លេវីវិន័យ 6
6
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 2បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង 3ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ 4បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ 5នឹងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថា មានទោស ដូច្នោះហើយ 6រួចត្រូវយកដង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាដង្វាយដោយព្រោះការរំលង 7ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ។
8ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា 9ចូរបង្គាប់ដល់អើរ៉ុននឹងពួកកូនលោកថា នោះជារបៀបដង្វាយដុត គឺដង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនាពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ 10ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះដង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន 11រួចដោះសំលៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ឯទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាត 12ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបដង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់ដង្វាយមេត្រីផង 13ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។
14នេះជារបៀបដង្វាយម្សៅ គឺពួកកូនអើរ៉ុនត្រូវថ្វាយដង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ 15ត្រូវយកម្សៅយ៉ាងម៉ដ្ត១ក្តាប់ជាមួយនឹងប្រេងខ្លះ ហើយនឹងកំញានដែលនៅលើដង្វាយម្សៅនោះដុតទាំងអស់ សំរាប់ជាក្លិនឈ្ងុយ នៅលើអាសនា ទុកជាទីរំឭកដល់ព្រះយេហូវ៉ា 16ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវបរិភោគ ដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំ 17មិនត្រូវចំអិនម្សៅនោះ ដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាដង្វាយសំរាប់លោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ 18អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគដង្វាយម្សៅនោះ ទុកជាចំណែកដល់ខ្លួន ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងដំណតរៀងទៅ ឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។
19ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 20នេះជាដង្វាយដែលអើរ៉ុន នឹងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សំរាប់ដង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច 21ត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព កាលណាឆ្អិនហើយ នោះត្រូវយកមកបំបែកជាដុំៗ ថ្វាយជាដង្វាយម្សៅ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 22ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយដង្វាយនោះ នេះជាច្បាប់សំរាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯដង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ 23គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។
24ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 25ចូរប្រាប់ដល់អើរ៉ុន នឹងពួកកូនលោកថា នេះជារបៀបដង្វាយដែលសំរាប់លោះបាប គឺត្រូវតែសំឡាប់ដង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ដង្វាយនោះជាបរិសុទ្ធបំផុត 26ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ 27អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ 28តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសំអាតក្នុងទឹកចេញ 29អស់ទាំងប្រុសៗក្នុងពួកសង្ឃត្រូវបរិភោគដង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត 30តែឯដង្វាយលោះបាប ដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតនឹងភ្លើងវិញ។
Currently Selected:
លេវីវិន័យ 6: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.