ហូសេ 4
4
1ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ 2មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា 3ហេតុនោះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វនៅដី នឹងសត្វហើរលើអាកាសផង អើ ទាំងត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ 4ប៉ុន្តែមិនត្រូវឲ្យអ្នកណាតតាំង ឬស្តីបន្ទោសអ្នកណាឡើយ ដ្បិតជនជាតិឯងប្រៀបដូចជាមនុស្សដែលតតាំងនឹងសង្ឃ 5ហេតុនោះ ឯងនឹងត្រូវចំពប់ទាំងថ្ងៃ ហើយហោរានឹងចំពប់ជាមួយនឹងឯង នៅពេលយប់ដែរ អញនឹងបំផ្លាញទាំងម្តាយឯងផង។
6រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា 7វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណា នោះក៏បានធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្ដីអាម៉ាស់ខ្មាសវិញ 8គេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាស្ត្រអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នា 9នៅគ្រានោះ បណ្តាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយអញនឹងធ្វើទោសគេ ដោយព្រោះអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង 10នោះគេនឹងស៊ីតែមិនបានឆ្អែតទេ ក៏នឹងប្រព្រឹត្តសេចក្ដីកំផិត តែឥតបានចំរើនគ្នាដែរ គឺដោយព្រោះគេបានលែងប្រយ័តចំពោះព្រះយេហូវ៉ាទៅ។
11ឯការកំផិត ស្រាទំពាំងបាយជូរ នឹងទឹកទំពាំងបាយជូរថ្មី នោះរមែងដកយោបល់ចេញ 12រាស្ត្រអញគេសូមសេចក្ដីប្រឹក្សាចំពោះដុំឈើ គឺជាឈើផ្សងរបស់គេដែលឲ្យគេយល់វិញ ដ្បិតនិស្ស័យនៃការកំផិតបានឲ្យគេប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិត ដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ 13គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើភ្នំតូច នៅក្រោមដើមម៉ៃសាក់ ដើមរលួស នឹងដើមពោធិ៍ទាំងអស់ដែរ ពីព្រោះដើមទាំងនោះមានម្លប់ល្អ គឺហេតុនោះបានជាកូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ 14អញនឹងមិនធ្វើទោសដល់កូនស្រីរបស់ឯង ក្នុងកាលដែលប្រព្រឹត្តកន្លងបវេណី ឬដល់ប្រពន្ធថ្មោងថ្មី ក្នុងកាលដែលប្រព្រឹត្តកំផិតនោះទេ ដ្បិតពួកប្រុសៗក៏ដកខ្លួនទៅដោយឡែក ជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិត ដូច្នេះ ជនទាំងឡាយដែលឥតមានយោបល់នេះ គេនឹងត្រូវវិនាសបង់។
15ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ» នោះដែរ 16ដ្បិតអ៊ីស្រាអែលបានប្រព្រឹត្តដោយរឹងចចេស ដូចជាគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាទ្រង់ត្រូវឃ្វាលគេ ដូចជាកូនចៀម នៅទីវាលធំទូលាយឬអី 17ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ 18គ្រឿងផឹករបស់គេបានទៅជាជួរហើយ គេប្រព្រឹត្តសេចក្ដីកំផិតជានិច្ច ឯពួកគ្រប់គ្រងលើគេក៏គាប់ចិត្តចំពោះតែអំពើគួរខ្មាស 19ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្ដីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។
Currently Selected:
ហូសេ 4: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.