YouVersion Logo
Search Icon

ចៅហ្វាយ 1

1
1រីឯ​គ្រា​ក្រោយ​ដែល​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ក្នុង​ពួក​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ 2ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ​ចុះ មើល អញ​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ​ហើយ 3នោះ​ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា សូម​ឡើង​ទៅ​ឯ​ស្រុក​ជា​ចំណែក​ខ្ញុំ ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន នោះ​យើង​នឹង​ទៅ​ឯ​ស្រុក​ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​នឹង​បង​ប្អូន​ដែរ ដូច្នេះ​ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ 4ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​១​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក 5ក៏​ឃើញ​អ័ដូនី-បេសេក​នៅ​ក្រុង​នោះ រួច​ច្បាំង​នឹង​លោក ព្រម​ទាំង​វាយ​សំឡាប់​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត​ផង 6ឯ​អ័ដូនី-បេសេក បាន​រត់​ចេញ​វិញ តែ​គេ​ដេញ​តាម​ចាប់​បាន​មក ហើយ​កាត់​មេ​ដៃ​មេ​ជើង​របស់​លោក​ចេញ 7ខណៈ​នោះ អ័ដូនី-បេសេក​និយាយ​ថា មាន​ស្តេច​៧០​អង្គ​ដែល​រើស​អាហារ​ក្រោម​តុ​ខ្ញុំ មាន​ទាំង​មេ​ដៃ​មេ​ជើង​កាត់​ដាច់​ដូច្នេះ​ដែរ នេះ​គឺ​ព្រះ​បាន​សង​ខ្ញុំ​ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ រួច​គេ​នាំ​លោក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ស្លាប់​នៅ​ទី​នោះ​ទៅ។
8ពួក​កូន​ចៅ​យូដា​ក៏​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ឆួល​ដុត​ទី​ក្រុង​ចោល​ផង 9ក្រោយ​មក​ក៏​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែល​នៅ​ស្រុក​ភ្នំ​ទាបៗ ស្រុក​ត្បូង នឹង​ស្រុក​ទំនាប​ថែម​ទៀត 10រួច​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន​ដែរ (រីឯ​ក្រុង​ហេប្រុន​នោះ កាល​ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា) ហើយ​គេ​ប្រហារ​សំឡាប់​សេសាយ អ័ហ៊ីម៉ាន នឹង​តាលម៉ាយ​បង់។
11រួច​ពី​នោះ​គេ​ក៏​ទៅ​ច្បាំង​នឹង​ពួក​អ្នក​នៅ​ក្រុង​ដេបៀរ​ទៀត (រីឯ​ក្រុង​ដេបៀរ​នេះ ពី​ដើម​បាន​ហៅ​ថា គារយ៉ាត់-សេភើរ) 12ឯ​កាលែប​គាត់​បាន​សន្យា​ថា បើ​អ្នក​ណា​វាយ​យក​ក្រុង​គារយ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ 13ដូច្នេះ​អូធ្នាល​ជា​កូន​កេណាស ដែល​ជា​ប្អូន​កាលែប បាន​ទៅ​វាយ​យក​បាន កាលែប​ក៏​ឲ្យ​នាង​អាកសា​ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ 14កាល​នាង​បាន​ចូល​ទៅ នោះ​ក៏​បបួល​ប្ដី​ឲ្យ​សូម​ដី​ពី​ឪពុក រួច​នាង​លោត​ចុះ​ពី​លើ​លា​ដែល​នាង​ជិះ​មក ដូច្នេះ កាលែប​សួរ​ថា ដូច​ម្តេច​ហ្នឹង 15នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ចំណែក​១​មក​ខ្ញុំ​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ដី​ខាង​ត្បូង​ដល់​ខ្ញុំ​ហើយ ដូច្នេះ សូម​ចែក​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ កាលែប​ក៏​ឲ្យ​អស់​ទាំង​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។
16ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ គេ​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​អើរ៉ាត ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នោះ។
