YouVersion Logo
Search Icon

អែសរ៉ា 10

10
1កាល​អែសរ៉ា​កំពុង​តែ​អធិស្ឋាន ហើយ​លន់‌តួ​ដោយ​យំ ហើយ​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នោះ នោះ​មាន​ពួក​អ៊ីស្រាអែល​យ៉ាង​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី នឹង​ក្មេងៗ​ប្រជុំ​គ្នា​មក​ឯ​លោក ពី​ព្រោះ​ពួក​បណ្តាជន​ក៏​យំ​ជា​ខ្លាំង​ដែរ 2នោះ​សេកានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ គាត់​និយាយ​ទៅ​អែសរ៉ា​ថា យើង​រាល់​គ្នា​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ ដោយ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ពួក​ស្រី​នៅ​ស្រុក​នេះ ប៉ុន្តែ នៅ​មាន​ទី​សង្ឃឹម​ដល់​ពួក​អ៊ីស្រាអែល ពី​ដំណើរ​នេះ​ដែរ 3ដូច្នេះ សូម​ឲ្យ​យើង​រាល់​គ្នា​ចុះ​សញ្ញា​នឹង​ព្រះ​នៃ​យើង​ឥឡូវ ឲ្យ​លែង​អស់​ទាំង​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​នាង​ទាំង​នោះ តាម​ឱវាទ​នៃ​លោក​ម្ចាស់​ខ្ញុំ នឹង​ពួក​អ្នក​ដែល​ញាប់‌ញ័រ​ចំពោះ​ក្រិត្យ‌ក្រម​របស់​ព្រះ​នៃ​យើង​ខ្ញុំ សូម​ឲ្យ​ការ​នោះ​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ 4សូម​លោក​ក្រោក​ឡើង ពី​ព្រោះ​ការ​នេះ​ស្រេច​នៅ​លោក ហើយ​យើង​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​លោក​ដែរ សូម​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​សំរេច​ការ​ទៅ។
5ដូច្នេះ អែសរ៉ា​ក៏​ក្រោក​ឡើង ឲ្យ​អស់​ទាំង​មេ​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ស្បថ​នឹង​ធ្វើ​តាម​ពាក្យ​នោះ គេ​ក៏​ស្បថ 6រួច​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូហា‌ណាន ជា​កូន​របស់​អេលី‌យ៉ាស៊ីប​ទៅ តែ​កាល​លោក​បាន​ចូល​ទៅ​ហើយ លោក​មិន​បាន​បរិភោគ​អាហារ​អ្វី​ឡើយ ដ្បិត​លោក​មាន​សេចក្ដី​សៅ‌សោក ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ 7ដូច្នេះ គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ដល់​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម​គ្រប់​គ្នា 8ហើយ បើ​អ្នក​ណា​មិន​មក​ក្នុង​កំណត់​៣​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ចាស់‌ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​អស់​រលីង​ទៅ ហើយ​ខ្លួន​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​របស់​ពួក​អ្នក ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ​ផង។
