម្តង​ទៀត រួច​ក្រោយ​បន្តិច​មក ពួក​អ្នក​ឈរ​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ថា ឯង​ប្រាកដ​ជា​ពួក​គេ​ដែរ ដ្បិត​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ 71តែ​គាត់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ដែល​អ្នក​រាល់​គ្នា​និយាយ​ទេ 72នោះ​មាន់​ក៏​រងាវ​ឡើង​ជា​គំរប់​២​ដង ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ កាល​គាត់​បាន​គិត​ពី​សេចក្ដី​នោះ​ហើយ នោះ​ក៏​យំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy