YouVersion Logo
Search Icon

ម៉ាថាយ 13

13
1នៅ​ថ្ងៃ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ 2នោះ​មាន​មនុស្ស​ប្រជុំ​គ្នា មក​ឯ​ទ្រង់​ណែន‌ណាន់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​វិញ ហើយ​មនុស្ស​ទាំង​អស់​គ្នា​ឈរ​នៅ​លើ​មាត់​ច្រាំង 3ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ 4កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ 5មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ 6ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស 7ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត 8តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ 9អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។
10រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ 11ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ 12ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង 13ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង 14ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្ដាប់​មិន​បាន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ 15ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា» 16តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ 17ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​មាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។
18ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ 19គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ 20ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​រួច​ទទួល​ភ្លាម​ដោយ​អំណរ 21តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន​ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម 22ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល រួច​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆ‌បោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ 23តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។
24ទ្រង់​មាន​បន្ទូល ដោយ​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ស្រែ​ខ្លួន 25ប៉ុន្តែ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ‌សាលី​ដែរ រួច​ចេញ​បាត់​ទៅ 26លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​មក​ឲ្យ​ស្គាល់​ដែរ 27ពួក​បាវ​របស់​ថៅកែ​នោះ គេ​មក​ជំរាប​ថា លោក​ម្ចាស់ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ នៅ​ស្រែ​របស់​លោក​ទេ​ឬ​អី ដូច្នេះ តើ​ស្រងែ​នេះ​កើត​ពី​ណា​មក 28គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំង​សត្រូវ​ហើយ ដែល​បាន​ធ្វើ​ការ​នោះ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ 29គាត់​ឆ្លើយ​ថា កុំ ក្រែង​កាល​ណា​ដក​ស្រងែ​ចេញ នោះ​ស្រូវ‌សាលី​ក៏​រលើង​ទៅ​ដែរ 30ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់​ពួក​ចំរូត​ថា ចូរ​ច្រូត​ស្រងែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សំរាប់​ដុត ឯ​ស្រូវ‌សាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​អញ​វិញ។
31ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​បាន​យក​ទៅ​ព្រោះ​ក្នុង​ចំការ​ខ្លួន 32គ្រាប់​នេះ​ល្អិត​ជាង​គ្រាប់​ពូជ​ទាំង​អស់​ពិត​មែន តែ​កាល​ណា​បាន​ដុះ​ឡើង នោះ​ក៏​ធំ​ជាង​តិណ‌ជាតិ​ទាំង​អស់ ហើយ​ក៏​ត្រឡប់​ជា​ដើម​ធំ ដល់​ម៉្លេះ​បាន​ជា​សត្វ​ហើរ​លើ​អាកាស មក​ទំ​នៅ​លើ​មែក​ផង។
33ទ្រង់​មាន​បន្ទូល ពាក្យ​ប្រៀប​ប្រដូច​នេះ ឲ្យ​គេ​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់។
34ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ 35ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក»។
36នោះ​ទ្រង់​ក៏​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ឯ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង 37ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស 38ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន‌សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ 39ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា 40ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ 41គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ 42ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ 43គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។
44មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។
45មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវ‌មុក្តា​យ៉ាង​ល្អ 46កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ‌មុក្តា​នោះ។
47មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ 48កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើស‌រើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ 49ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ 50ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។
51ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​សួរ​ដល់​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​យល់​ហើយ ព្រះ‌អម្ចាស់ 52ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ទៀត​ថា ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថាន‌សួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន។
53កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​ស្រេច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ​ទៅ 54លុះ​ទ្រង់​ចូល​មក​ក្នុង​ស្រុក​ទ្រង់​វិញ នោះ​ក៏​បង្រៀន​គេ​នៅ​ក្នុង​សាលា​ប្រជុំ ដល់​ម៉្លេះ​បាន​ជា​គេ​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​និយាយ​ថា តើ​អ្នក​នេះ​បាន​ចំណេះ នឹង​ការ​ឫទ្ធិ‌បារមី​ទាំង​នេះ​ពី​ណា​មក 55តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី 56ឯ​ប្អូន​ស្រី តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ​អី ដូច្នេះ តើ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក 57គេ​ក៏​រវាត​ចិត្ត​ចេញ​ពី​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​ផ្ទះ​របស់​ខ្លួន​ចេញ 58ទ្រង់​មិន​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​នៅ​ទី​នោះ​ទេ ពី​ព្រោះ​គេ​មិន​ជឿ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in