YouVersion Logo
Search Icon

ចៅហ្វាយ 10

10
1ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច នោះ​មាន​ថូឡា ជា​កូន​ពូវ៉ា ដែល​ជា​កូន​ដូដូរ ក្នុង​ពួក​អ៊ីសាខារ បាន​តាំង​ឡើង​ជួយ​សង្គ្រោះ​ដល់​ពួក​អ៊ីស្រាអែល លោក​នៅ​ត្រង់​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម 2ក៏​បាន​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​២៣​ឆ្នាំ រួច​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​សាមារ​នោះ។
3ក្រោយ​ពី​នោះ​មក​មាន​យ៉ាអ៊ារ ជា​ពួក​កាឡាត បាន​តាំង​ឡើង លោក​បាន​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល អស់​២២​ឆ្នាំ 4លោក​មាន​កូន​ប្រុស​៣០​នាក់ ដែល​មាន​កូន​លា​១​ម្នាក់​សំរាប់​ជិះ គេ​ក៏​មាន​ទី​ក្រុង​៣០​ដែល​ហៅ​ថា ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្រុង​ទាំង​នោះ​នៅ​ស្រុក​កាឡាត 5ឯ​យ៉ាអ៊ារ​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​កាម៉ូន។
6គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល ហើយ​នឹង​ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​របស់​សាសន៍​ស៊ីរី សាសន៍​ស៊ីដូន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន នឹង​សាសន៍​ភីលីស្ទីន​ផង គេ​បោះ‌បង់​ព្រះ‌យេហូវ៉ា​ចោល ក៏​លែង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ទៅ 7នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រាអែល ហើយ​ទ្រង់​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន នឹង​ពួក​កូន​ចៅ​អាំម៉ូន 8ពួក​ទាំង​នោះ​ក៏​ធ្វើ​ទុក្ខ ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​របស់​ពួក​សាសន៍​អាម៉ូរី គឺ​ជា​ស្រុក​កាឡាត ចាប់​តាំង​ពី​ឆ្នាំ​នោះ រហូត​ដល់​អស់​១៨​ឆ្នាំ​ត​ទៅ​មុខ 9រួច​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេន‌យ៉ាមីន នឹង​ពួក​វង្ស​អេប្រា‌អិម​ថែម​ទៀត បាន​ជា​ពួក​អ៊ីស្រាអែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។
10គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​យើង​ខ្ញុំ​បាន​លះ​ចោល​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ‌បាល​វិញ 11នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ទៅ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា តើ​អញ​មិន​បាន​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​សាសន៍​អេស៊ីព្ទ សាសន៍​អាម៉ូរី នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នឹង​សាសន៍​ភីលីស្ទីន​ទេ​ឬ​អី 12មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក នឹង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ 13ប៉ុន្តែ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ដូច្នេះ អញ​មិន​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ទៀត​ឡើយ 14ចូរ​ទៅ​អំពាវ‌នាវ​ដល់​ព្រះ​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​បាន​រើស​នោះ​វិញ ត្រូវ​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ឯង​ក្នុង​វេលា​ដែល​មាន​សេចក្ដី​វេទនា​ចុះ 15តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទូល​តប​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​ខ្ញុំ​រាល់​គ្នា​មាន​បាប​ហើយ ដូច្នេះ​សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ តាម​តែ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ សូម​តែ​ជួយ​យើង​ខ្ញុំ​ឲ្យ​រួច​នៅ​ថ្ងៃ​នេះ​កុំ​ខាន 16រួច​គេ​យក​អស់​ទាំង​ព្រះ​ដទៃ​របស់​គេ​ចោល​ចេញ ក៏​បែរ​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​ក៏​មាន​សេចក្ដី​រំជួល ដោយ​ព្រោះ​សេចក្ដី​វេទនា​នៃ​ពួក​អ៊ីស្រាអែល។
17គ្រា​នោះ ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា 18នោះ​ពួក​បណ្តាជន នឹង​ពួក​អ្នក​ជា​កំពូល​របស់​ពួក​កាឡាត គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​ហ៊ាន​ចាប់​ផ្តើម​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន អ្នក​ណា​ដែល​ហ៊ាន នោះ​នឹង​បាន​ធ្វើ​ជា​មេ​លើ​ពួក​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in