9ដូច្នេះ ពួក​យូដា នឹង​បេន‌យ៉ាមីន ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ក្នុង​កំណត់​៣​ថ្ងៃ​នោះ គឺ​ត្រូវ​ជា​ថ្ងៃ​២០ ខែ​មិគសិរ ឯ​មនុស្ស​ទាំង​នោះ​គេ​អង្គុយ​ត្រង់​ទី‌ធ្លា នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ញ័រដោយ​ព្រោះ​ដំណើរ​នោះ ហើយ​ដោយ​ព្រោះ​ភ្លៀង​ធំ​ផង 10នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រាអែល 11ដូច្នេះ ចូរ​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ឥឡូវ​ទៅ ហើយ​ប្រព្រឹត្ត​តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ ត្រូវ​ឲ្យ​ញែក​ខ្លួន​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ ហើយ​ពី​ស្រី​សាសន៍​ដទៃ​ចេញ 12ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​តប​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម ដូច​ជា​លោក​មាន​ប្រសាសន៍​ហើយ 13ប៉ុន្តែបណ្តាជន​នេះ​មាន​គ្នា​ច្រើន​ណាស់ ហើយ​នេះ​ជា​រដូវ​ភ្លៀង​ច្រើន​ផង យើង​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​ពុំ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​ដែល​សំរេច​បាន​ក្នុង​១​ថ្ងៃ ឬ​២​ថ្ងៃ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​សន្ធឹក ក្នុង​ដំណើរ​នេះ​ហើយ 14ដូច្នេះ សូម​ឲ្យ​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ពួក​យើង​ខ្ញុំ​បាន​ឈរ​ដំណាង​ពួក​ជំនុំ​ទាំង​អស់ រួច​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់‌ទុំ​ក្នុង​ទី​ក្រុង​និមួយៗ នឹង​ពួក​ចៅ‌ក្រម​មក​ជា​មួយ​ផង ដរាប​ដល់​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ​ទៅ 15មាន​តែ​យ៉ូណា‌ថាន ជា​កូន​អេសា‌អែល ហើយ​នឹង​យ៉ា‌ហាស‌យ៉ា ជា​កូន​ធីកវ៉ា ដែល​តាំង​ខ្លួន​ទាស់​នឹង​ដំណើរ​នោះ ហើយ​មាន​មស៊ូឡាម នឹង​សាប‌ថាយ ជា​ពួក​លេវី បាន​ជួយ​ខាង​២​នាក់​នោះ​ដែរ។
16ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក៏​ធ្វើ​ដូច្នោះ គេ​រើស​អែសរ៉ា​ដ៏​ជា​សង្ឃ នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ហើយ​តាម​គ្រួ​ឪពុក​គេ តាម​ឈ្មោះ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នោះ នៅ​ថ្ងៃ​១ខែ​បុស្ស 17លុះ​ដល់​ថ្ងៃ​១ខែ​ចេត្រ នោះ​ក៏​បាន​សំរេច​ដល់​ពួក​អ្នក​ទាំង​អស់ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​នោះ។
