YouVersion Logo
Search Icon

លេវី‌វិន័យ 10

10
1ឯ​ណាដាប នឹង​អ័ប៊ីហ៊ូវ ជា​កូន​អើរ៉ុន​ទាំង​២​នាក់ ក៏​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ដទៃ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ឥត​បាន​បង្គាប់​ឡើយ 2នោះ​ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក បញ្ឆេះ​អ្នក​ទាំង​២​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ 3ម៉ូសេ​ក៏​និយាយ​នឹង​អើរ៉ុន​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ថា ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​អញ បាន​លើក​អញ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​អញ​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ដូច្នេះ​អើរ៉ុន​ក៏​នៅ​ស្ងៀម 4នោះ​ម៉ូសេ​លោក​ហៅ​មីសា‌អែល នឹង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​អើរ៉ុន មក​បង្គាប់​ថា ចូរ​មក​សែង​យក​ខ្មោច​បង​ប្អូន​ឯង ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ 5គេ​ក៏​ចូល​ទៅ​ចាប់​អាវ​ខ្មោច​ទាំង​នោះ សែង​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល តាម​បង្គាប់​ម៉ូសេ 6រួច​ម៉ូសេ​ប្រាប់​ដល់​អើរ៉ុន ហើយ​អេលាសារ នឹង​អ៊ីថាម៉ារ​ជា​កូន​លោក​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បើក​ក្បាល​ឲ្យ​នៅ​ទទេ​ឡើយ ក៏​កុំ​ហែក​សំលៀក‌បំពាក់​ខ្លួន​ដែរ ក្រែង​លោ​ស្លាប់ ហើយ​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ញាល់​នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា​ផង តែ​ត្រូវ​ឲ្យ​បង​ប្អូន​អ្នក​រាល់​គ្នា គឺ​ជា​ពួក‌វង្ស​អ៊ីស្រាអែល​ទាំង​អស់​កាន់​ទុក្ខ ដោយ​ព្រោះ​ភ្លើង​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ឆេះ​គេ​វិញ 7មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​ឡើយ ក្រែង​នឹង​ត្រូវ​ស្លាប់ ដ្បិត​ប្រេង​ចាក់​លាប​របស់​ព្រះ‌យេហូវ៉ា​នៅ​ជាប់​លើ​អ្នក​រាល់​គ្នា​ហើយ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​ម៉ូសេ។
8ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា 9កាល​ណា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ នោះ​កុំ​ឲ្យ​ឯង ឬ​ពួក​កូន​ឯង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​ស្លាប់ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ 10គឺ​ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា នឹង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត 11ហើយ​ឲ្យ​បាន​បង្រៀន​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ដោយ‌សារ​ម៉ូសេ។
12រួច​ម៉ូសេ​បង្គាប់​ដល់​អើរ៉ុន ហើយ​អេលាសារ នឹង​អ៊ីថាម៉ារ គឺ​ជា​កូន​អើរ៉ុន​ដែល​នៅ​សល់​ថា ចូរ​យក​ដង្វាយ​ម្សៅ​ដែល​សល់​ពី​ដង្វាយ​ព្រះ‌យេហូវ៉ា ទៅ​បរិភោគ​ដោយ​ឥត​ដំបែ​នៅ​ខាង​អាសនា​ទៅ ដ្បិត​ដង្វាយ​នោះ​ជា​របស់​បរិសុទ្ធ​បំផុត 13ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ដង្វាយ​នោះ​នៅ​ទី​កន្លែង​បរិសុទ្ធ ដ្បិត​នេះ​ជា​ចំណែក​របស់​បង នឹង​ពួក​កូន​របស់​បង ពី​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​មក​យ៉ាង​ដូច្នេះ​ហើយ 14ឯ​ទ្រូង​ដែល​គ្រវី នឹង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង ហើយ​នឹង​ពួក​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ នឹង​ជា​ចំណែក​នៃ​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង 15គេ​ត្រូវ​យក​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នឹង​ទ្រូង​ដែល​គ្រវី មក​ជា​មួយ​នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ដុត​ថ្វាយ ដើម្បី​នឹង​គ្រវី ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដង្វាយ​នោះ​នឹង​ត្រូវ​បាន​ជា​របស់​ផង​បង ហើយ​នឹង​ពួក​កូន​របស់​បង​ផង តាម​បញ្ញត្ត​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
16ម៉ូសេ​ក៏​ខំ​រក​ពពែ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ តែ​ឃើញ​ថា គេ​បាន​ដុត​ទៅ​ហើយ នោះ​លោក​ក៏​ខឹង​នឹង​អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដែល​នៅ​សល់ ហើយ​សួរ​ថា 17ដែល​ឃើញ​ថា ដង្វាយ​លោះ​បាប​នេះ ជា​របស់​បរិសុទ្ធ​បំផុត ហើយ​ថា ទ្រង់​បាន​ប្រទាន​មក​ឯង​រាល់​គ្នា​ផង ចុះ​ម្តេច​ក៏​ឯង​មិន​បាន​យក​ទៅ​បរិភោគ​ក្នុង​ទី​បរិសុទ្ធ​វិញ ដើម្បី​នឹង​ទទួល​សេចក្ដី​ទុច្ចរិត​របស់​ពួក​ជំនុំ ប្រយោជន៍​ឲ្យ​បាន​ធួន​នឹង​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 18មើល ឥឡូវ​មិន​បាន​យក​ឈាម​ដង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​ឯង​បាន​បរិភោគ​ដង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ។
19នោះ​អើរ៉ុន​ឆ្លើយ​នឹង​ម៉ូសេ​ថា មើល ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​បាន​ទទួល​ទាន​ដង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ នោះ​តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ឬ 20កាល​ម៉ូសេ​បាន​ឮ​ពាក្យ​ដូច្នោះ​ហើយ នោះ​ទើប​លោក​បាន​ពេញ​ចិត្ត​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for លេវី‌វិន័យ 10