YouVersion Logo
Search Icon

យេរេ‌មា 31

31
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ជា​ព្រះ ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ 2ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រាអែល គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​អញ​ទៅ​ប្រោស​ឲ្យ​បាន​សេចក្ដី​សំរាក 3ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​បន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្ដី​សប្បុរស 4ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រាអែល​អើយ អញ​នឹង​សង់​ឯង​ឡើង​វិញ នោះ​ឯង​នឹង​បាន​តាំង​នៅ ឯង​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី​ទៀត ព្រម​ទាំង​ចេញ​ទៅ​លោត‌កញ្ឆេង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​លេង​សប្បាយ 5ឯង​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង 6ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រា‌អិម នឹង​ស្រែក​ឡើង​ថា ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។
7ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ផង 8មើល អញ​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​នឹង​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទំងន់ នឹង​ស្រី​ដែល​រៀប​នឹង​សំរាល​កូន​ផង ជា​ពួក​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ 9គេ​នឹង​មក​ដោយ​ទឹក​ភ្នែក នឹង​ពាក្យ​ទូល‌អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​ដំរង់​គេ​ដើរ​ទៅ​ក្បែរ​មាត់​ទន្លេ តាម​ផ្លូវ​ត្រង់ ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​អញ​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រាអែល ហើយ​ពួក​អេប្រា‌អិម​ជា​កូន​ច្បង​របស់​អញ។
10ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា ព្រះ​ដែល​បាន​កំចាត់‌កំចាយ​សាសន៍​អ៊ីស្រាអែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន 11ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លោះ​យ៉ាកុប​ហើយ ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន 12គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​នឹង​មក​ហូរ‌ហែ ដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង នឹង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន‌ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន​សេចក្ដី​ព្រួយ​ទៀត​ឡើយ 13គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​លោត‌កញ្ឆេង ព្រម​ទាំង​ពួក​កំឡោះៗ នឹង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​អញ​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ​ទៅ​ជា​សេចក្ដី​អំណរ​វិញ ហើយ​កំសាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ​ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ 14អញ​ក៏​នឹង​ចំអែត​ព្រលឹង​នៃ​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​រាស្ត្រ​អញ​នឹង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​អញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
15ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ នឹង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កំសាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ 16ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ទប់​សំឡេង​ឯង​មិន​ឲ្យ​យំ នឹង​ភ្នែក​ឯង​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ការ​របស់​ឯង​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ 17ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​ថា មាន​សេចក្ដី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំ‌ដែន​របស់​គេ​វិញ 18ពិត​ប្រាកដ​ជា​អញ​បាន​ឮ​ពួក​អេប្រា‌អិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា ទ្រង់​បាន​វាយ‌ផ្ចាល​ទូលបង្គំ គឺ​ទូលបង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ​ដែល​មិន​ធ្លាប់​ទឹម សូម​ទ្រង់​ទាញ​ញាក់​ទូលបង្គំ​មក​វិញ នោះ​ទូលបង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ 19ក្រោយ​ដែល​ទ្រង់​បាន​ទាញ​ញាក់​ទូលបង្គំ​មក​វិញ នោះ​ទូលបង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូលបង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូលបង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូលបង្គំ​ធន់​រង​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​នៅ​ក្មេង 20តើ​អេប្រា‌អិម​ជា​កូន​សំឡាញ់​របស់​អញ​ឬ តើ​ជា​កូន​សំណប់​ឬ​អី ដ្បិត​ដែល​អញ​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​អញ​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ​ឯង ដូច្នេះ អញ​មាន​ចិត្ត​រំជួល​ដល់​វា ហើយ​នឹង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
21ចូរ​ធ្វើ​ទី​សំគាល់​តាម​ផ្លូវ ហើយ​ដោត​ដំរុយ​ចុះ ចូរ​តាំង​ចិត្ត​ដំរង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​ឯង​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​ឯង​ទាំង​នេះ​ចុះ 22ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ឯង​នឹង​នៅ​តែ​ដើរ​សាត់​អណ្តែត តើ​ដល់​កាល​ណា​ទៀត ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ការ​ថ្មី​នៅ​ផែនដី គឺ​មនុស្ស​ស្រី​នឹង​ឡោម‌ព័ទ្ធ​មនុស្ស​ប្រុស។
23ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​នាំ​ពួក​គេ​ដែល​ជា​ឈ្លើយ​មក​វិញ នោះ​នៅ​ក្នុង​ស្រុក​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ឯង 24នោះ​ពួក​យូដា នឹង​អស់​អ្នក​នៅ​ទី​ក្រុង​របស់​គេ គឺ​ជា​ពួក​អ្នក​ធ្វើ​ស្រែ​ចំការ ហើយ​ពួក​អ្នក​ដែល​ឃ្វាល​ហ្វូង​សត្វ​ដែរ គេ​នឹង​នៅ​ទី​នោះ 25ដ្បិត​អញ​បាន​ចំអែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ហើយ​ឯ​ព្រលឹង​ព្រួយ​លំបាក នោះ​អញ​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ 26មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​មើល ការ​ដេក​លក់​របស់​ខ្ញុំ​បាន​ផ្អែម​ឆ្ងាញ់​ដល់​ខ្ញុំ​ណាស់ 27ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​យក​ពូជ​មនុស្ស នឹង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ហើយ​នឹង​ពួក​វង្ស​យូដា 28រួច​ដែល​អញ​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង​កាច់​បំបាក់ រំលំ បំផ្លាញ​ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​អញ​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 29នៅ​គ្រា​នោះ គេ​នឹង​លែង​និយាយ​ថា «ពួក​ឪពុក បាន​ស៊ី​ផ្លែ​មាន​រស​ជូរ ហើយ​ពួក​កូន ក៏​សង្កៀរ​ធ្មេញ» 30គឺ​គ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន​វិញ ឯ​អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​មាន​រស​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ​ទេ។
31ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី នឹង​ពួក​វង្ស​អ៊ីស្រាអែល ហើយ​នឹង​ពួក​វង្ស​យូដា 32មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ 33គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ​អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ 34រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ។
35ឯ​ព្រះ ដែល​ប្រទាន​ព្រះ‌អាទិត្យ សំរាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទនឹង​តារា​ទាំង​ប៉ុន្មាន​សំរាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្តាល​ឲ្យ​សមុទ្រ​កំរើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា 36បើ​បញ្ញត្ត​ច្បាប់​ទាំង​នេះ​ឃ្លាត​ចេញ​ពី​មុខ​អញ​ទៅ​កាល​ណា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពូជ​អ៊ីស្រាអែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ កាល​នោះ​ដែរ 37ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ​អ៊ីស្រាអែល ដោយ​ព្រោះ​អស់​ទាំង​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
38ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង 39ហើយ​ខ្សែ​រង្វាស់ នឹង​វាស់​ត្រង់​ចេញ​ទៅ​ដល់​ភ្នំ​ការេប រួច​នឹង​បត់​មក​ដល់​កូអាត 40ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព ហើយ​នឹង​ផែះ ព្រម​ទាំង​ចំការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន នឹង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ នឹង​មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​ត​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in