17នោះ​ពួក​យូដា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​វិញ គេ​នាំ​គ្នា​វាយ​សំឡាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ (រីឯ​ទី​ក្រុង​នោះ​ហៅ​ថា ហោម៉ា) 18ពួក​យូដា​ក៏​ចាប់​យក​ក្រុង​កាសា ព្រម​ទាំង​ដែន​ស្រុក នឹង​អាស‌កា‌ឡូន ព្រម​ទាំង​ដែន​ស្រុក ហើយ​នឹង​អេក្រុន ព្រម​ទាំង​ដែន​ស្រុក​ដែរ 19ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​យូដា បាន​ជា​គេ​ឈ្នះ​ស្រុក​ភ្នំ​បាន តែ​គេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​អ្នក​ដែល​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ពី​ព្រោះ​ពួក​នោះ​មាន​សុទ្ធ​តែ​រទេះ​ដែក 20គេ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ដល់​កាលែប ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក នោះ​គាត់​បណ្តេញ​ពួក​កូន​អ័ណាក់​ទាំង​៣​នាក់​ចេញ 21រីឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ សាសន៍​នោះ​បាន​នៅ​ជា​មួយ​នឹង​កូន​ចៅ​បេន‌យ៉ាមីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
22ឯ​ពួក​វង្ស​យ៉ូសែប គេ​ឡើង​ទៅ​ទាស់​នឹង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​គេ 23គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល​នោះ (រីឯ​ទី​ក្រុង​នោះ ពី​ដើម​ហៅ​ថា លូស) 24ពួក​ឈ្លប​នោះ​គេ​បាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក ហើយ​ក៏​សួរ​ថា សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង នោះ​យើង​នឹង​អាណិត​មេត្តា​ដល់​អ្នក 25អ្នក​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សំឡាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គាត់​ឲ្យ​ទៅ​វិញ 26អ្នក​នោះ​ក៏​ទៅ​សង់​ទី​ក្រុង​១​នៅ​ត្រង់​ស្រុក​សាសន៍​ហេត រួច​ដាក់​ឈ្មោះ​ថា ក្រុង​លូស ឈ្មោះ​នោះ​ក៏​នៅ​ជាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
27ឯ​ពួក​ម៉ាន៉ាសេ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន នឹង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ត្អាណាក នឹង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ដោរ នឹង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​យីបលាម នឹង​តំបន់​នៅ​ជុំវិញ ឬ​ពួក​ក្រុង​មេគី‌ដោ នឹង​តំបន់​នៅ​ជុំវិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ 28តែ​លុះ​កាល​សាសន៍​អ៊ីស្រាអែល​បាន​មាន​កំឡាំង​ឡើង នោះ​គេ​ក៏​ចាប់​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​បំរើ​គេ ឥត​បាន​បណ្តេញ​ទាំង​អស់​ទេ។
29ឯ​ពួក​អេប្រា‌អិម គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​កេស៊ើរ​ដែរ គឺ​ពួក​កាណាន​នោះ​បាន​នៅ​កេស៊ើរ ជា​កណ្តាល​ពួក​គេ​វិញ។
30ឯ​ពួក​សាប់‌យូល៉ូន គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​ជា​កណ្តាល​ពួក​គេ ហើយ​ក៏​ទទួល​ព្រម​ធ្វើ​ការ​បំរើ​គេ។
31ឯ​ពួក​អេស៊ើរ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ 32គឺ​ពួក​អេស៊ើរ​នៅ​ជា​កណ្តាល​សាសន៍​កាណាន​ដែល​នៅ​ស្រុក​នោះ​វិញ ពី​ព្រោះ​គេ​មិន​បាន​បណ្តេញ​សាសន៍​នោះ​ចេញ​ទេ។
33ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន​ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស នឹង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។
34ឯ​ពួក​កូន​ចៅ​ដាន់ នោះ​ពួក​សាសន៍​អាម៉ូរី​បាន​បង្ខំ​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ភ្នំ មិន​ព្រម​ឲ្យ​គេ​ចុះ​មក​នៅ​វាល​ច្រក​ភ្នំ​ឡើយ 35ឯ​ពួក​សាសន៍​អាម៉ូរី​នោះ បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន នឹង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ដៃ​ពួក​វង្ស​យ៉ូសែប​បាន​ឈ្នះ នោះ​ក៏​បង្ក្រាប​គេ​ឲ្យ​ទទួល​ព្រម​ធ្វើ​ការ​បំរើ​វិញ 36ឯ​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី នោះ​ចាប់​តាំង​ពី​ច្រក​ភ្នំ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​អាក្រា‌ប៊ីម គឺ​ពី​ថ្មដា​ឡើង​ទៅ​លើ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in