18រីឯ​ក្នុង​បណ្តា​កូន​ចៅ​ពួក​សង្ឃ នោះ​ឃើញ​មាន​ខ្លះ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​ដែរ គឺ​ក្នុង​ពួក​កូន​ចៅ​យេសួរ ជា​កូន​យ៉ូសា‌ដាក នឹង​បង​ប្អូន​លោក មាន​ម្អាសេយ៉ា អេលា‌ស៊ើរ យ៉ារីប នឹង​កេដាលា 19អ្នក​ទាំង​នោះ​ក៏​សន្យា​យ៉ាង​មុត‌មាំ​នឹង​លែង​ប្រពន្ធ​ចេញ ហើយ​ដោយ​ព្រោះ​មាន​ទោស បាន​ជា​គេ​ថ្វាយ​ចៀម​ឈ្មោល​១​សំរាប់​លោះ​ទោស​ខ្លួន 20ក្នុង​ពួក​កូន​ចៅ​អ៊ីមមើរ នោះ​មាន​ហាណានី នឹង​សេបាឌា 21ក្នុង​ពួក​កូន​ចៅ​ហារីម មាន​ម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ី‌អែល នឹង​អ៊ូស៊ីយ៉ា 22ក្នុង​ពួក​កូន​ចៅ​របស់​ប៉ាស‌ហ៊ើរ នោះ​មាន​អេលី‌យ៉ូ‌ន៉ាយ ម្អាសេយ៉ា អ៊ីស‌ម៉ាអែល នេថា‌នេល យ៉ូសា‌បាឌ នឹង​អេលាសា។
23ខាង​ពួក​លេវី នោះ​មាន​យ៉ូសា‌បាឌ នឹង​ស៊ីម៉ាយ កេឡាយ៉ា (អ្នក​នោះ​គឺ​ជា​កេលីថា) ពេថា‌ហ៊ីយ៉ា យូដា ហើយ​អេលា‌ស៊ើរ។
24ខាង​ពួក​ចំរៀង មាន​អេលី‌យ៉ាស៊ីប ហើយ​ខាង​ពួក​ឆ្មាំ​ទ្វារ មាន​សាលូម ថេលែម នឹង​អ៊ូរី។
25ខាង​ពួក​អ៊ីស្រាអែល គឺ​ក្នុង​ពួក​កូន​ចៅ​ប៉ារ៉ូស នោះ​មាន​រ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ា‌មីម អេលាសារ ម៉ាលគា នឹង​បេណាយ៉ា 26ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​ម៉ាថានា សាការី យេហ៊ី‌អែល អាប់ឌី យេរេ‌ម៉ូត នឹង​អេលីយ៉ា 27ក្នុង​ពួក​កូន​ចៅ​សាធូរ មាន​អេលី‌យ៉ូ‌ន៉ាយ អេលី‌យ៉ាស៊ីប ម៉ាថានា យេរេ‌ម៉ូត សាបាឌ នឹង​អ័ស៊ីសា 28ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​យ៉ូហា‌ណាន ហា‌ណា‌នា សាប់‌បាយ នឹង​អ័ត‌ឡាយ 29ក្នុង​ពួក​កូន​ចៅ​បានី នោះ​មាន​មស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល នឹង​រ៉ាម៉ូត 30ក្នុង​ពួក​កូន​ចៅ​ផាហាត-ម៉ូអាប់ នោះ​មាន​អ័ឌណា កេឡាល បេណាយ៉ា ម្អាសេយ៉ា ម៉ាថានា បេសា‌លាល ប៊ីនុយ នឹង​ម៉ាន៉ាសេ 31ក្នុង​ពួក​កូន​ចៅ​ហារីម នោះ​មាន​អេលា‌ស៊ើរ យីសយ៉ា ម៉ាលគា សេម៉ាយ៉ា ស៊ីម្មាន 32បេន‌យ៉ាមីន ម៉ាលូក នឹង​សេម៉ា‌រីយ៉ា 33ក្នុង​ពួក​កូន​ចៅ​ហាស៊ូម នោះ​មាន​ម៉ាថ្នាយ ម៉ាត់‌ថាត់ថា សាបាឌ អេលី‌ផា‌លេត យេរេ‌ម៉ាយ ម៉ាន៉ាសេ នឹង​ស៊ីម៉ាយ 34ក្នុង​ពួក​កូន​ចៅ​បានី នោះ​មាន​ម្អាដាយ អាំរ៉ាម អ៊ូអែល 35បេណាយ៉ា បេឌីយ៉ា កេលូ‌ហ៊ូវ 36វ៉ានីយ៉ា ម្រេម៉ូត អេលី‌យ៉ា‌ស៊ីប 37ម៉ាថានា ម៉ាថ្នាយ យ្អា‌សាយ 38បានី ប៊ីនុយ ស៊ីម៉ាយ 39សេលេមា ណាថាន់ អ័ដាយ៉ា 40ម៉ាក‌ណាឌ‌បាយ សាសាយ សារ៉ាយ 41អ័សារាល សេលេមា សេម៉ា‌រីយ៉ា 42សាលូម អ័ម៉ារា នឹង​យ៉ូសែប 43ក្នុង​ពួក​កូន​ចៅ​នេបូរ នោះ​មាន​យីអែល ម៉ាធិធា សាបាឌ សេប៊ីណា យ៉ាដាយ យ៉ូអែល នឹង​បេណាយ៉ា 44ឯ​មនុស្ស​ទាំង​នោះ គេ​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ ប្រពន្ធ​គេ​ខ្លះ​ក៏​បាន​បង្កើត​កូន​ហើយ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in