ហាបាគុក 1
1
1នេះជាសេចក្ដីទំនាយទាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។
2ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ 3ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្តដូច្នេះ ដ្បិតមានសុទ្ធតែការបំផ្លាញ នឹងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្ដីឈ្លោះប្រកែក នឹងការទាស់ទែងគ្នាកើតឡើង 4ហេតុដូច្នេះ បញ្ញត្តច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត បានជាសេចក្ដីយុត្តិធម៌ចេញមកខូចហើយ។
5ចូរពិចារណាមើល ក្នុងសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ អញកំពុងតែធ្វើការ១ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ 6ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន 7គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ នឹងយសសក្តិរបស់គេ នោះមកតែពីខ្លួនគេទេ 8ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី 9គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ 10អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ 11រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកំឡាំងរបស់ខ្លួនទុកជាព្រះ។
12ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានដំរូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល 13ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ 14គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ 15គេស្ទូចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ 16ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានធំឡើង ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ 17ដូច្នេះតើគេនឹងចេះតែចាក់ចេញពីអួន ហើយសំឡាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ។
Currently Selected:
ហាបាគុក 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.